ប្រយ័ត្នមែនទែន! អជ្ញាធរកូរ៉េខាងត្បូងប្រាប់ថា បើទទួលបានសារតាមទូរស័ព្ទ មានតំណរលីងចម្លែក ពិសេសពេលបុណ្យឈូសុកខាងមុខ សូមកុំចុចឱ្យសោះនិងរាយការណ៍ភ្លាម ដោយសារតែ …

កូរ៉េខាងត្បូង៖ ថ្មីៗនេះ នៅកូរ៉េខាងត្បូងមានករណីផ្ញើសារបោកបន្លំ ក្នុងចេតនាចង់បោកប្រាស់មកលើអ្នកប្រើប្រាស់ទូរស័ព្ទ ជារូបភាពផ្សេងៗពាក់ព័ន្ធនឹងការទទួលបានប្រាក់ឧបត្ថម្ភអ្នករងគ្រោះប៉ះពាល់ពីស្ថានការណ៍កូវីដជាដើម នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានវិទ្យាកូរ៉េខាងត្បូង គណៈកម្មការសេវាកម្មហិរញ្ញវត្ថុកូរ៉េខាងត្បូង សមត្ថកិច្ចប៉ូលិសកូរ៉េខាងត្បូង រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធដទៃទៀតរបស់កូរ៉េខាងត្បូងបានណែនាំអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ទៅនឹងសារដែលបានផ្ញើមកមានខ្លឹមសារពាក់ព័ន្ធនឹងការទទួលប្រាក់ឧបត្ថម្ភអ្នកដែលប៉ះពាល់ពីកូវីដ ខណៈដែលឥឡូវនេះរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងរៀបចំចែកជូនប្រាក់ឧបត្ថម្ភនេះជូនដល់ប្រជាជនកូរ៉េ ដែលត្រូវលក្ខន្តិកៈអាចទទួលបាននោះ​ ជាពិសេសគឺអំឡុងពេលបុណ្យឈូសុកកូរ៉េខាងមុខនេះ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ឆ្លើយតបទៅនឹងរូបភាពនៃការបោកបន្លំបែបនេះ បានអំពាវនាវអ្នកប្រើប្រាស់ទូរស័ព្ទកុំចុចលើលីង តំណរ (URLs) ឬលេខទូរស័ព្ទណាមួយនៅលើសារដែលសង្ស័យពាក់ព័ន្ធនឹងព័ត៌មាននៃការទទួលបានប្រាក់ឧបត្ថម្ភអ្នកប៉ះពាល់ពីកូវីដនេះ។ អជ្ញាធរក៏បានណែនាំឱ្យប្រជាជនកូរ៉េ ធ្វើបច្ចុប្បន្នភាព និងពង្រឹងប្រព័ន្ធសុវត្ថិភាពក្នុងទូរស័ព្ទដៃរបស់ខ្លួនផងដែរ ហើយធ្វើការទាញយកកម្មវិធីណាដែលមានប្រភពច្បាស់លាស់ប៉ុណ្ណោះ។

ក្នុងនោះដែរ អជ្ញាធរក៏បានបញ្ជាក់ថា ក្នុងការទទួលបានសារណាពាក់ព័ន្ធចាក់វ៉ាក់សាំង ឬចុះឈ្មោះនានាដែលមានភាពសង្ស័យ សូមអ្នកប្រើប្រាស់កុំធ្វើការផ្តល់នូវព័ត៌មានផ្ទាល់ខ្លួន ដូចជាលេខអត្តសញ្ញាណប័ណ្ណ ឬលេខកាតផ្ទាល់ខ្លួននានាទៀតឱ្យសោះ ចៀសវាង​មានបញ្ហាណាមួយកើតឡើង។

ចំពោះករណីទាំងនេះ រដ្ឋាភិបាលគ្រោងនឹងធ្វើការពង្រឹងលើសុវត្ថិភាពប្រព័ន្ធអ៊ីនធើណែត និងព្យាយាមតាមដានស្វែងរកប្រភពនៃបទល្មើសបច្ចេកវិទ្យាទាំងនេះ ដើម្បីអាចការពារកុំឱ្យមានករណីបោកប្រាស់ទាំងនេះអាចកើតឡើងបានអំឡុងពេលបុណ្យឈូសុកខាងមុខ។ អជ្ញាធរសហការជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទនឹងធ្វើការត្រួតពិនិត្យតាមប្រព័ន្ធទូរស័ព្ទរបស់ខ្លួនចំពោះការផ្ញើសារណាដែលមានភាពសង្ស័យ ហើយក្រុមហ៊ុនទូរស័ព្ទនីមួយៗក៏អាចនឹងផ្ញើសារទៅជូនព័ត៌មានដល់អ្នកប្រើប្រាស់របស់ខ្លួនគ្រប់ៗរូបឱ្យមានការប្រុងប្រយ័ត្នផងដែរ។

ដូចនេះ ប្រសិនបើបងប្អូនណាដែលហាក់សង្ស័យបានទទួលសារដែលមានភាពចម្លែក មិនទុកចិត្ត ឬសង្ស័យថាអាចមានការឆ្លងមេរោគពីការទាញយកកម្មវិធីទូរស័ព្ទណាមួយនោះ សូមធ្វើការទាក់ទងមកកាន់លេខទូរស័ព្ទ ១១៨ ដែលនឹងមានការផ្តល់ប្រឹក្សាជូន ២៤ម៉ោងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *