ព្យុះទីហ្វុង «ចន្ធូ» ក្រោយពីបោកបក់កាត់ប្រទេសចិនរួច នឹងអាចបន្តមកដល់កូរ៉េខាងត្បូងសប្តាហ៍នេះហើយ! អ្នកកោះជេជូ និងតាមឆ្នេរភាគខាងត្បូង ប្រយ័ត្នមែនទែនចំពោះជំនន់ទឹកភ្លៀង

កូរ៉េខាងត្បូង៖ ខ្យល់ព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះ «ចន្ធូ» ជាព្យុះទី១៤ប្រចាំឆ្នាំ២០២១នេះ នឹងបោកបក់មកក្បែរកូរ៉េខាងត្បូង ហើយនាំមកជាមួយនូវភ្លៀងធ្លាក់ជោគជាំ និងខ្យល់ខ្លាំងនៅក្នុងសប្តាហ៍នេះ បើតាមការព្យាករណ៍របស់ឧតុនិយមកូរ៉េខាងត្បូង។

តាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងព្យុះទីហ្វុងនេះនឹងអាចនាំមកភ្លៀងធ្លាក់ខ្លាំងនៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង និងកោះជេជូ បើតាមការបញ្ជាក់របសអជ្ញាធរឧតុនិយមចុងក្រោយនៅថ្ងៃអាទិត្យម្សិលមិញ។

អជ្ញាធរឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា ព្យុះទីហ្វុងនេះត្រឹមម៉ោង៩ព្រឹកថ្ងៃអាទិត្យម្សិលមិញ គឺមានវត្តមាននៅក្បែរភាគអាគ្នេយ៍កោះតៃប៉ិ ហើយកំពុងបន្តធ្វើដំណើរមកកាន់ភាគខាងជើង ល្បឿនប្រមាណ ២១គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះរំពឹងថានឹងអាចមកដល់ដែនទឹកក្បែរកោះជេជូ ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងប្រហែលជាថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍នេះ ក្រោយពីបោកបក់កាត់តំបន់មួយចំនួននៃប្រទេសចិន ដូចជាក្រុងសៀងហៃជាមុនសិន។

ជាមួយនឹងវត្តមានបោកបក់មកដល់ដែនទឹករបស់កូរ៉េខាងត្បូង គេរំពឹងថានឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងត្បូង ដែលនៅទីនោះមានការប៉ះទង្គិចគ្នារវាងខ្យល់ត្រជាក់ស្ងួត ជាមួយខ្យល់ក្តៅដែលបោកបក់មកជាមួយនឹងខ្យល់ព្យុះទីហ្វុងនេះ។ ដូចនេះ កោះជេជូអាចនឹងស្ថិតក្រោមឥទ្ធិពលផ្ទាល់នៃព្យុះនេះនៅថ្ងៃពុធនេះ ហើយអាចនឹងមានភ្លៀងធ្លាក់ដល់កម្ពស់ ៣០០មីលីម៉ែត្រផងដែរ បើតាមអជ្ញាធរកូរ៉េខាងត្បូង។

យ៉ាងណាមិញ អជ្ញាធរបានបញ្ជាក់ដែរថា អ្វីដែលជាព្យាករណ៍បច្ចុប្បន្ននេះអាចនឹងមានការផ្លាស់ប្តូរមួយចំនួន ដោយសារតែព្យុះចន្ធូនេះអាចនឹងផ្លាស់ប្តូរទិសដៅធ្វើដំណើររបស់ខ្លួន ក្រោយពីបោកបក់កាត់ប្រទេសចិន។ ដូចនេះ អជ្ញាធរឧតុនិយមកូរ៉េខាងត្បូងនឹងធ្វើការបញ្ជាក់ជូនព័ត៌មានបន្ថែម នៅថ្ងៃអង្គារខាងមុខ។

សូមបញ្ជាក់ថា ឈ្មោះព្យុះទីហ្វុងនេះ «ចន្ធូ» ជាឈ្មោះផ្កាខ្មែរយើង ដែលអជ្ញាធរគ្រប់គ្រងលើព័ត៌មាននៃព្យុះទីហ្វុងនះ ជាទូទៅគេជ្រើសរើសយកឈ្មោះពីប្រទេសនីមួយៗយកទៅដាក់ឱ្យខ្យល់ព្យុះ។ ព្យុះទីហ្វុង «ចន្ធូ» នេះជាព្យុះធំទី១៤ហើយសម្រាប់ឆ្នាំ២០២១នេះក្នុងតំបន់មហាសមុទ្រប៉ាស៊ូហ្វិក។

ក្នុងនោះដែរ បងប្អូនអាចនឹងធ្លាប់លឺពីប្រភេទព្យុះដូចជាព្យុះទីហ្វុង ព្យុះហឺរីខេន និងព្យុះសីក្លូនជាដើម មែនទែនទៅប្រភេទព្យុះគឺជាព្យុះចេញពីតំបន់ត្រូពិកដូចគ្នា គ្រាន់តែគេសម្គាល់ខុសគ្នាទៅតាមទីតាំងនៃព្យុះ។ ព្យុះត្រូពិកដែលមាននៅសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងឈាងខាងលិច គេហៅថាព្យុះទីហ្វុង ដូចជាព្យុះនៅម្តុំកូរ៉េខាងត្បូងនេះ។ ព្យុះត្រូពិកនៅតំបន់សមុទ្រអាត្លង់ទិក នៅខាងអឺរ៉ុប និងអាម៉េរិក គេហៅថាព្យុះហឺរីខេន រីឯព្យុះត្រូពិកនៅភាគខាងត្បូងសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា គេហៅថាព្យុះសីក្លូន។

Leave a Reply

Your email address will not be published. Required fields are marked *