យា៉ងហោចជនជាតិកូរ៉េ ៨ ក្នុងចំណោម១០នាក់ គ្រោងមិនធ្វើដំណើរទៅស្រុកកំណើត ឬដើរលេងឆ្ងាយទេ ពេលបុណ្យឈូសុកខាងមុខ ដោយសារតែ..

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ជនជាតិកូរ៉េខាងត្បូង ៨នាក់ ក្នុងចំណោម១០នាក់ និយាយថាខ្លួនគ្មានគម្រោងនឹងទៅស្រុកកំណើត​ ឬដើរលេងទៅណានោះទេ អំឡុងពេលបុណ្យឈូសុកខាងមុខនេះ ក្នុងខណៈពេលដែលកូរ៉េខាងត្បូងកំពុងរ៉ាំរ៉ៃដោយសារស្ថានការណ៍កូវីដនៅឡើយ។

បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងពីលទ្ធផលសម្រង់មតិមួយធ្វើឡើងដោយស្ថាប័នស្រាវជ្រាវ Gallup Korea បានឱ្យដឹងថាក្នុងចំណោមជនជាតិកូរ៉េខាងត្បូងពេញវ័យ ១០០១នាក់ ដែលបានធ្វើសម្រង់មតិកាលពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បត្តិ៍នេះ រកឃើញថាមានដល់ទៅ ៧៧% បានឆ្លើយថាពួកគេមិនមានគម្រោងចង់ធ្វើដំណើរទៅណាយូរជាង១យប់នោះទេ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យឈូសុក ដែលមានរយៈពេលអូសបន្លាយដល់ទៅ៥ថ្ងៃជាប់គ្នាឯណោះ។

ក្នុងនោះមានអ្នកធ្វើសម្រង់មតិតែ ១៩% ប៉ុណ្ណោះបានឆ្លើយថាពួកគេគ្រោងនឹងទៅលេងស្រុកកំណើតយូរជាង១យប់ ហើយមានតែមនុស្សប្រមាណ២%ប៉ុណ្ណោះដែលថាខ្លួនគ្រោងនឹងដើរលេងទៅកន្លែងណាផ្សេងទៀត។

កាលពីឆ្នាំ២០២០កន្លងទៅ ការធ្វើសម្រង់មតិស្ទាបស្ទង់មើលអ្នកដែលមានគោលបំណងចង់ធ្វើដំណើរកំសាន្ត ឬទៅលេងស្រុកកំណើតអំឡុងពេលបុណ្យឈូសុកនោះ ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នាដែរ គឺក្រោម៣០% ដែលជាតួលេខទាបបំផុតចាប់តាំងពីមានការស្ទាបស្ទង់នេះតាំងពីឆ្នាំ១៩៨៩មក។

ឆ្នាំនេះក៏ដូចទៅនឹងឆ្នាំ២០២០ដែរ គឺកូរ៉េខាងត្បូងកំពុងបន្តស្ថិតក្នុងស្ថានការណ៍កូវីដមិនទាន់ធូរស្បើយនៅឡើយ ដែលហេតុនេះហើយអាចជាកត្តាជំរុញឱ្យប្រជាជនមិនចង់ធ្វើដំណើរកំសាន្តឆ្ងាយ ដើម្បីអាចកាត់បន្ថយហានិភ័យនៃការចម្លងកូវីដពីអ្នកដទៃមកនោះ។

សូមបញ្ជាក់ថា បើតាមផែនការរដ្ឋាភិបាលកូរ៉េ គេគ្រោងនឹងចាក់វ៉ាក់សាំងកូវីដឱ្យបានដល់មនុស្សយ៉ាងហោចណាស់៣៦លាននាក់ ឱ្យបានមុនពិធីបុណ្យឈូសុកដើម្បីរួមចំណែកក្នុងការទប់ស្កាត់ហានិភ័យឆ្លងកូវីដនេះ។ ក្នុងនោះដែរ អជ្ញាធរសុខាភិបាល និងរដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានចេញអំពាវនាវបន្តបន្ទាប់ស្នើសុំឱ្យប្រជាជនខ្លួនកុំធ្វើដំណើរទៅលេងស្រុកកំណើត និងដើរលេងច្រើនក្នុងអំឡុងបុណ្យឈូសុកនេះដោយសារហានិភ័យនៃជំងឺកូវីដ។

ក្នុងនោះ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏មានរៀបចំនូវប្រព័ន្ធអនឡាញសម្រាប់ឱ្យប្រជាជនអាចចុះឈ្មោះធ្វើការសែនព្រេនជូនដូនតាបានតាមប្រព័ន្ធអនឡាញផងដែរ ធ្វើដូចនេះ ប្រជាជនអាចកាត់បន្ថយការធ្វើដំណើរទៅស្រុកកំណើតបានមួយផ្នែកផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *