កូរ៉េខាងត្បូង៖ ក្រោយពីឯកឧត្តម ឡុង ឌីម៉ង អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ទើបនឹងបញ្ចប់អាណត្តិជាផ្លូវការ និងបានធ្វើមាតុភូមិនិវត្តន៍វិញកាលពីថ្ងៃទី១០ កញ្ញា ២០២១ម្សិលមិញនេះ បងប្អូនខ្មែរយើងនៅកូរ៉េខាងត្បូងដែលគោរពស្រឡាញ់លោកទូតបានបញ្ចេញអារម្មណ៍ និងវាចាគោរពស្រលាញ់ចំពោះលោកទូតក្នុងបេសកកម្មការទូតនៅលើទឹកដីកូរ៉េខាងត្បូង។
ក្នុងចំណោមពាក្យសម្តីអនុស្សាវរីយ៍ល្អៗគួរឱ្យរំភើបដែលបងប្អូនខ្មែរយើងនៅកូរ៉េខាងត្បូង បានសរសេររៀបរាប់ជូនលោកទូត មានបងស្រីឈ្មោះថា Taeyeon Lee បានលើកឡើងថាលោកទូត ឡុង ឌីម៉ង់ ជាម្លប់ដ៏ត្រជាក់ និងជា «ឯកអគ្គរាជទូតប្រចាំសាធារណកូរ៉េដំបូងគេបង្អស់ ដែលឆក់យកបេះដូងនិងក្តីស្រលាញ់ពីបងប្អូនខ្មែរនៅប្រទេសកូរ៉េ រយះពេល 5 ឆ្នាំបងប្អូនខ្មែររាប់មុឺននាក់ទទួលច្រកក្រោមម្លប់ដ៏ត្រជាមួយនេះ សូមអរគុណបងៗដែលស្រលាញ់រាប់អានប្អូន» និងបានជូនពរ «សូមជូនពរបងៗជួបតែសេចក្ដីសុខ ជោគជយ័គ្រប់ភារកិច្ច»។
បងស្រី Sreng Vuchny ខ្មែរយើងនៅកូរ៉េម្នាក់ផ្សេងទៀតបានលើកឡើងថា «ពិតជាមានមោទនភាពខ្លាំងណាស់ដែលបានបម្រើការងារជាមួយមេតាំងពីមកដល់ទឹកដីកូរ៉េរហូតវិលត្រទ្បប់ទៅវិញ។ មេនិងបងស្រីរួមទាំងក្រុមការងារ មេនិងបងស្រីប្រៀបដូចជាឪពុកម្ដាយទីពីរ ជាមេ ជាគ្រូ ជាគ្រួសារ ជាមិត្តដែលតែងតែបង្រៀននែនាំបង្ហាញទិស ភាពរីកចម្រើនរបស់ខ្ញុំក៌មានចំនែកនៃការផ្ដល់ឪកាសការងារផ្សេងៗពីមេ។ ក្ដីសុខរបស់មេនិងបងស្រីក៌មានស្នាមញញឹមខ្ញុំនៃការគោរពស្រលាញ់ដ៌មានន័យ។»
បងប្រុសម្នាក់ទៀត ឈ្មោះ Lim Kola ក៏បានលើកឡើងថាពីដួងចិត្ត ដោយបានលើកឡើងថា លោកទូត ឡុង ឌីម៉ង់ គឺ «លេីសពីឯកអគ្គរាជទូត លោកគឺ ៖ ជាថ្នាក់ដឹកនាំ លោកត្រូវបានតែងតាំងដោយរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីមកតំណាងអោយព្រះរាជាណាចក្រកម្ពុជានៅក្នុងប្រទេសកូរ៉េ ហេីយបានកសាងស្នាដៃធំៗ និងសមិទ្ធិផលជាច្រើនរាប់មិនអស់ជូនដល់មាតុភូមិកម្ពុជាកន្លងមក។ ជាឪពុក លោកគឺជាអាណាព្យាបាលដ៏ល្អដែលពោពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ និងបានមេីលថែ ស្រលាញ់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េប្រៀបដូចជាកូនចៅក្នុងគ្រួសារដូច្នោះដែរ។ ជាបងប្រុស លោកបានមេីលថែការពារ គ្រប់រាល់ ពលករ ពលការនី សិស្ស និស្សិត ស្រ្តីរៀបការ នឹងបងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េ ដោយមិនមានប្រកាន់សាសនា និងនិន្នាការនយោបាយណាមួយឡេីយ។ និងជាគ្រូ លោកបានបង្រៀន និងផ្ដល់ដំបូន្មានល្អៗជាច្រេីន បន្សល់ទុកសម្រាប់បងប្អូននៅកូរ៉េ ហេីយតែងតែណែនាំបងប្អូនខ្មែរអោយប្រព្រឹត្តអំពេីល្អ ខិតខំសន្សំប្រាក់កាស ក្នុងឱកាសបានរស់នៅប្រទេសកូរ៉េ អាចមានលទ្ធភាពនិងដេីមទុក ដេីម្បីកសាងជីវភាពដ៏ល្អសមរម្យនិងមុខរបរផ្សេងៗនៅឯប្រទេសកម្ពុជាយេីង។»
បងប្រុសរូបនេះបានបន្តថា «សម្រាប់ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្ដួលនាថ្ងៃចុងក្រោយដែលបានជូនដំណេីរបងប្រុសត្រលប់ទៅកាន់មាតុភូមិនិវត្តន៍វិញ ព្រោះកន្លងមករយៈពេល៥ឆ្នាំនេះ បងប្រុសនិងបងស្រី បានផ្ដល់នូវក្ដីមេត្តា ក្ដីស្រលាញ់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត សម្រាប់ខ្ញុំ និង គ្រួសាររបស់ខ្ញុំ ប្រៀបដូចជាមនុស្សក្នុងគ្រួសាររបស់បងដែរ។ ទឹកភ្នែករមៀលចុះដោយមិនដឹងខ្លួន ដោយក្ដីគោរព និងស្រលាញ់បងប្រុស និងបងស្រី សម្រាប់ទំហំដែលមិនអាចរៀបរាប់បាន។»
ជាពាក្យឆ្លើយតប លោកទូត បានសរសេរថា «បងបានអានសាររបស់ប្អូនហើយ ក៏បងមិនអាចទប់ទឹកភ្នែករបស់បងបានដែរ…តែវាជាទឹកភ្នែកនៃក្តីស្រឡាញ់របស់បងចំពោះប្អូនប្រុស។ អូនគឺជាប្អូនប្រុសរបស់បង ជាសមាជិកមហាគ្រួសារយើងតែមួយ។ យើងនឹងជួបគ្នានាពេលឆាប់ៗមករួមការងារធ្វើជាមួយគ្នាទៀតដើម្បីជាតិនិងប្រជាជនយើង។ បងនឹកប្អូន »
បងស្រី Han JeongWon បានចែករំលែកលើហ្វេសប៊ុកខ្លួនដែរថា «ឯកឧត្ដម Long Dimanche គាត់ជាវិរៈបុរសមន្ត្រីការទូតដ៏ឆ្នើមម្នាក់ប្រចាំដួងចិត្តបងប្អូនខ្មែរយើងនៅក្នុងសាធារណៈរដ្ឋកូរ៉េ។ ថ្ងៃនេះគាត់បានធ្វេីសមាហរណកម្មត្រឡប់ទៅមាតុភូមិវិញហេីយ។ រយ:ពេល៥ឆ្នាំកន្លងមកគាត់បានបំពេញបេសកកម្មយ៉ាងល្អនិងសកម្មបំផុត ទោះបីជានឿយហត់យ៉ាងណាក៏គាត់មិនដែលរុញរាក្នុងការបំពេញតួរនាទីម្ដងណាឡើយ រួមទាំងក្រុមការងារមន្រ្តីស្ថានទូតទាំងអស់ផងដែរ។ ឯកឧត្ដម Long Dimanche គឺជាមន្ត្រីការទូតម្នាក់ដ៏ឆ្នេីមបំផុត ហេីយគួរឲ្យគោរព គួរឲ្យកោតសរសើរខ្លាំងបំផុត ហើយគាត់ជាមន្ត្រីការទូតម្នាក់ដែលមានសមត្ថភាព គឺគាត់តែងតែជួយសម្រួលការងារតូចធំគ្រប់រាល់ការងារទាំងអស់នៅក្នុងប្រទេសកូរ៉េ។ នាងខ្ញុំក៏សូមថ្លែងអំណរអរគុណចំពោះទឹកចិត្តបងប្រុសកន្លងមក ដែលបងប្រុសតែងតែជួយពន្យល់ណែនាំនិងដាស់តឿនស្មារតីនិងការជំរុញលើកទឹកចិត្ត នៅរាល់ដំបូន្នានយ៉ាងកក់ក្តៅផងដែរ។ នាងខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមសិរីមង្គល វិបុលសុខ មហាប្រសេីរជូនចំពោះបងឯកឧត្ដមព្រមទាំងគ្រួសារបងប្រុសទាំងអស់ សូមឲ្យមានសុខភាពល្អបរិបូរណ៍ មានកម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដេីម្បីរួមចំណែកក្នុងអភិវឌ្ឍមាតុភូមិកម្ពុជាយើងឲ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជានិរន្តរ៍។ »
ចំណែកបងប្រុសអតីតទីប្រឹក្សាការងារនៅកូរ៉េខាងត្បូង ក៏បានសរសររៀបរាប់ថា ក្រោមការដឹកនាំរបស់លោកទូត ឡុង ឌីម៉ង់ គឺមានបទពិសោធន៍អស្ចារ្យល្អៗ ហើយលោកទូតតែងតែចែករំលែកការណែនាំ ដំបូន្មានល្អៗ ជម្រុញទឹកចិត្ត និងឱ្យតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ និងរាប់អានគ្រប់ៗគ្នាដូចទៅនឹងក្រុមគ្រួសាររបស់លោកផងដែរ។ បងប្រុសអតីតទីប្រឹក្សាការងារ បានបញ្ជាក់ផងដែរថា បើទោះបីជាអាណត្តិបេសកកម្មរបស់លោកទូតបិទបញ្ចប់ក៏ពិតមែន តែកេរ្តិ៍ឈ្មោះសុសសាយនៅលើទឹកដីកូរ៉េ នឹងនៅតែបន្តដក់ក្នុងក្រអៅបេះដូងរបស់បងប្អូនខ្មែរយើងនៅកូរ៉េគ្រប់ៗរូប។
សូមបញ្ជាក់ថា ក្រោយពីឯកឧត្តមទូត ឡុង ឌីម៉ង់បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសកូរ៉េខាងត្បូងហើយនោះ លោកជំទាវទូតថ្មី ជ្រឹង បុទុមរង្សី ថ្ងៃសៅរ៍នេះក៏បានអញ្ជើញមកដល់ទឹកដីកូរ៉េខាងត្បូង ដើម្បីចាប់ផ្តើមទំព័រថ្មីនៃបេសកកម្មការទូតនៅទីនេះផងដែរ។