ត្រៀមឱ្យហើយ អ្នកនៅកូរ៉េ! សប្តាហ៍ក្រោយនេះ ព្យុះទីហ្វុងទី១៤ ឈ្មោះ «ចន្ធូ» អាចនឹងបោកបក់មកដល់ក្បែរកូរ៉េខាងត្បូងហើយ នឹងមានភ្លៀងធ្លាក់ខ្លាំង តែឥទ្ធិពលយ៉ាងណា មិនទាន់ព្យាករណ៍ដឹងទេ

កូរ៉េខាងត្បូង៖ ព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះ «ចន្ធូ» នឹងបោកបក់មកក្បែរកូរ៉េខាងត្បូង ហើយនាំមកជាមួយនូវភ្លៀងធ្លាក់ជោគជាំ និងខ្យល់ខ្លាំងនៅសប្តាហ៍ក្រោយនេះហើយ បើតាមការព្យាករណ៍របស់ឧតុនិយមកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន KBS News រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះថា ខ្យល់ព្យុះទីហ្វុងខ្លាំលំដាប់កម្រិតទី៥ កំពុងតែបោះពួយមកពីដែនទឹកក្បែរប្រទេសហ្វីលីពីន ល្បឿនដល់ ២២គីឡូមែ៉ត្រក្នុងមួយម៉ោង មកទិសខាងលិច។ ព្យុះទីហ្វុងនេះបច្ចុប្បន្នមានល្បឿនដល់អតិបរមា ៥៣ម៉ែត្រក្នុងមួយវិនាទី​ឯណោះ។

បើតាមការព្យាករណ៍ ព្យុះនេះនឹងមកដល់ក្បែរឆ្នេរភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ក្រោយពីបក់បោកកាត់ផុតពីកោះតៃវ៉ាន់នៅយប់ថ្ងៃសៅរ៍សប្តាហ៍នេះ។ ដូចនេះ បើតាមការប៉ាន់ស្មាន នៅសប្តាហ៍ក្រោយប្រហែលថ្ងៃអង្គារ ឬថ្ងៃពុធ កូរ៉េខាងត្បូងអាចនឹងរងឥទ្ធិពលមានភ្លៀងធ្លាក់ខ្លាំងជោគជាំ ខណៈដែលឥទ្ធិពលជាក់ស្តែងឱ្យបានច្បាស់លាស់ជាងនេះ ទាល់តែប៉ុន្មានថ្ងៃខាងមុខនៅពេលដែលវាធ្វើដំណើរមកដល់ក្បែរកោះតៃវ៉ាន់សិន ទើបអជ្ញាធរឧតុនិយមកូរ៉អាចកំណត់បានច្បាស់។

សូមបញ្ជាក់ថា ឈ្មោះព្យុះទីហ្វុងនេះ «ចន្ធូ» ជាឈ្មោះផ្កាខ្មែរយើង ដែលអជ្ញាធរគ្រប់គ្រងលើព័ត៌មាននៃព្យុះទីហ្វុងនះ ជាទូទៅគេជ្រើសរើសយកឈ្មោះពីប្រទេសនីមួយៗយកទៅដាក់ឱ្យខ្យល់ព្យុះ។ ព្យុះទីហ្វុង «ចន្ធូ» នេះជាព្យុះធំទី១៤ហើយសម្រាប់ឆ្នាំ២០២១នេះក្នុងតំបន់មហាសមុទ្រប៉ាស៊ូហ្វិក។

ក្នុងនោះដែរ បងប្អូនអាចនឹងធ្លាប់លឺពីប្រភេទព្យុះដូចជាព្យុះទីហ្វុង ព្យុះហឺរីខេន និងព្យុះសីក្លូនជាដើម មែនទែនទៅប្រភេទព្យុះគឺជាព្យុះចេញពីតំបន់ត្រូពិកដូចគ្នា គ្រាន់តែគេសម្គាល់ខុសគ្នាទៅតាមទីតាំងនៃព្យុះ។ ព្យុះត្រូពិកដែលមាននៅសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងឈាងខាងលិច គេហៅថាព្យុះទីហ្វុង ដូចជាព្យុះនៅម្តុំកូរ៉េខាងត្បូងនេះ។ ព្យុះត្រូពិកនៅតំបន់សមុទ្រអាត្លង់ទិក នៅខាងអឺរ៉ុប និងអាម៉េរិក គេហៅថាព្យុះហឺរីខេន រីឯព្យុះត្រូពិកនៅភាគខាងត្បូងសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រឥណ្ឌា គេហៅថាព្យុះសីក្លូន។

Leave a Reply

Your email address will not be published. Required fields are marked *