នៅកូរេ៉ខាងត្បូង បើកសាលាឱ្យសិស្សមករៀនផ្ទាល់វិញភ្លាម ករណីសិស្សពាក់ព័ន្ធកូវីដ កើនភ្លាមដល់ទៅជាង៥ដង!! ម្តាយឪពុកបារម្ភសុវត្ថិភាពកូន តែក្រសួងអប់រំកូរ៉េថាដាច់ខាត ត្រូវតែមករៀនផ្ទាល់ដោយសារ ..

កូរ៉េខាងត្បូង៖ ក្រោយពីថ្នាក់រៀនតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យបើកឱ្យសិស្សមករៀនផ្ទាល់ក្នុងថ្នាក់រៀនវិញ មិនទាន់បានប៉ុន្មានផងគេឃើញមានករណីកើនឡើងគំហុកនៃការឆ្លងជាចង្កោមក្នុងចំណោមសិស្ស បង្កជាក្តីបារម្ភខ្លាំងចំពោះសិស្ស និងឪពុកម្តាយសិស្សសឹងគ្រប់ៗគ្នាពីហានិភ័យនៃកូវីដ-១៩។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា បន្ទាប់ពីមានករណីឆ្លងកូវីដជាបន្តបន្ទាប់ក្នុងចំណោមសាលារៀនដែលទើបនឹងដំណើរការបានប៉ុន្មានថ្ងៃ ទទួលសិស្សមករៀនផ្ទាល់ក្នុងថ្នាក់វិញនោះ ពេលនេះមានឪពុកម្តាយសិស្សមួយចំនួនបានស្នើឱ្យមានការរៀនតាមប្រព័ន្ធអនឡាញជាថ្មីវិញ។ តែចំពោះអជ្ញាធរអប់រំវិញ បាននិយាយថាការអប់រំផ្ទាល់ក្នុងថ្នាក់រៀនឡើងវិញ គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងចាំបាច់ត្រូវតែធ្វើ ដើម្បីឆ្លើយតបនឹងបញ្ហាសង្គមនានា ដែលបានកើតឡើងក្នុងអំឡុងពេលកូវីដដែលនៅតែបន្តអូសបន្លាយបែបនេះ។

បើតាមក្រសួងអប់រំកូរ៉េ នៅថ្ងៃព្រហស្បត្តិ៍នេះ ចំនួនករណីឆ្លងកូវីដក្នុងចំណោមសិស្សពីថ្នាក់មត្តេយ្យ ដល់ថ្នាក់វិទ្យាល័យក្នុងរយៈពេលចន្លោះពីថ្ងៃទី២កញ្ញា ដល់ថ្ងៃទី៨កញ្ញានេះ មានជាមធ្យមដល់ទៅ ១៧៧.៤នាក់ក្នុងមួយថ្ងៃ។ តួលេខនេះមានការកើនឡើង បើធៀបទៅនឹងពាក់កណ្តាលខែសីហាកន្លងទៅ។

បើគិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ តាមរយៈការចូលរួមផ្ទាល់ក្នុងថ្នាក់រៀនមក មានសិស្សបឋមសិក្សាដល់ទៅ ៨,១៥០នាក់ សិស្សអនុវិទ្យាល័យដល់ទៅ ៥,២០៤នាក់ និងសិស្សវិទ្យាល័យដល់ទៅ ៧,២៥២នាក់ហើយ ដែលស្ថិតកំពុងធ្វើចត្តាឡីស័កដោយសារពាក់ព័ន្ធជាមួយសិស្សដទៃទៀតដែលមានវិជ្ជមានកូវីដ។ តួលេខនេះកើនឡើងខ្លាំងសឹងតែ៤.៥ ទៅ៤.៩ដង ធៀបនឹងតួលេខកាលពីថ្ងៃទី ៩ សីហា កន្លងមក។ ហេតុនេះហើយ ឪពុកម្តាយកាន់តែច្រើនឡើងបារម្ភពីកូនៗរបស់ខ្លួន និងហានិភ័យដែលពួកគេអាចជួបប្រទះពីការចូលរៀនផ្ទាល់ក្នុងថ្នាក់វិញនេះ។

ម្តាយមួយរូបនៅហ្គូរី ខេត្តឃ្យ៉ុងគីដូបានលើកឡើងថា ខ្លួនចង់ឱ្យរដ្ឋាភិបាលត្រឡប់មកឱ្យរៀនតាមប្រព័ន្ធអនឡាញវិញ ដោយខ្លួនគិតថាគ្មានអ្វីដែលសំខាន់ជាងសុវត្ថិភាពរបស់កូនៗខ្លួន រួចផុតពីកូវីដនោះទេ។ គាត់បានបញ្ជាក់ទៀតថា កូនសិស្សក្មេងៗថ្នាក់តូចៗសឹងទាំងអស់ សុទ្ធតែមិនទាន់បានចាក់វ៉ាក់សាំងកូវីដហើយ ដូចនេះពួកគេមានមានហានិភ័យប្រឈមខ្ពស់ណាស់។ ប្រសិនបើមានអ្នកឆ្លងកូវីដភ្លាម និងបន្តផ្ទុះឆ្លងរាលដាលគ្នាខ្លាំងក្នុងចំណោមកុមារតូចៗទាំងនោះ។

ម្តាយមួយរូបទៀតនៅសេអ៊ូលបានចោទសំណួរទៅលើការលើកឡើងរបស់អជ្ញាធរថា ការឱ្យកុមារមករៀនផ្ទាល់ក្នុងថ្នាក់រៀន គឺមានសុវត្ថិភាពជាងឱ្យពួកគេនៅទីណាផ្សេងទៀត តែជាក់ស្តែងគឺមិនចឹងនោះទេ។ គាត់បាននិយាយថា ពេលក្មេងៗចូលទៅរៀននៅសាលា ពួកគេមិនងាយនឹងអនុវត្តតាមវិធានការគម្លាតសង្គមឡើយ បើទោះគ្រូព្យាយាមណែនាំយ៉ាងណាក៏ដោយ។ ក្នុងនោះដែរ ក្មេងៗក៏នឹងមិនងាយពាក់ម៉ាស់ជាប់រហូតនោះដែរ។

យ៉ាងណាមិញ បើទោះជាមានការបារម្ភបែបនេះមែន តែក្រសួងអប់រំកូរ៉េនៅតែប្រកាន់គោលជំហរថាកុមារ និងកូនសិស្សត្រូវការរៀនផ្ទាល់ក្នុងថ្នាក់ ដើម្បីការវិវត្តផ្នែកអប់រំ និងចំណេះដឹងរបស់ពួកគេ បើទោះបីជានៅតំបន់ដែលស្ថានការណ៍គំលាតសង្គមតឹងតែងខ្លាំងក៏ដោយ។

ក្នុងនោះដែរ ក៏មានការស្នើលើកឡើងជាបន្តបន្ទាប់ពីកម្មវិធីចាក់វ៉ាក់សាំងកូវីដជូនដល់កុមារផងដែរ ហើយអជ្ញាធរសុខាភិបាលបានលើកឡើងកាលពីចុងខែមុនថា គម្រោងផែនការចាក់វ៉ាក់សាំងនៅត្រីមាសទី៤ខាងមុខ នឹងមានបញ្ចូលទាំងកុមារអាយុ១២ ដល់១៧ឆ្នាំផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *