ចែករំលែក! បន្តពីឯកឧត្តមទូត ឡុង​ ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា​ថ្មីប្រចាំកូរ៉េខាងត្បូង គឺលោកជំទាវ ជ្រឹង បុទុមរង្សី! តោះមកស្គាល់ថាលោកជំទាវទូតខ្មែរយើងថ្មី បទពិសោធន៍ការងារយ៉ាងណាខ្លះ?

កូរ៉េខាងត្បូង៖ ក្រោយពីឯកឧត្តមឯកអគ្គរាជទូត ឡុង​ ឌីម៉ង់ បានបញ្ចប់អាណត្តិបេសកកម្មការទូតជាផ្លូវការនៅលើទឹកដីកូរ៉េខាងត្បូងហើយនោះ ឥស្សរជនដែលនឹងបន្តមុខតំណែងដ៏ថ្លៃថ្លាជាតំណាងជាតិ ប្រជាជនកម្ពុជានៅលើទឹកដីកូរ៉េខាងត្បូងថ្មីនោះ គឺលោកជំទាវ ជ្រឹង បុទុមរង្សី នេះបើតាមការចែករំលែកឱ្យដឹងផ្ទាល់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ។

ក្នុងទំព័រហ្វេសប៊ុករបស់លោកជំទាវ ជ្រឹង បុទុមរង្សី បានសរសេរថា “ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំអរព្រះគុណ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រោសព្រះរាជទាននូវមុខងារជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដល់ខ្ញុំម្ចាស់។”

ក្នុងតំណែងដ៏ថ្លៃថ្លាថ្មីនេះ លោកជំទាវឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់នូវសេចក្តីទុកចិត្តដល់ខ្លួន ក្នុងការចេញទៅបំពេញបេសកកម្មដើម្បីបម្រើដល់ផលប្រយោជន៍ជូនជាតិ និងមាតុភូមិ និងបានថ្លែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងដំបូន្មានដល់មន្រ្តីគ្រប់ជាន់ថ្នាក់ ជាពិសេសបានផ្តល់ភាពជឿទុកចិត្ត និងឱកាសឱ្យលោកជំទាវបានបំពេញតួនាទីជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដើម្បីអាចទទួលបាននូវបទពិសោធន៍ និងការរីកចម្រើនបន្ថែមក្នុងតួនាទីថ្មីនេះ។

លោកជំទាវ បានថ្លែងថាខ្លួននឹងខិតខំបំពេញកាតព្វកិច្ច និងកិច្ចការងារក្នុងតួនាទីជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឱ្យអស់ពីសមត្ថភាព និងសមស្របតាមការផ្តល់ទំនុកចិត្តរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា មុននឹងទទួលបានងារជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនេះ លោកជំទាវ ជ្រឹង បុទុមរង្សី គឺជារដ្ឋលេខាធិការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ខាងក្រោមនេះជាជីវប្រវត្តិខ្លីៗ ពីបទពិសោធន៍ការងារ និងការសិក្សារបស់លោកជំទាវ ជ្រឹង បុទុមរង្សី ដែលមានចុះផ្សាយក្នុងគេហទំព័រក្រសួងការបរទេសកម្ពុជា៖

លោកជំទាវ ជ្រឹង បុទុមរង្សី កើតនៅថ្ងៃទី ០២ ធ្នូ ឆ្នាំ១៩៨៣ នៅខេត្តកំពង់ធំ។

កាលពីឆ្នាំ២០០១ លោកជំទាវបានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ពីវិទ្យាល័យ Sir Joseph Banks High School នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ លោកជំទាវមានសញ្ញាបត្របរិញ្ញាបត្រផ្នែកធុរកិច្ច (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ Western Sydney ប្រទេសអូស្រ្តាលី និងទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចអន្តរជាតិនៅសាកលវិទ្យាល័យ Westminster ទីក្រុងឡុនដុន ចក្រភពអង់គ្លេស នៅឆ្នាំ២០០៨។

ក្នុងប្រវត្តិបទពិសាធន៍ការងារវិញ លោកជំទាវធ្លាប់ជាទីប្រឹក្សារបស់កម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍ កាលពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧។ ចាប់ពីឆ្នាំ២០០៩ ដល់២០១១ លោកជំទាវ បំពេញការងារជាប្រធានផ្នែកទីផ្សារ និងអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន UNIEBIZ Co.,Ltd Cambodia។ នៅឆ្នាំ២០១២ ដល់២០១៣ លោកជំទាវ ជាអ្នកគ្រប់គ្រងកណ្តាលនៃ FTMS Global Academy (Cambodia)។

ចាប់ពីឆ្នាំ២០១៣ ដល់២០១៩ លោកជំទាវបំពេញតួនាទីក្នុងវិស័យសាធារណៈ ជាអនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយពីខែឧសភា ២០១៩ ដល់ថ្ងៃទី១៨ ធ្នូ ២០២០ លោកជំទាវ បំពេញតួនាទីជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយចាប់ពីថ្ងៃទី១៨ ធ្នូ២០២០ ដល់មុនទទួលបានងារជាឯកអគ្គរាជទូត លោកជំទាវជារដ្ឋលេខាធិការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 

 

Leave a Reply

Your email address will not be published.