ច្បាស់ហើយ! បន្តិចទៀតនេះ គម្លាតសង្គមថ្មីនៅកូរ៉េខាងត្បូង «នៅជាមួយនឹងកូរ៉ូណា» នឹងឱ្យប្រជាជនសម្របខ្លួនជាមួយកូវីដ និងបន្ថយគម្លាតសង្គម តែដាច់ខាត មិនលុបចោលវិធានការ ១ នេះឡើយ ..

កូរ៉េខាងត្បូង៖ វិធានការសង្គមឆ្លើយតបនឹងស្ថានការណ៍កូវីដ-១៩នៅកូរ៉េខាងត្បូង ថ្មីដែលអជ្ញាធរបានប្រកាសឱ្យដឹង​ និងមានឈ្មោះថា «នៅជាមួយនឹងកូរ៉ូណា» នោះ គឺមិនមែនមានន័យថានឹងលើកចោលនូវវិធានការគម្លាតសង្គមកំពុងអនុវត្តបច្ចុប្បន្នទាំងស្រុងនោះទេ បើតាមការប្រកាសបញ្ជាក់ឱ្យដឹងពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃពុធម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានចេញមកបញ្ជាក់ជាថ្មីម្តងទៀតថា ស្ថានការណ៍ថ្មី «នៅជាមួយនឹងកូរ៉ូណា» គឺមានន័យថានឹងនៅតែ «បន្តការពាក់ម៉ាស់» ដដែល។

តាមការបញ្ជាក់បានឱ្យដឹង ក្រោមប្រព័ន្ធឆ្លើយតបនឹងស្ថានការណ៍កូវីដថ្មីនេះ ថ្វីត្បិតតែមានការផ្លាស់ប្តូរមួយចំនួនលើប្រព័ន្ធគ្រប់គ្រ់ងមេរោគក៏ពិតមែន តែរឿងមួយក្នុងចំណោមចំណុចសំខាន់ៗបំផុតដែលត្រូវតែនៅរក្សាទុកដដែលនោះគឺ ការតម្រូវឱ្យពាក់ម៉ាស់ដដែលនៅតាមទីសាធារណៈ ហើយនៅតែបន្តជាកាតព្វកិច្ចដែលប្រជាជនគ្រប់រូបត្រូវអនុវត្តដដែល នេះបើតាមការលើកឡើងរបស់មន្ត្រីនៃវិមានប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ។

សូមបញ្ជាក់ថាកាលពីដើមសប្តាហ៍នេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងជាសាធារណៈថាប្រទេសកូរ៉េខាងត្បូងនៅពេលខាងមុខ ក្នុងពេលដែលការផ្ទុះកូវីដបច្ចុប្បន្នថមថយជាងមុននេះ នឹងអាចធ្វើការវិលត្រឡប់មកកាន់ជីវភាពសង្គមតាមបែបធម្មតាពីមុនវិញ ខណៈដែលនៅតែបន្តការទប់ស្កាត់ការចម្លងកូវីដ-១៩ ស្របជាមួយនឹងការបន្តកម្មវិធីចាក់វ៉ាក់សាំងកូវីដឱ្យបានកាន់តែទូលំទូលាយ។

ក្នុងនោះដែរ ប្រធាននៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងបានលើកឡើងកាលពីពេលកន្លងទៅថ្មីៗនេះ ទៅកាន់សមាជិកសភាកូរ៉េខាងត្បូងថា ប្រទេសនេះនឹងអាចពិចារណាអនុវត្តយុទ្ធសាស្ត្រថ្មី «នៅជាមួយនឹងកូរ៉ូណា» ត្រឹមចុងខែតុលាខាងមុខនេះ ប្រសិនបើមនុស្សវ័យចំណាស់ដល់៩០% និងមនុស្សពេញវ័យធម្មតាដល់ ៨០% បានចាក់វ៉ាក់សាំងរួចរាល់នៅពេលនោះ។

យុទ្ធសាស្ត្រថ្មី «នៅជាមួយនឹងកូរ៉ូណា» នេះដែលបង្កឱ្យមានការលើកឡើងជាបន្តបន្ទាប់ពីកាផ្លាស់ប្តូរ និងការបន្ធូរបន្ថយគម្លាតសង្គមដែលនឹងអាចកើតមាន ដើម្បីជំរុញឱ្យជីវភាពប្រជាជនក្នុងសង្គមកូរ៉េខាងត្បូង ត្រឡប់មកស្ថានភាពប្រក្រតីមុនកូវីដវិញ។

ក្នុងស្ថានការណ៍ថ្មីនេះដែរ មានន័យថាជំងឺកូវីដ-១៩ នឹងត្រូវចាត់ទុកប្រដូចទៅនឹងមេរោគផ្តាសាយធម្មតាវិញ ហើយអ្វីដែលអជ្ញាធរត្រៀមទប់ស្កាត់កូវីដនោះ គឺមិនមែនជាការទប់ស្កាត់ការចម្លងកូវីដតាមការអនុវត្តគម្លាតសង្គមតឹងតែងដូចមុនទៀតនោះទេ តែរដ្ឋាភិបាលកូរ់េនឹងផ្តោតលើការព្យាបាលអ្នកជំងឺកូវីដ និងបន្ធូរបន្ថយយ៉ាងណាកុំឱ្យមានអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់ពីកូវីដ។

គេអាចធ្វើបែបនេះបាន មែនទែនទៅដោយសារតែគេរំពឹងថាអត្រាអ្នកចាក់វ៉ាក់សាំងនឹងបានពេញលេញនាពេលខាងមុខ ដូចនេះបើទោះមនុស្សឆ្លងកូវីដ ក៏មិនមានជាបញ្ហាឈឺធ្ងន់នោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *