កូរ៉េខាងត្បូង៖ ផ្ទុះករណីសង្ស័យមួយថាមានសាស្រ្តាចារ្យម្នាក់បង្រៀននៅសាកលវិទ្យាល័យសិល្បៈហុងគីក (홍익대학교 미술대학) បានបៀតបៀនកេរ្តិ៍ខ្មាសលើសិស្សខ្លួនជាច្រើនលើកច្រើនសារ រហូតដល់ធ្លាប់ហៅសិស្សឱ្យដេកជាមួយខ្លួនដើម្បីបានពិន្ទុល្អ ជោគជ័យក្នុងថ្នាក់ទៀតផង។
ជាមួយនឹងករណីសង្ស័យបែបនេះ សិស្សជាច្រើននៅក្នុងសាកលវិទ្យាល័យមួយនេះបានស្នើដល់គណៈគ្រប់គ្រងសាលារៀបចំបណ្តេញសាស្រ្តាចារ្យដែលជាប់ពាក់ព័ន្ធសង្ស័យខាងលើចោល និងព្រមទាំងស្នើឱ្យរៀបចំនីតិវិធីដើម្បីប្តឹង និងចាត់ការតាមផ្លូវច្បាប់ផងដែរ។
បើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News បានឱ្យដឹងថានៅនឹងទីតាំងសាកលវិទ្យាល័យហុកគីក មានក្រុមសិស្សសាលា និងក្រុងសង្គមស៊ីវិលជាច្រើននាំគ្នាចេញមកឈរតវ៉ា កាន់ស្លាកផ្សេងៗទាមទារឱ្យបណ្តេញសាស្រ្តាចារ្យសង្ស័យខាងលើនេះចោលតែម្តង។ ការចោទប្រកាន់ទាំងអស់គឺ ពាក់ព័ន្ធនឹងករណីដែលសាស្រ្តាចារ្យរូបនេះបានប្រព្រឹត្តអំពើបៀនបៀនកេរ្តិ៍ខ្មាស់នៅក្នុងឋានៈខ្លួនជាសាស្រ្តាចារ្យនៅក្នុងសាកលវិទ្យាល័យ ទៅលើសិស្សៗជាជនរងគ្រោះមិនក្រោម១០នាក់នោះទេ តាំងពីឆ្នាំ២០១៩មកដល់បច្ចុប្បន្ននេះ។
បើតាមការផ្សព្វផ្សាយបែកធ្លាយពីការចោទប្រកាន់បានឱ្យដឹងថា សាស្រ្តាចារ្យធ្លាប់និយាយជាមួយសិស្សថា ជាថ្នូរនឹងការទទួលបានលទ្ធផលប្រសើរក្នុងថ្នាក់ ទាល់តែសិស្សក្នុងថ្នាក់របស់គាត់ព្រមដេកជាមួយគាត់ ហើយសាស្រ្តាចារ្យសង្ស័យនេះថែមទាំងប្រាប់សិស្សខ្លួនឱ្យរៀបចំថ្ងៃណាដែលចង់ ហើយខល ឬទាក់ទងមកគាត់តាមទូរស័ព្ទផងដែរ។ លើសពីនោះទៀត បើមានការព្រមព្រៀងហើយ ឬយ៉ាងណានោះ សាស្រ្តាចារ្យនេះថែមទាំងកំណត់កាលវិភាគជាក់លាក់ជួបគ្នាតាមកម្មវិធីប្រតិទិនក្នុងទូរស័ព្ទជាមួយសិស្សទៀត។
លើសពីនោះទៀត សាស្រ្តាចារ្យធ្លាប់និយាយប្រាប់បែបបញ្ចុះបញ្ចូលទៅកាន់សិស្សរបស់ខ្លួនក្នុងជំនាញសិល្បៈនេះថា គាត់ធ្លាប់មានប្រវត្តិធ្វើបែបនេះជាមួយនឹងបុគ្គលសិល្បៈម្នាក់ពីមុនមក ហើយហេតុផលនេះហើយដែលនាំឱ្យបុគ្គលសិល្បៈនោះអាចមានឱកាសក្នុងវិស័យសិល្បៈដល់បច្ចុប្បន្ននេះ។ ប្រសិនបើសិស្សដែលរងគ្រោះពីការទាមទាររបស់គាត់មិនព្រម ហើយបង្កជារឿងឱ្យបែកធ្លាយធំនោះ គាត់គម្រាមដែរថានឹងធ្វើឱ្យជនរងគ្រោះមិនអាចឈានជើងចូលវិស័យសិល្បៈបាននោះឡើយ។
ក្នុងការចោទប្រកាន់ទៅលើបុគ្គលសាស្រ្តាចារ្យសង្ស័យនេះដែរ កន្លងមកទោះបីជាការងារតាមគម្រោងផ្សេងៗ គាត់មិនដែលផ្តល់ប្រាក់ខែសមរម្យឱ្យទៅបុគ្គលិករបស់គាត់ ហើយបរិយាកាសការងារធ្វើការជាមួយគាត់គឺមានលក្ខណៈបង្ខិតបង្ខំផងដែរ។
ចំពោះករណីនេះ មន្ត្រីនៃសាកលវិទ្យាល័យដែលផ្ទុះករណីនេះបានលើកឡើងថា នឹងចាប់ផ្តើមនីតិវិធីផ្លូវការនានាដើម្បីពិនិត្យទៅលើករណីនេះ ដើម្បីស្វែងរកការពិត។