ដោយករណីកូវីដ-១៩ នៅតែកើនឡើង!! ប្រព័ន្ធគម្លាតសង្គមថ្មីមាន ៣ កម្រិត នឹងត្រូវរដ្ឋាភិបាលកូរ៉េដាក់ឱ្យប្រើប្រាស់ចាប់ពីពេលឥឡូវនេះទៅ

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េចា​ប់ផ្តើមអនុវត្តប្រព័ន្ធរឹតបន្តឹងគម្លាតសង្គមថ្មី ដែលមានចំនួន ៣ កម្រិត ស្របពេលដែលករណីឆ្លងកូវីដ-១៩ ថ្មី ហាក់នៅតែមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

យោងតាមការដាក់ចេញប្រព័ន្ធរឹតបន្តឹងថ្មីនេះ វិធានការគម្លាតសង្គមមាន ៣ កម្រិត គឺកម្រិតទី១ ទី២ និងទី៣។ អជ្ញាធរសុខាភិបាលនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឹ (KCDC) បញ្ជាក់ថាប្រព័ន្ធថ្មីដែលមាន ៣ កម្រិតនេះ គឺមានវិធានការ និងកម្រិតដូចជា កម្រិតទី១ ជាកម្រិតដែលចំនួនឆ្លងនៃមេរោគកូវីដ-១៩ នៅអាចគ្រប់គ្រងបានដោយប្រព័ន្ធ និងធនធានរបស់វិស័យសុខាភិបាល ដែលជាកម្រិតកំពុងអនុវត្តបច្ចុប្បន្ន។ កម្រិតទី២ គឺនៅពេលដែលការឆ្លងប្រចាំថ្ងៃកើនឡើងលើសពី ៥០ ករណី ដល់ ១០០ ករណី ក្នុងរយៈពេល ១៤ថ្ងៃជាប់ៗគ្នា។ រីឯកម្រិតទី៣ គឺនៅពេលដែលករណីឆ្លងប្រចាំថ្ងៃកើនលើសដល់ ១០០ ករណី។

សម្រាប់កម្រិតទី១ ដែលស្រាលជាងគេ រដ្ឋាភិបាលអនុញ្ញាតឱ្យមានការជួបជុំសាធារណៈ ការចូលរួមទស្សនាផ្ទាល់កម្មវិធីប្រកួតកីឡាផ្សេងៗ ដោយមានវិធានការអនាម័យត្រឹមត្រូវ។ ជាក់ស្តែង ចាប់ពីសប្តាហ៍ក្រោយទៅ កម្មវិធីប្រកួតកីឡាផ្សេងៗ នឹងចាប់ផ្តើមបើកលក់សំបុត្រសម្រាប់ទស្សនិកជន ត្រឹម ៣០% សិន ហើយកើនបន្តិចម្តងៗ។ កម្រិតទី២វិញ គឺកម្រិតចំនួនជួបជុំនៅក្នុងទីតាំងបិទជិត មិនឱ្យលើសពី​ ៥០ នាក់ រីឯកម្រិតជួបជុំនៅទីតាំងខាងក្រៅ មិនឱ្យលើសពី ១០០ នាក់។ រីឯកម្រិតទី៣ ចុងក្រោយវិញ ហាមឃាត់មិនឱ្យមានការជួបជុំលើសពីមនុស្ស ១០នាក់ ហើយសិស្ស និងនិស្សិតទូទៅមិនអនុញ្ញាតឱ្យទៅសាលារៀននោះទេ។

គេសង្កេតឃើញថា ចាប់តាំងពីប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមបន្ធូរបន្ថយវិធានការគម្លាតសង្គមមួយចំនួនធំ តាំងពីថ្ងៃទី ៦ ឧសភាមក ចំនួនឆ្លងជាចង្កោមក្នុងសហគមន៍ ហាក់មានការកើនឡើងច្រើនករណី ជាពិសេសក្នុងតំបន់ប្រជុំជនទីក្រុងធំៗ ដូចជាទីក្រុងសេអ៊ូល និងប៊ូសានជាដើម។ ក្នុងនោះដែរ ករណីនាំចូលកូវីដ-១៩ ក៏ហាក់មានការកើនផងដែរ។

ត្រឹមថ្ងៃអាទិត្យនេះ ករណីឆ្លងថ្មីមានដល់ ៦០ ករណី កើនពីថ្ងៃសៅរ៍ដែលមាន ៥១ ករណី ហើយករណីសរុបមានដល់ ១២,៧១៥ ករណីហើយ ដែលក្នុងនោះករណីព្យាបាលជារួចរាល់ចំនួន ១១​,៣៦៤ ករណី ហើយស្លាប់ចំនួន ២៨២ ករណី។ ក្នុងនោះដែរ គិតត្រឹមថ្ងៃអាទិត្យដដែល ចំនួននៃការធ្វើតេស្តមានដល់ ១.២ លានដងទៅហើយ។

Leave a Reply

Your email address will not be published. Required fields are marked *