ប្រមុខការទូតកម្ពុជា ថ្លែងប្រាប់សហគមន៍ខ្មែរនៅកូរ៉េ៖ ផលប្រយោជន៍ពលរដ្ឋខ្មែរក្រៅប្រទេស ជាកាតព្វកិច្ចអាទិភាពនិងគោលនយោបាយការបរទេសរាជរដ្ឋាភិបាលកម្ពុជា

កូរេ៉ខាងត្បូង៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង បានឆ្លៀតអញ្ជើញធ្វើទស្សនកិច្ចនៅស្ថានឯកអគ្គរាជទូតកម្ពុជា និងជួបសំណេះសំណាលសាកសួរសុខទុក្ខសហគមន៍ខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េក្នុងបរិយាកាសរីករាយស្និទ្ធស្នាល។

ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ឆុង អើយយ៉ុង (Chung Eui-yong) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនៃទស្សនកិច្ចនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានឆ្លៀតផ្តល់ឱកាសនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និង សហគមន៍ខ្មែរនៅប្រទេសកូរ៉េ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ការការពារផលប្រយោជន៍ប្រទេសជាតិ ជាពិសេសការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាកាតាព្វកិច្ចសំខាន់អាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាគោលនយោបាយការបរទេសរបស់កម្ពុជា”

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏នឹងជួបពិភាក្សាផ្លូវការជាមួយឯកឧត្តម ឆុង អើយយ៉ុង អំពីបញ្ហានានានៃកិច្ចសហប្រតិបត្តិការទ្វេភាគីរួមមាន នយោបាយ និងការពារជាតិ ការអភិវឌ្ឍ សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងត្រូវបានលើកយកមកពិភាក្សាសំដៅពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដែលល្អស្រាប់រវាងប្រទេសទាំងពីរ។ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាផ្លាស់ប្តូរយោបល់គ្នាផងដែរ។

ជាមួយគ្នានេះ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម ឆុង អើយយ៉ុង នឹងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ ដោយផ្ទាល់។ ដោយឡែក រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គផ្សេងទៀតរួមមានឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ នឹងធ្វើការពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ យន្តការដែលបានកំណត់នៅក្នុងផែនការសកម្មភាព (២០២១-២០២៥) ការចូលរួមចំណែករបស់វិស័យឯកជន និងទិសដៅនាពេលអនាគតនៃយន្តការនេះ។

រដ្ឋមន្ត្រីការបរទេសមេគង្គ- សាធារណរដ្ឋកូរ៉េ ក៏នឹងចែករំលែកនូវទស្សនៈនានា ពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់ និងសកល រួមមានការប្តេជ្ញារួមក្នុងការដោះស្រាយវិបត្តិគំរាមកំហែងសុខភាពសាធារណៈជាសកល ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *