មិនខានទេ! ប្រមុខការទូតកម្ពុជាយើង អញ្ជើញទស្សនកិច្ចផ្លូវការកូរ៉េខាងត្បូង ឆ្លៀតពេលបានជួបសំណេះសំណាលនឹងបងប្អូនសហគមន៍ខ្មែរយើងនៅកូរ៉េ ដោយរីករាយ

កូរ៉េខាងត្បូង៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េរយៈពេល ៣ថ្ងៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ មិនខាននោះទេ ឆ្លៀតពេលបានជួបជាមួយនឹងសហគមន៍ខ្មែរយើងនៅលើទឹកដីកូរ៉េខាងត្បូង ដោយក្តីរីករាយ។

តាមរយៈការបង្ហោះចែករំលែកពីទំព័រហ្វេសប៊ុកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រមុខការទូតកម្ពុជា និងតាមរយៈទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាផងនោះ បានឱ្យដឹង នៅរសៀលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងអំឡុងពេលបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េរយៈពេល ៣ថ្ងៃ​ តបតាមការអញ្ជើញរបស់ឯកឧត្តម ឆុង អើយយ៉ុង រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ បានឆ្លៀតអញ្ជើញទស្សនៈកិច្ចនៅស្ថានឯកអគ្គរាជទូតកម្ពុជា និងជួបសំណេះសំណាលសាកសួរសុខទុក្ខសហគមន៍ខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសកូរ៉េ។

ក្នុងឱកាស ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថាពិតជាមាន «សេចក្តីសោមនស្សរីករាយក្រៃលែងនៅពេលបានសន្ទនាដោយផ្ទាល់ជាមួយបងប្អូនកូនក្មួយប្រជាពលរដ្ឋយើងដែលរស់នៅប្រកបការងារ និងរៀនសូត្រនៅទីនេះ»។ គេឃើញមានការចូលរួមជួបសំណេះសំណាលពីសំណាក់បងប្អូនខ្មែរយើងដែលជាសិស្ស និស្សិតកំពុងសិក្សានៅប្រទេសកូរ៉េ ព្រមទាំងបងប្អូនខ្មែរយើងជាពលករធ្វើការ និងស្នាក់នៅកូរ៉េជាច្រើនបានចូលរួមតាមប្រព័ន្ធវីដេអូ ជួបសំណេះសំណាលដោយក្តីរីករាយជាមួយនឹងឯកឧត្តម ប្រាក់ សុខុន។

ក្នុងនោះដែរ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក៏បានលើកឡើងថាក្នុងឱកាសដ៏ល្អនេះ ក្រុមការងារទាំងអស់ពិតជាមានសេចក្ដីសោមនស្សរីករាយ និង​មានកិត្តិយសណាស់ ដែលបានជួប និងទទួលអនុសាសន៍ណែនាំដោយផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញដល់ទឹកដីកូរ៉េខាងត្បូងដោយផ្ទាល់នេះ។

ជាពិសេសចុងក្រោយដែរនោះ ឯកឧត្តម ប្រាក់ សុខុន បានចែករំលែកថា ឯកឧត្តមក្នុងអំឡុងទស្សនកិច្ចនោះ ត្រូវបានក្រុមការងារធ្វើការបង្ហាញពីត្រីចក្រយានយន្តមួយប្រភេទ ដែលផលិតនៅកម្ពុជា ដោយក្រុមហ៊ុនរបស់កូរ៉េ។ ត្រីចក្រយានយន្តដែលនៅខ្មែរយើង ពេញនិយមហៅថាតុកតុក ម៉ូដែលនេះ ត្រូវបានឯកឧត្តម ប្រាក់ សុខុនលើកឡើងថា «មើលទៅមាំហើយ មានសោភ័ណភាពទៀត»។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងគណៈប្រតិភូកម្ពុជាអញ្ជើញមកដល់កូរ៉េខាងត្បូងតាំងពីថ្ងៃទីថ្ងៃចន្ទនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១។

Leave a Reply

Your email address will not be published. Required fields are marked *