កូរ៉េខាងត្បូង៖ ករណីអ្នកចាក់វា៉ក់សាំងកូវីដរួចរាល់នៅកូរ៉េខាងត្បូង តែនៅរកឃើញថាឆ្លងជំងឺកូវីដ-១៩នោះ មកដល់ពេលនេះកើនដល់ជិត៤០០០នាក់ បើតាមការបញ្ជាក់របស់មន្ត្រីអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ ចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានឱ្យដឹងថា មកដល់ពេលនេះក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងនៅកូរ៉េខាងត្បូងចំនួនជាង៩.៧៥លាននាក់ គេរកឃើញថាមានដល់ទៅ ៣,៨៥៥នាក់ហើយដែលនៅតែឆ្លងវិជ្ជមានកូវីដ-១៩។
តួលេខនេះដែរ ក៏បានបង្ហាញថាអត្រាឆ្លងភាគច្រើនគឺកើតឡើងក្នុងចំណោមមនុស្សដែលមានអាយុជាង៣០ឆ្នាំខ្ពស់ជាងគេ ខណៈដែលអត្រានៃចំនួនអ្នកឆ្លងកូវីដក្នុងចំណោមអ្នកចាក់វ៉ាក់សាំងរួច ជាមនុស្សវ័យចំណាស់ហាក់ថយចុះទៅវិញ។ តាមចំនួននៃប្រភេទវ៉ាក់សាំងដែលបានចាក់វិញ គេឃើញថាអ្នកដែលចាក់វ៉ាក់សាំងកូវីដរួចហើយ នៅតែឆ្លងកូវីដនោះ មានអត្រាច្រើនជាងគេ គឺវ៉ាក់សាំងរបស់ Johnson & Johnson ដែលមានដល់ទៅ ០.១៣១% ខណៈវ៉ាក់សាំង AstraZeneca មានដល់ទៅ ០.០៤២% រីឯវ៉ាក់សាំងកូវីដរបស់ Pfizer មានត្រឹម ០.០២៣%។
តែចំពោះតួលេខនេះ ថ្វីត្បិតតែបន្តកើនឡើងរហូតមែន អជ្ញាធរសុខាភិបាលមិនភ្ញាក់ផ្អើលនោះទេ ដោយសារតែគេរំពឹងថានៅពេលដែលមានអ្នកបានចាក់វ៉ាក់សាំងរួចរាល់កាន់តែច្រើន នោះតួលេខអ្នកដែលឆ្លងកូវីដក្នុងចំណោមអ្នកចាក់វ៉ាក់សាំងរួចរាល់ក៏នឹងកើនឡើងកាន់តែច្រើនដែរ ដោយសារការចាក់វ៉ាក់សាំងកូវីដ អាចការពារពីការចម្លងបានមែន តែមិនបានទាំងស្រុងនោះទេ។ តួលេខនេះ បើគិតជាអត្រាធៀបទៅនឹងអ្នកដែលបានចាក់វ៉ាក់សាំងរួចនោះ គឺមានចំនួនទាបមែនទែន ត្រឹមតែ ០.០៤% ប៉ុណ្ណោះ បើតាមការលើកឡើងរបស់អជ្ញាធរសុខាភិបាលកូរ៉េ ដូចនេះអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងកូវីដនៅតែមានលើសលប់ លើសទៅនឹងផលប៉ះពាល់ និងហានិភ័យតិចតួចដែលអាចកើតមានឡើង។
ជាមួយនឹងការកើនឡើងនៃករណីឆ្លងកូវីដលើអ្នកបានចាក់វ៉ាក់សាំងរួចរាល់ កូរ៉េខាងត្បូងក៏បានបន្តរកឃើញវត្តមានកូវីដបម្លែងខ្លួនថ្មី ប្រភេទ ដែលតា កើនឡើងច្រើនផងដែរគឺសឹងដល់ក្បែរ ២០,០០០ករណីហើយ គឺមានវត្តមានលើសពីកូវីដបម្លែងខ្លួនថ្មី ដទៃៗទៀត។
បើតាមតួលេខរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ចំនួនករណីកូវីដដែលជាមេរោគបម្លែងខ្លួនថ្មី មានដល់ទៅ ២៣,៣៨៨ករណីហើយ ក្នុងនោះកូវីដបម្លែងខ្លួនថ្មី ដែលតា ដែលមានប្រភពពីឥណ្ឌា មានច្រើនជាងគេដល់ទៅ ១៩,៩៥១ករណីហើយ។ តួលេខកើនឡើងខ្លាំងនៃកូវីដបម្លែងខ្លួនដែលតានេះ ជាបញ្ហាប្រឈមសម្រាប់ដល់អជ្ញាធរក្នុងការហាមឃាត់ការបន្តឆ្លងកូវីដផងដែរ។
ជាមួយនឹងការបន្តកើនឡើងកូវីដបម្លែងខ្លួនថ្មី ដែលមួយចំនួនធំមានវត្តមានពីក្រៅប្រទេសនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានដាក់ចេញវិធានការហាមឃាត់ការធ្វើដំណើរចូលមកីពប្រទេសឥណ្ឌា ដែលអ្នកមកពីប្រទេសនេះត្រូវអនុវត្តវិធានការចត្តាឡីស័កតឹងតែងជាងប្រទេសដទៃ ដោយសារតែហានិភ័យខ្ពស់នៃការនាំយកមេរោគកូវីដបម្លែងខ្លួនថ្មីមកកូរ៉េខាងត្បូង។