នៅកូរ៉េខាងត្បូងថ្មីៗ កូវីដផ្ទុះកាន់តែច្រើនក្នុងចំណោមជនបរទេស តំបន់ខ្លះអ្នកសឹងលើសពាក់កណ្តាល! អជ្ញាធរតាមមូលដ្ឋានអំពាវនាវបរទេសទៅចាក់វ៉ាក់សាំងឱ្យច្រើន ជាពិសេសអ្នកខុសច្បាប់ ..

កូរ៉េខាងត្បូង៖ អជ្ញាធរតាមមូលដ្ឋានខេត្តក្រុងនានានៅកូរ៉េខាងត្បូង ចាប់ផ្តើមបង្កើនការជំរុញចាក់វ៉ាក់សាំងជូនដល់ជនបរទេសនៅតាមមូលដ្ឋានខ្លួនកាន់តែច្រើនឡើងៗ ខណៈដែលថ្មីៗនេះតួលេខកូវីដនៅកូរ៉េខាងត្បូងបង្ហាញថាអ្នកឆ្លងថ្មីភាគច្រើនជាជនបរទេស នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

រយៈពេលចុងក្រោយនេះ បើតាមទិន្នន័យអ្នកឆ្លងកូវីដ-១៩នៅកូរ៉េខាងត្បូង ចេញផ្សាយដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងបានឱ្យដឹងថា ចន្លោះពីថ្ងៃទី២៩សីហា ដល់ថ្ងៃទី៤កញ្ញា២០២១នេះ មានដល់ទៅ១៥.២%នៃចំនួនករណីកូវីដដែលបានឆ្លងថ្មីនៅកូរ៉េខាងត្បូង គឺជាជនបរទេស។ ហើយបើតាមតំបន់ និងមូលដ្ឋានខេត្តក្រុងខ្លះនៅកូរ៉េ ចំនួនឆ្លងកូវីដក្នុងចំណោមជនបរទេស មានដល់ទៅលើសជាងពាក់កណ្តាលក៏មានដែរ ដោយសារតែនៅមូលដ្ឋាននោះសំបូរវត្តមានរោងចក្រ និងកន្លែងការងារដែលមានពលករបរទេសធ្វើការនៅច្រើន។

ជាក់ស្តែងដូចជានៅតំបន់ហ្វាសុង មានអ្នកឆ្លងកូវីដជាជនបរទេសដល់ទៅ៥៥% ខណៈនៅអានសាន ខេត្តឃ្យ៉ុងគី មានដល់ទៅ ៥០.៥% នៅតំបន់ណុនសាន ខេត្តឈុងណាមឯណោះវិញ អ្នកឆ្លងកូវីដជាបរទេសមានដល់ទៅ ៦៧.៦% ក្នុងរយៈពេលដូចគ្នាខាងលើនោះ។ ចំណែកឯនៅក្រុងសេអ៊ូលវិញ មានករណីឆ្លងកូវីដថ្មីជាជនបរទេសចំនួន ៦.៣% ដែរក្នុងអំឡុងខែកក្កដា តែសម្រាប់ខែសីហាវិញកើនដល់ទៅ ៩.២% វិញ។

តួលេខទាំងនេះបង្ហាញថាទំនោរនៃការឆ្លងរាលដាលកូវីដ-១៩ ក្នុងចំណោមសហគមន៍ជនបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងបង្ហាញការកើនឡើងគួរឱ្យបារម្ភ ហើយអជ្ញាធរសុខាភិបាលលើកឡើងថា ការកើនឡើងនេះ អចាដោយសារតែអត្រាតិចតួចនៃការចាក់វ៉ាក់សាំងជូនជនបរទេសនៅកូរ៉េខាងត្បូង ដែលអាចបណ្តាលមកពីការខ្វះខាតព័ត៌មានពីការចុះកក់ឈ្មោះចាក់វ៉ាក់សាំង ព្រមទាំងបញ្ហាលំបាកនៃការស្នើសុំច្បាប់ពីកន្លែងការងារ ដូចជានៅតាមរោងចក្រតូចៗ ទៅចាក់វ៉ាក់សាំងផងដែរ។

សម្រាប់ពលករបរទេសដែលខុសច្បាប់វិញ អាចនៅតែមានការបារម្ភពីបញ្ហាផ្លូវច្បាប់នានាដែលជំរុញឱ្យពួកគាត់មិនហ៊ានទៅចាក់វ៉ាក់សាំងកូវីដ បើទោះបីជារដ្ឋាភិបាលកូរ៉េសម្រួលមិនឱ្យមានការពាក់ព័ន្ធផ្លូវច្បាប់ណាមួយឡើយសម្រាប់ពលករបរទេសខុសច្បាប់ដែលចង់ចាក់វ៉ាក់សាំងកូវីដនៅកូរ៉េខាងត្បូង។

ឆ្លើយតបទៅនឹងស្ថានការណ៍បែបនេះ អជ្ញាធរសុខាភិបាល និងអជ្ញាធរមូលដ្ឋាននានានៅតាមខេត្តក្រុងមួយចំនួននៅកូរ៉េខាងត្បូងបានដាក់ចេញនូវគំនិតផ្តួចផ្តើមក្នុងការធ្វើយុទ្ធនាការជំរុញ និងផ្សព្វផ្សាយឱ្យជនបរទេសនៅមូលដ្ឋានខ្លួនបានទៅទទួលការចាក់វ៉ាក់សាំងកូវីដឱ្យបានគ្រប់គ្នា ជាពិសេសគឺតាមតំបន់ណាដែលមានការផ្ទុះឆ្លងកូវីដច្រើនក្នុងចំណោមសហគមន៍ជនបរទេស។

សម្រាប់ទីក្រុងសេអ៊ូល អជ្ញាធរក្រុងសេអ៊ូលបានរៀបចំយុទ្ធនាការពិសេសតាមសង្កាត់ធំៗនានា ចែកខិតប័ណ្ណផ្សព្វផ្សាយណែនាំពីវិធានការនៃការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ ជាពិសេសគឺការជូនព័ត៌មានពីនីតិវិធីនៃការចុះឈ្មោះ និងកក់វ៉ាក់សាំងកូវីដជាដើម។ អជ្ញាធរសេអ៊ូលបានជូនព័ត៌មានដែរ ជនបរទេសអាចឆែកមើលព័ត៌មានទាក់ទងនឹងការធ្វើចត្តាឡីស័ក និងការចាក់វ៉ាក់សាំងបានដល់ទៅ១៣ភាសាឯណោះ នៅលើគេហទំព័រផ្លូវការរបស់ Seoul Global Center ឬក៏អាចទូរស័ព្ទទៅផ្ទាល់ក៏បាន។

នៅខេត្តខ្វាងជូឯណោះវិញ អជ្ញាធរតាមសង្កាត់បានរៀបចំយុទ្ធនាការដូចគ្នាដែល ជាពិសេសគឺនៅតាមមូលដ្ឋានដែលមានជនបរទេសរស់នៅច្រើន ហើយសម្រាប់ខេត្តនេះ អជ្ញាធររៀបចំភាសាដល់ទៅ១៥ភាសាឯណោះ សម្រាប់ជូនព័ត៌មានទៅកាន់ជនបរទេសនៅមូលដ្ឋានខ្លួនពីបញ្ហាការចាក់វ៉ាក់សាំងនេះ។

នៅឯក្រុងយ៉ុងគីន ខេត្តឃ្យ៉ុងគីវិញ ក៏បានជំរុញវិធានការគាំទ្របន្ថែមជាពិសេសសម្រាប់គាំពារដល់ជនបរទេស ឬពលករ​បរទេសដែលខុសច្បាប់អាចមកចាក់វ៉ាក់សាំង ដូចជាការរៀបចំវ៉ាក់សាំងពិសេសរបស់ក្រុមហ៊ុន Janssen ដែលត្រូវការតែ១ដូស ដើម្បីចាក់ជូន ហើយដូចនេះ អ្នកខុសច្បាប់មិនចាំបាច់ត្រូវមកចាក់វ៉ាក់សាំងលើកទី២ ដែលមានន័យថាមិនចាំបាច់តម្រូវឱ្យធ្វើការផ្តល់ព័ត៌មានផ្ទាល់ខ្លួននានាដែលពួកគាត់បារម្ភនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *