កូរ៉េខាងត្បូង៖ បុរសជាជនល្មើសក្នុងករណីឃាតកម្មដ៏កក្រើកប្រទេសកូរ៉េខាងត្បូងថ្មីៗនេះករណីដែលជនល្មើសកំណាចបានសម្លាប់ស្រ្តី២នាក់ ព្រមទាំងបានលួចកាត់ឧបករណ៍អេឡិកត្រូនិកតាមដានពាក់នៅនឹងជើងខ្លួនទៀតនោះ ពេលនេះបានធ្វើការសារភាព និងបញ្ជាក់ពីហេតុផលច្បាស់លាស់ហើយ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចប៉ូលិសនៅថ្ងៃអង្គារនេះ។
ជនល្មើសរូបនេះដែលមានឈ្មោះ កាំង យូនសុង (Kang Yoon-seong) វ័យអាយុ៥៦ឆ្នាំនេះ បានបកស្រាយបំភ្លឺប្រាប់ទៅកាន់សមត្ថកិច្ចច្បាស់លាស់ហើយពីហេតុផលដែលខ្លួនប្រព្រឹត្តិអំពើបែបនេះឡើង។ តាមរយៈការឆ្លើយបំភ្លឺរបស់ជនល្មើស គឺខ្លួនធ្វើបែបនេះដោយសារតែហេតុផលរឿងលុយកាក់នោះទេ មិនមានពាក់ព័ន្ធនឹងករណីបទល្មើសបំពានផ្លូវភេទនោះឡើយ បើទោះបីជាខ្លួនកន្លងមកមានប្រវត្តិជាប់ឃុំឃាំងដល់ទៅ១៤ដង ហើយភាគច្រើនសុទ្ធតែពាក់ព័ន្ធបទល្មើសផ្លូវភេទនេះ។
ជនល្មើសបានឆ្លើយបំភ្លឺថា ខ្លួនសម្លាប់ជនរងគ្រោះទាំង២នាក់ ដើម្បី «ដោះស្រាយបញ្ហារឿងលុយកាក់ផ្ទាល់ខ្លួន» តែក៏មានបំណង និងបានរៀបចំផែនការទាំងនេះទុកជាមុនផងដែរ ដោយសារតែខ្លួនបានយកអាវុធដែលប្រើប្រាស់នោះមកជាប់ខ្លួនពេលដែលទៅជួបជនរងគ្រោះទី១ នៅពេលកើតហេតុថ្ងៃទី២៦ សីហានោះ បើតាមការបញ្ជាក់របស់ប៉ូលិសកូរ៉េ។
ជនល្មើសបានឆ្លើយថាខ្លួនសម្លាប់ជនរងគ្រោះទី១ ដោយសារតែស្រ្តីជាជនរងគ្រោះមិនព្រមឱ្យខ្លួនខ្ចីលុយ ហើយក្រោយពីសម្លាប់រួច ជនល្មើសបានលួចយកកាតក្រេឌីតរបស់ជនរងគ្រោះទៅទិញទូរស័ព្ទចំនួន៤គ្រឿង តម្លៃជាង៥.៩៦លានវ៉ុន (ប្រមាណ ៥១៤២ដុល្លារ) ហើយទើបលក់ទូរស័ព្ទនោះវិញយកលុយមកចាយ។
ចំណែកឯស្រ្តីរងគ្រោះទី២វិញ ជនល្មើសបានបញ្ជាក់ខ្លួនសម្លាប់ដោយសារតែស្រ្តីរូបនេះគម្រាមថានឹងរាយការណ៍ប្រាប់ប៉ូលិសបើខ្លួនមិនព្រមលុយវិញទេនោះ។ ចំពោះករណីទាំងពីរនេះ ប៉ូលិសបានបញ្ជាក់ថាជនរងគ្រោះជាស្រ្តីទាំងពីរ មិនត្រូវបានបៀតបៀនផ្លូវភេទពីជនល្មើសនោះទេ។
ក្នុងនោះដែរ មែនទែនទៅតាមការសារភាព ជនល្មើសបម្រុងនឹងធ្វើសកម្មភាពលើស្រ្តីម្នាក់ផ្សេងទៀត តែមិនអាចបញ្ឆោតស្រ្តីទី៣នោះមកជួបខ្លួនបាន តែយ៉ាងណាក៏ដោយសមត្ថកិច្ច និងតុលាការក៏បានបូកបញ្ចូលទោសនៃការប៉ុនប៉ងធ្វើឃាតនេះ ទៅលើទោសកំហុសរបស់ជនល្មើសរូបនេះដែរ។
នៅពេលដែលជនល្មើសត្រូវបាននាំខ្លួនទៅកាន់តុលាការនៅព្រឹកថ្ងៃអង្គារម្សិលមិញ គេឃើញវត្តមានបុរសរូបនេះស្លូតជាងមុន និងបាននិយាយថាខ្លួនសុំអភ័យទោសចំពោះជនរងគ្រោះ និងគ្រួសារ ដោយកាយវិការឱនក្បាល មិនកាចដូចពីពេលចាប់ខ្លួនបានដំបូងនោះទេ។
សូមបញ្ជាក់ថា ករណីនេះត្រូវបានសមត្ថកិច្ចដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដោយជនល្មើសបានចូលខ្លួនមកដល់ប៉ុស្តិប៉ូលិសនៅតំបន់សុងប៉ា សារភាពខ្លួនឯងផ្ទាល់ថាខ្លួនបានសម្លាប់ស្រ្តីអស់២នាក់ ដែលម្នាក់នៅមុនពេលដែលគាត់មិនទាន់បានកាត់ឧបករណ៍តាមដានជាខ្សែជើងអេឡិកត្រូនិកដាក់ជាប់កជើងរបស់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយក្រោយពីសម្លាប់ជនរងគ្រោះដំបូងគេនោះ គាត់បានកាត់ខ្សែជើងអេឡិកត្រូនិកនោះចោល ហើយព្យាយាមរត់គេចខ្លួន។ ក្នុងពេលដែលជនល្មើសរត់គេចខ្លួននោះ បានសម្លាប់ស្រ្តីម្នាក់ផ្សេងទៀត មុននឹងសម្រេចខ្លួនឯងចូលមកសារភាព និងប្រគល់ខ្លួនដល់ប៉ូលិសបែបនេះ។