តាមការសិក្សាមួយ ពីសកលវិទ្យាល័យ Columbia បានរកឃើញថា ជាមធ្យមមនុស្សម្នាក់ ត្រូវសម្រេចចិត្ត មិនក្រោម ៧០ ដងទេក្នុងមួយថ្ងៃ បើទោះជាយើងដឹងខ្លួន ឬមិនដឹងខ្លួនក៏ដោយ។ ចំនួននៃការសម្រេចចិត្ត ប្រចាំថ្ងៃនេះ បាននាំឱ្យកើតបាតុភូតិ មួយដែលគេហៅថា ភាពខ្សោះពីការសម្រេចចិត្ត ជាស្ថានភាពមួយ ដែលខួរក្បាលរបស់យើង អស់កម្លាំង។ ចំណែកការសិក្សាមួយទៀត ពីសកលវិទ្យាល័យ Texas បង្ហាញថា សូម្បីតែខួរក្បាលយើង មិនអស់កម្លាំងក៏ដោយ ក៏វាធ្វើឱ្យយើងលំបាកខ្លាំង ក្នុងការសម្រេចចិត្ត ឱ្យបានល្អដែរ។ នៅពេលសម្រេចចិត្តម្តងៗ ជំនួសឱ្យការសំអាង លើចំណេះដឹង ខួរក្បាលរបស់យើង ច្រើនតែផ្តោតលើអនុស្សារៈ និងបទពិសោធន៍កន្លងមក។ តាមរយៈការសិក្សានិងសាកសួរមនុស្សដែលមានពេលត្រឹមតែ៣ទៅ១២ ដើម្បីរស់នៅ គេបានប្រៀបធៀបវិប្បដិសារៈ និងការសម្រេចចិត្ត ហើយរកឃើញថា នៅក្នុងដំណាក់កាលចុងក្រោយនៃជីវិត មនុស្សភាគច្រើនសោកស្តាយ ចំពោះការសម្រេចចិត្តទាំងនេះ៖
១/ ធ្វើការច្រើនពេលរហូតភ្លេចរឿងសំខាន់
ការខិតខំធ្វើការជាមធ្យោបាយអស្ចារ្យ មួយដើម្បីបង្កើតឥទ្ធិពលវិជ្ជមាន នៅក្នុងពិភពលោកនេះ ដើម្បីរីកចម្រើន និងពេលខ្លះទៀត ដើម្បីស្វែងរកសុភមង្គល។ ប៉ុន្តែការខិតខំធ្វើការខ្លាំង ពេកអាចក្លាយទៅជាបញ្ហាវិញ នៅពេលលោកអ្នកព្រងើយកន្តើយ នឹងមនុស្សដែលជិតស្និទ្ធ ជុំវិញខ្លួន។ គួរឱ្យអស់សំណើចណាស់ យើងតែងតែធ្វើប្រឹងប្រែង ធ្វើការរកលុយសម្រាប់មនុស្ស ដែលយើងស្រឡាញ់ ដោយមិនបានដឹងថា មនុស្សទាំងនោះឱ្យតម្លៃ វត្តមានច្រើន ជាងលុយដែលយើងខំរកនោះ។ គន្លឹះដោះស្រាយបញ្ហានេះ ស្ថិតនៅត្រង់ការស្វែងរកតុល្យភាព រវាងការខំរកលុយ និងការចំណាយពេល នៅជាមួយមនុស្ស ដែលយើងស្រឡាញ់ ហើយសម្តែងការយកចិត្តទុកដាក់ ក្នុងរបៀបផ្សេងៗ ក្រៅពីការឱ្យលុយ។
២/ សម្រេចចិត្តដោយផ្អែកលើការគិតរបស់អ្នកដទៃ
នៅពេលលោកអ្នកសម្រេចចិត្ត ដោយផ្អែកលើទស្សនៈ របស់អ្នកដទៃ រឿងពីរយ៉ាងអាចនឹងកើតឡើង ទីមួយគឺលោកអ្នក នឹងមានអាជីពដែលមិនសមបំណង។ មានមនុស្សច្រើននាក់ណាស់ ដែលរៀនដើម្បីតែសញ្ញាបត្រ ហើយស្វែងរក និងចំណាយពេលធ្វើការងារ ដែលខ្លួនឯង មិនពេញចិត្ត ដោយសារគេស្តាប់តែតាមការណែនាំ និងបញ្ចុះបញ្ចូលរបស់ មនុស្សជុំវិញខ្លួន។ រឿងទីពីរគឺលោកអ្នក មិនបានគោរពតាមគោលការណ៍ សីលធម៌របស់ខ្លួនឯង។ នៅពេលលោកអ្នករវល់ តែក្នុងរឿងដែលមនុស្សជុំវិញខ្លួនគិត លោកអ្នកត្រូវប្រថុយ នឹងការបំពានគោលការណ៍ សីលធម៌របស់ខ្លួនឯង។ មធ្យោបាយល្អបំផុត ដើម្បីជៀសវាងការធ្លាក់ចូល ក្នុងអន្ទាក់នៃទស្សនៈ របស់អ្នកដទៃ គឺត្រូវដឹងថាទស្សនៈ របស់អ្នកដទៃ គ្រាន់តែជាទស្សនៈតែប៉ុណ្ណោះ។ ទោះជាអ្នកដទៃ គេគិតថាលោកអ្នកអស្ចារ្យ ឬអាក្រក់កម្រិតណា ក៏គ្រាន់តែជាការគិត របស់គេតែប៉ុណ្ណោះ។ តម្លៃពិតប្រាកដ របស់លោកអ្នកកើតចេញ ពីខាងក្នុងទៅវិញទេ។
៣/ មិនបានអនុញ្ញាតឱ្យខ្លួនឯងសប្បាយគ្រប់គ្រាន់
នៅពេលជីវិតរបស់លោកអ្នក ទៅជិតដល់ទីបំផុត គ្រប់ការលំបាកទាំងអស់ ដែលលោកអ្នកបានឆ្លងកាត់ ស្រាប់តែប្រែក្លាយទៅជារឿង មិនសំខាន់ទាំងអស់ បើប្រៀបធៀបជាមួយ នឹងពេលវេលាល្អៗ។ អារម្មណ៍បែបនេះ កើតឡើង ដោយសារលោកអ្នក បានដឹងថាទុក្ខលំបាក ក្នុងជីវិតគ្រាន់តែ ជាជម្រើសប៉ុណ្ណោះ។ គួរឱ្យស្តាយ ដែលមនុស្សភាគច្រើនបានដឹង រឿងនេះយឺតពេលទៅហើយ។ បើទោះជាយើង ជួបទុក្ខលំបាក និងបទពិសោធន៍ មិនល្អនៅក្នុងជីវិត របៀបប្រតិកម្មតបទៅនឹង ទុក្ខលំបាកទាំងអស់នេះ ស្ថិតនៅក្រោមការគ្រប់គ្រង របស់យើងទាំងស្រុង។ ការរៀនសើចសប្បាយ ញញឹម និងរីករាយជាបញ្ហាលំបាក នៅពេលខ្លះ ប៉ុន្តែវាជាមេរៀនជីវិត ដែលល្អបំផុត សមនឹងតម្លៃនៃការព្យាយាម។
៤/ មិនបានសម្តែងអារម្មណ៍ពិត
ពេលនៅក្មេងចាស់ៗ បង្រៀនយើងថាអារម្មណ៍ជារឿងមិនល្អទេ និងអាចមានគ្រោះថ្នាក់ទៀងផង ដូច្នេះយើងត្រូវរៀនគ្របសង្កត់ និងលាក់ទុកឱ្យបានល្អ។ ដំបូងៗមិនមានអ្វីលំបាកទេ ក្នុងការគ្រប់គ្រងអារម្មណ៍ ប៉ុន្តែនៅពេលប្រមូលផ្តុំ ទុកកាន់តែច្រើនទៅ វាអាចបណ្តាលឱ្យផ្ទុះខ្លាំងបាន។ មធ្យោបាយល្អបំផុត ដើម្បីស្រាយបញ្ហាអារម្មណ៍ គឺត្រូវយកចេញមកវិភាគ និងជជែកដោះស្រាយ ឱ្យបានច្បាស់។ ឧទាហរណ៍ថាលោកអ្នកមិនសប្បាយចិត្ត នឹងកម្រិតប្រាក់ខែ បច្ចុប្បន្ននេះដែលលោកអ្នក បានចំណាយកម្លាំងកាយចិត្ត ដ៏លើសលប់ ហើយដឹងថា មានមនុស្សដទៃ ធ្វើការតិចជាង តែទទួលបានផល ប្រយោជន៍ច្រើនជាង លោកអ្នកត្រូវសុំពេលជួបប្រជុំ ជាមួយចៅហ្វាយនាយ ដើម្បីជជែកគ្នាអំពីរឿងនេះ និងធ្វើឱ្យគេពិចារណា រឿងប្រាក់ខែរបស់លោកអ្នកឡើងវិញ។