ស្លន់ស្លោគ្រប់គ្នា! មនុស្សជាង១០០នាក់ នាំគ្នារត់ចេញព្រាត ខណៈកំពុងសម្រាកនៅចំណតផ្លូវហាយវ៉េនៅស៊ីហឿង ស្រាប់តែភ្លើងចាប់ផ្តើមឆេះសន្ធោរសន្ធៅមួយរំពេច អាចបណ្តាលមកពី…

កូរ៉េខាងត្បូង៖ ករណីអគ្គីភ័យសន្ធោរសន្ធៅមួយបានឆាបឆេះឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យនេះ នៅនឹងទីតាំងចំណងឈប់សម្រាកកណ្តាលផ្លូវហាយវ៉េមួយកន្លែងនៅតំបន់ស៊ីហឿង ខេត្តឃ្យ៉ុងគី​ ចំពេលដែលកំពុងមានមនុស្សយ៉ាងច្រើនកំពុងឈប់សម្រាកតាមផ្លូវ ចំពេលថ្ងៃឈប់សម្រាកផងនោះ បណ្តាលឱ្យមានការភ្ញាក់ផ្អើល និងជន្លៀសមនុស្សជាបន្ទាន់ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News របស់កូរ៉េ។

មនុស្សរាប់រយនាក់ រួមទាំងបុគ្គលិក និងអតិថិជន មនុស្សនានាដែលបានកំពុងឈប់សម្រាកនៅនឹងចំណតឈប់សម្រាកតាមផ្លូវធំហាយវ៉េ នៅស៊ីហឿង បាននាំគ្នាជន្លៀសរត់ឱបកូនឱបចៅ ចេញពីទីតាំងចំណតសម្រាកយ៉ាងបន្ទាន់ ក្រោយពីមានហេតុការណ៍ឆាបឆេះ ដែលរាលដាលយ៉ាងលឿនកាលពីវេលាថ្ងៃអាទិត្យម្សិលមិញនេះ ពេលថ្ងៃត្រង់។

បើតាមការរៀបរាប់របស់សារព័ត៌មានបានឱ្យដឹងថា ករណីអគ្គីភ័យនេះបានបង្កជាផ្សែងខ្មួលខ្មាញ់ទៅលើមេឃ ហើយមានអណ្តាតភ្លើងយ៉ាងខ្លាំងនៅនឹងទីតាំងចំណតឈប់សម្រាកនៅនឹងតាមដងផ្លូវហាយវ៉េនៅស៊ីហឿង។ ករណីនេះកើតឡើងនៅវេលាម៉ោង ១១ថ្ងៃត្រង់ជាង ម៉ោងនៅកូរ៉េ ហើយសមត្ថកិច្ចព្យាយាមពន្លត់ដល់តែរលត់ចំណាយពេលជាង១ម៉ោងក្រោយឯណោះ។

តែយ៉ាងណាមិញ បើទោះជាភ្លាមៗនោះមានមនុស្សរាប់រយនាំគ្នារត់ចេញប្រវេប្រវ៉ាចេញពីទីតាំងកើតហេតុ គឺមិនមានករណីបាត់បង់ជីវិតណាមួយរាយការណ៍មកសមត្ថកិច្ចនោះទេ។ បើតាមការបញ្ជាក់របស់អ្នកនៅទីតាំងកើតហេតុ គឺឱ្យដឹងថាភ្លើងដែលឆាបឆេះនេះ គឺរោលរាលដាលលឿនមែនទែន ពីភ្លើងដែលឆេះដំបូងតូចមួយប៉ុណ្ណោះ តែគេគ្រប់គ្រងមិនទាន់ ក៏បង្កទៅជាភ្លើងធំបែបនេះ។

គេឃើញមានមនុស្សជាច្រើននាំគ្នារត់ចេញ ពរកូន ពរចៅពេលដែលភ្លើងចាប់ផ្តើមឆេះខ្លាំងឡើងៗ។ ក្នុងករណីនោះ មានបុរសវ័យ៥៥ឆ្នាំម្នាក់បានជាប់ក្នុងបន្ទប់ទឹក ហើយបានឈ្លក់ផ្សែងខ្លាំង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ។

សមត្ថកិច្ចប៉ូលិស និងអ្នកពន្លត់អគ្គីភ័យសន្និដ្ឋានថាភ្លើងទំនងជាឆាបឆេះដំបូងចេញពីជញ្ជាំងផ្នែកខាងក្រៅនៃអាគារ ហើយឡើងឆេះទៅជាខ្មៅងងឹតទៅហើយ តែចំពោះមូលហេតុជាក់លាក់បណ្តាលឱ្យឆាបឆេះគេមិនទាន់អាចកំណត់បានជាក់លាក់នោះទេ។

បើតាមការសន្និដ្ឋានជំហានដំបូង អាចបណ្តាលមកពីការផ្ទុះនៃអាគុយសាកចេញពីចរន្តភ្លើងដែលគេសាកយានយន្តនៅនឹងទីតាំងនោះ អាចបណ្តាលមកពីការប្រើប្រាស់ចរន្តភ្លើងលើសកម្រិតនៅពេលនោះ។

Leave a Reply

Your email address will not be published. Required fields are marked *