កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មនុស្សលើសពី១០០នាក់ទៀតហើយ នៅខេត្តឃ្យ៉ុងគី ដែលគេរកឃើញថាត្រូវបានគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដែលហួសកាលបរិច្ឆេទណែនាំសម្រាប់ការប្រើប្រាស់ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យម្សិលមិញនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថានៅមន្ទីរពេទ្យមួយទៀតឈ្មោះថា Pyeongtaek St. Mary’s នៅនឹងទីក្រុងព្យ៉ុងថេក ប្រមាណ៧០គីឡូម៉ែត្រភាគខាងត្បូងក្រុងសេអ៊ូល បានចាក់វ៉ាក់សាំងកូវីដ Pfizer ទៅឱ្យមនុស្សចំនួន១០៤នាក់ទៀត កាលពីថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រនេះ ដែលវ៉ាក់សាំង Pfizer ចាក់ជូនទាំងនោះត្រូវបានរកឃើញថាហួសកាលបរិច្ឆេទប្រើប្រាស់តាំងពីថ្ងៃពុធមុនមួយថ្ងៃទៅហើយ នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA)។
មែនទែនទៅ ថ្មីៗនេះករណីនេះមិនមែនជាលើកទី១ទេដែលមានការចាក់វ៉ាក់សាំងហួសកាលបរិច្ឆេទកំណត់បែបនេះជូនដល់អ្នកមកចាក់វ៉ាក់សាំង។ កាលពីលើកមុន ក៏អជ្ញាធរសុខាភិបាលទើបនឹងដឹងពីករណីចាក់វ៉ាក់សាំងលើសកាលបរិច្ឆេទនេះ ២ ដងផងដែរនៅនឹងទីតាំងផ្សេងៗគ្នា មានមួយនៅមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងសេអ៊ូល និង១ករណីផ្សេងទៀតនៅនឹងមន្ទីរពេទ្យមួយកន្លែងដែរនៅទីក្រុងអ៊ុលសាន។
គិតជាតួលេខសរុបមកដល់ពេលនេះ គឺមានមនុស្សជាង២៣០នាក់ហើយដែលត្រូវបានជួបនឹងករណីធ្វេសប្រហែលបែបនេះ កាលពីសប្តាហ៍មុននេះ។ ព្រឹត្តិការណ៍នេះហាក់មានការកើតឡើងនៅតាមមន្ទីរពេទ្យដល់ទៅ៣ទីតាំងផ្សេងៗគ្នានេះ អាចដោយសារតែគាប់ជួនដល់ពេលដែលវ៉ាក់សាំងកូវីដរបស់ Pfizer ដែលបានដឹកមកដល់កូរ៉េខាងត្បូងកន្លងមក យកមកស្តុកទុកដល់កាលបរិច្ឆេទព្រមៗគ្នា ដែលនាំឱ្យមានការធ្វេសប្រហែលនេះកើតឡើងដោយមិនបានចាប់អារម្មណ៍ពីសំណាក់គ្រូពេទ្យជាអ្នកចាក់វ៉ាក់សាំង។
ចំពោះករណីបែបនេះ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានលើកឡើងថា អង្គភាពខ្លួននឹងធ្វើការពិនិត្យឱ្យបានជាប្រចាំទៅលើស្តុកវ៉ាក់សាំងកូវីដដែលមាននៅតាមមន្ទីរពេទ្យ និងទីតាំងចាក់វ៉ាក់សាំងតាមមូលដ្ឋាន ដែលបានជិតដល់ពេលកាលបរិច្ឆេទកំណត់ ដើម្បីធានាថាវ៉ាក់សាំងទាំងនោះត្រូវបានរៀបចំចាក់ជូនឱ្យមុនហួសកាលបរិច្ឆេទ ដូចទៅនឹងករណីដែលកើតឡើងនេះទៀត។