ចាប់ផ្តើមបើកទទួលពាក្យ ស្នើសុំលុយឧបត្ថម្ភអ្នកប៉ះពាល់ពីកូវីដ សម្រាប់ប្រជាជនកូរ៉េទូទៅ៨៨% ទូទាំងប្រទេស ថ្ងៃចន្ទស្អែកនេះហើយ! ម្នាក់ៗទទួលបានដល់ទៅ ..

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមបើកការចុះឈ្មោះដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភពិសេសតាមប្រព័ន្ធអនឡាញ សម្រាប់អ្នករងគ្រោះពីកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េ ចាប់ផ្តើមពីថ្ងៃចន្ទស្អែកនេះហើយ បើតាមការប្រកាសដែលចុះផ្សាយក្នុងសារព័ត៌មាន KBS News កូរ៉េ។

តាមរយៈការចុះព័ត៌មាននេះបានឱ្យដឹងថា ប្រាក់ជំនួយរដ្ឋាភិបាលកូរ៉េដែលនឹងប្រគល់ជូនដល់អ្នករងគ្រោះដោយសារស្ថានការណ៍កូវីដ ដែលបើកទទួលពាក្យថ្ងៃចន្ទនេះ ជាប្រភេទប្រាក់ឧបត្ថម្ភសម្រាប់ប្រជាជនទូទៅ ៨៨% ទូទាំងប្រទេស ដែលមនុស្សម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៥ម៉ឺនវ៉ុន។

ប្រជាជនដែលទទួលបានប្រាក់នេះ គឺទាំងអស់គ្នាដល់ទៅ ៨៨% ទូទាំងប្រទេស លើកលែងតែអ្នកដែលមានចំណូលខ្ពស់ជាងគេ ១២% ប៉ុណ្ណោះ។ រដ្ឋាភិបាលកូរ៉េបញ្ជាក់លក្ខន្តិកៈពិនិត្យកំណត់ថាអ្នកណាដែលមានសិទ្ធិទទួលបាននោះ គឺត្រូវពិនិត្យទៅតាមតួលេខនៃការបង់សេវាធានារ៉ាប់រងសុខភាពជាតិកូរ៉េ កាលពីខែមិថុនានេះ។

ប្រជាជននៅកូរ៉េខាងត្បូងអាចពិនិត្យមើលថាតើខ្លួនត្រូវនឹងលក្ខន្តិកៈអាចទទួលបានប្រាក់ឧបត្ថម្ភនេះឬយ៉ាងណានោះ តាមប្រព័ន្ធអនឡាញ ឬក៏អាចខលទៅសួរព័ត៌មាននៅតាមក្រុមហ៊ុនក្រេឌីតកាតដែលខ្លួនប្រើប្រាស់ ក៏ដូចជាពិនិត្យតាមគេហទំព័ររបស់អង្គភាពធានារ៉ាប់រងសុខភាពជាតិកូរ៉េខាងត្បូងផងដែរ។

បើតាមការបញ្ជាក់ដែរនោះ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវផ្តល់ឱ្យអ្នកដែលទទួលបានតាមរយៈប័ណ្ណចំណាយសម្រាប់ចាយវាយផ្សេងៗ ឬតាមរយៈក្រេឌីតកាតរបស់ប្រជាជនដែលមានសិទ្ធទទួល។ ដូចនេះហើយ ជានីតិវិធី ការស្នើសុំបំពេញពាក្យតាមប្រព័ន្ធអនឡាញនឹងចាប់ផ្តើមពីថ្ងៃចន្ទស្អែកនេះ ខណៈពាក្យស្នើសុំតាមបំពេញផ្ទាល់នឹងត្រូវចាប់ផ្តើមពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ។

តែយ៉ាងណាមិញ បើតាមការបញ្ជាក់ និងជនដំណឹងជាបន្តបន្ទាប់មក ការផ្តល់ប្រាក់ឧបត្ថម្ភនេះផ្តល់ជូនតែប្រជាជនកូរ៉េប៉ុណ្ណោះ ហើយចំណែកឯជនបរទេសដែលធ្វើការ និងរស់នៅកូរ៉េគឺមិនទទួលបានប្រាក់ឧបត្ថម្ភនេះនោះទេ។ កន្លងមកក៏មានក្រុមតំណាងសិទ្ធជនបរទេសរស់នៅកូរ៉េខាត្បូង នាំគ្នាតវ៉ានឹងការកំណត់បែបនេះ របស់រដ្ឋាភិបាលកូរ៉េដែរ ដោយសារជនបរទេសធ្វើការនៅកូរ៉េខាងត្បូង សុទ្ធតែរងគ្រោះដោយសារកូវីដដូចគ្នា និងបានបង់ពន្ធជូនដល់រដ្ឋាភិបាលកូរ៉េដូចគ្នាផងដែរ។

កញ្ចប់ថវិកាផ្តល់ជូនប្រជាជនទាំងអស់៨៨% នេះ ជាផ្នែកមួយនៃកញ្ចប់ថវិកាជាតិធំ ដែលរដ្ឋាភិបាលកូរ៉េរៀបចំផ្តល់ជូនអ្នកប៉ះពាល់ពីកូវីដ។ ក្នុងនោះមានប្រភេទផ្សេងៗទៀត ដូចជាកញ្ចប់ថវិកាសម្រាប់ឧបត្ថម្ភឱ្យប្រជាជនចាយវាយកាន់តែច្រើនតាមរយៈកម្មវិធីបញ្ចុះតម្លៃតាមហាងនានា កញ្ចប់ថវិកាសម្រាប់ឧបត្ថម្ភហាងរកស៊ីតូចតាចដែលប៉ះពាល់ពីកូវីដ និងកញ្ចប់ថវិកាប្រភេទដទៃៗទៀតផងដែរ។

សូមបញ្ជាក់ដែរថា នេះជាលើកទី២ហើយ ដែលរដ្ឋាភិបាលកូរ៉េរៀបចំកញ្ចប់ថវិកាផ្ទាល់សម្រាប់ផ្តល់ជូនប្រជាជនដែលរងការប៉ះពាល់ពីបញ្ហាកូវីដនេះ។ កាលពីខែឧសភា ឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលកូរ៉េបានរៀបចំកញ្ចប់ថវិកាដល់ទៅជាង១លានវ៉ុន សម្រាប់ផ្តល់ជូនគ្រួសារទាំងអស់ក្នុងប្រទេសកូរ៉េ។

Leave a Reply

Your email address will not be published. Required fields are marked *