កូរ៉េខាងត្បូង៖ ប្រជាជននៅកូរ៉េខាងត្បូងលើសពី៣០លាននាក់ហើយនៅថ្ងៃអាទិត្យនេះដែលបានចាក់វ៉ាក់សាំងកូវីដដូសទី១យ៉ាងហោចរួចរាល់ ជាតួលេខសមិទ្ធផលពិសេសចុងក្រោយដែលរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចបានក្នុងយុទ្ធការចាក់វ៉ាក់សាំងកូវីដរបស់ខ្លួន នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
ក្នុងព័ត៌មានដែលចុះផ្សាយព្រឹកថ្ងៃអាទិត្យនេះបានឱ្យដឹងថា យ៉ាងហោចណាស់តួលេខបានលើសពី៣០លាននាក់ហើយ ប្រមាណជា៥៨% នៃប្រជាជនសរុប នៅថ្ងៃនេះគិតត្រឹមម៉ោង១១:១៥នាទីព្រឹក ម៉ោងនៅកូរ៉េ ដែលប្រជាជននៅកូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងកូវីដយ៉ាងហោច១ដូសរួចនោះ តាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។
បើគិតពីតួលេខអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងនោះ គិតមកដល់ពេលដូចគ្នានេះ គឺមានដល់ទៅ១៧.៧លាននាក់ដែរ គឺប្រមាណ៣៤.៦%នៃប្រជាជនសរុបហើយនៅកូរ៉េខាងត្បូង ក្នុងរយៈពេលជាង៧ខែនៃការចាក់វ៉ាក់សាំងកូវីដនេះ។
កន្លងមក បើគិតពីសមិទ្ធផលពិសេសសម្រេចបានកន្លងៗមក កូរ៉េខាងត្បូងចាក់វ៉ាក់សាំងកូវីដបានដល់១០លាននាក់ដំបូងកាលពីថ្ងៃទី១០ ខែមិថុនា ខណៈតួលេខថ្មី២០លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដសម្រេចបានកាលពីថ្ងៃទី៣ ខែសីហាត្រឹមមួយខែមុននេះ។ ចាប់តាំងពីខែសីហាមក តួលេខនៃការចាក់វ៉ាក់សាំងបានកើនឡើងលឿន ដោយសារតែរដ្ឋាភិបាលកូរ៉េចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាជនអាយុ១៨ ដល់៤៩ឆ្នាំចាប់ពីថ្ងៃទី២៦ សីហា ២០២១នេះមក។
បើតាមផែនការដែលរដ្ឋាភិបាលកូរ៉េបានដៅទុក គឺសម្រេចឱ្យបានការចាក់វ៉ាកសាំងកូវីដដល់ទៅ៣៦លាននាក់ ឬប្រមាណ៧០%នៃប្រជាជនសរុបត្រឹមមុនបុណ្យឈូសុក ដែលប្រជាជនទូទាំងកូរ៉េខាងត្បូងត្រូវឈប់សម្រាក និងទៅសែនផ្នូរដូនតានៅតាមស្រុកកំណើតជាប្រពៃណីនោះ។ បុណ្យឈូសុកឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ដល់២២កញ្ញានេះ ដូចនេះមានន័យថាត្រឹមតែជាង២សប្តាហ៍ទៀតនេះ កូរ៉េខាងត្បូងនឹងត្រូវពន្លឿនល្បឿនចាក់វ៉ាក់សាំងឱ្យបានដល់ជាង៦លាននាក់ទៀត មុននឹងបុណ្យឈូសុកនេះ។
ក្នុងនោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងដាក់គោលដៅថាគ្រោងនឹងសម្រេចឱ្យបានការបង្កើតជាប្រព័ន្ធភាពស៊ាំសហគមន៍ឱ្យបានត្រឹមខែវិច្ឆិកាខាងមុខនេះ ជាគោលដៅធំបន្ទាប់នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ។
សូមបញ្ជក់ដែរថា នៅថ្ងៃអាទិត្យនេះ តួលេខឆ្លងកូវីដ-១៩នៅកូរ៉េខាងត្បូងមានដល់ទៅ១៤៩០នាក់ ដែលនាំឱ្យតួលេខឆ្លងកូវីដសរុបមានដល់ទៅ២៦០,៤០៣នាក់ហើយ រយៈពេលជាង២ឆ្នាំនេះ។ បច្ចុប្បន្ននេះ តួលេខឆ្លងប្រចាំថ្ងៃកើនលើសពី១០០០ករណីជាប់គ្នារយៈពេលជាង២ខែហើយ ខណៈវត្តមាននៃកូវីដបម្លែងខ្លួនដែលតាម កើនមានកាន់តែច្រើននោះ។