កូរ៉េខាងត្បូង៖ ៩ឆ្នាំទៅមុខទៀត ចំនួនប្រជាជនជាស្រ្តីនៅកូរ៉េខាងត្បូង នឹងកើនលើសបុរសហើយនេះបើតាមការព្យាករណ៍របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ផ្អែកទៅតាមនិន្នាការទំនោរប្រជាជនកូរ៉េនៅពេលបច្ចុប្បន្ននេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News របាយការណ៍របស់ក្រសួងសមភាពយ៉េនឌឺ និងគ្រួសារកូរ៉េនៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា ចំនួនស្រ្តីនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ទៅ ២៥.៨៦លាននាក់ហើយគិតត្រឹមឆ្នាំ២០២០ ដែលមានដល់ទៅ៤៩.៩% នៃចំនួនប្រជាជនក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់ចំនួន ៥១.៨២លាននាក់នោះ។
អត្រាចំនួនបុរសធៀបនឹងចំនួនស្រ្តីបន្តធ្លាក់ចុះរហូតតាំងពីឆ្នាំ២០០០មកដល់ពេលនេះ។ គិតក្នុងឆ្នាំ២០២១ អត្រាបុរសធៀបនឹងស្រ្តីធ្លាក់មកនៅត្រឹមតែ ១០០.៤នាក់ទេ មានន័យថាក្នុងចំណោមស្រ្តីនៅកូរ៉េខាងត្បូង១០០នាក់ មានបុរសលើសដល់ចំនួន១០០.៤នាក់ ខណៈក្នុងឆ្នាំ២០០០ឯណោះវិញ អត្រានេះមានដល់ទៅ ១០១.៤ឯណោះ។
បើតាមការទំនោរបែបនេះ ការព្យាករណ៍ផ្លូវការរបស់ក្រសួងជំនាញកូរ៉េបានឱ្យដឹងថាឆ្នាំ២០៣០ខាងមុខ អត្រាខាងលើនឹងថយចះមកនៅត្រឹមតែ៩៩.៨%វិញហើយ មានន័យថាក្នុងស្រ្តី១០០នាក់នៅកូរ៉េ មានបុរសត្រឹមតែ៩៩.៨នាក់ប៉ុណ្ណោះ ដែលនឹងក្លាយជាលើកដំបូងបង្អស់ក្នុងប្រទេសកូរ៉េ ដែលចំនួនប្រជាជនស្រ្តី កើនលើសប្រជាជនប្រុស។
តាមទិន្នន័យនេះដែរ បើគិតតាមក្រុមអាយុវិញ ស្រ្តីវ័យដល់៥០ឆ្នាំមានដល់ទៅ៤.២៥លាននាក់ គឺច្រើនជាក្រុមអាយុដទៃទៀត តាមពីក្រោយដោយស្រ្តីវ័យ៤០ឆ្នាំជាង ចំនួនជាង៤លាននាក់ ខណៈក្រុមអាយុ៣០ឆ្នាំជាង មានចំនួន ៣.៣លាននាក់។ ក្នុងនោះដែរ ស្រ្តីដែលមានអាយុដល់៨០ឆ្នាំជាង មានចំនួនជាង១.៣លាននាក់ផងដែរ ដល់ទៅ៥.១%។
បើគិតពីអាយុមធ្យមដែលស្រ្តីនៅកូរ៉េខាងត្បូងរៀបការវិញ គឺដល់៣០.៨ឆ្នាំ ក្នុងឆ្នាំ២០២០ ឡើងរហូតតាំងពីត្រឹមជាមធ្យម២៦.៥ឆ្នាំកាលពីឆ្នាំ២០០០ ខណៈអាយុជាមធ្យមសម្រាប់ប្តីវិញឆ្នាំ២០២០ គឺដល់៣៣.២ឆ្នាំ។
បើគិតពីអាយុសង្ឃឹមរស់របស់ស្រ្តីនៅកូរ៉េខាងត្បូងគឺកើនផងដែរ ដល់ទៅ៧៤.៧ឆ្នាំក្នុងឆ្នាំ២០១៩ ខណៈបុរសវិញគឺត្រឹមតែ ៧១.៣ឆ្នាំប៉ុណ្ណោះក្នុងឆ្នាំ២០១៩ដូចគ្នា។