ដំណឹងល្អវិញ! អ្នកនៅប៊ូសាន ពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ គម្លាតសង្គមថយចុះ១កម្រិតវិញហើយ ដោយសារកូវីដហាក់ធូរស្បើយច្រើន ខណៈទូទាំងប្រទេសគម្លាតសង្គមនៅបន្ត១ខែទៀត

កូរ៉េខាងត្បូង៖ គម្លាតសង្គមអនុវត្តនៅក្រុងប៊ូសាន នឹងត្រូវបន្ថយចុះមកនៅត្រឹមកម្រិត៣វិញ ចាប់ពីសប្តាហ៍ក្រោយនេះទៅ ក្រោយពីក្រុងនេះបានតម្លើងគម្លាតសង្គមដល់កម្រិត៤ សឹងតែមួយខែពេញចុងក្រោយនេះ បើតាមការបញ្ជាក់របស់សាលាក្រុងប៊ូសាន នៅថ្ងៃសុក្រម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាគម្លាតសង្គមកម្រិត៣ នឹងត្រូវចាប់ផ្តើមអនុវត្តជំនួសបន្តគម្លាតសង្គមកម្រិត៤បច្ចុប្បន្ន ចាប់ពីថ្ងៃទីចន្ទទី៦ កញ្ញា ២០២១ សប្តាហ៍ក្រោយនេះ គឺរយពេល២៨ថ្ងៃក្រោយពីគម្លាតសង្គមកម្រិត៤បានអនុវត្តកន្លងមក តាំងពីថ្ងៃទី១០ សីហា។

កាលពីថ្ងៃសុក្រម្សិលមិញនេះដែរ លោកនាយករដ្ឋមន្ត្រី គីម បូឃ្យ៉ុម បានប្រកាសថារដ្ឋាភិបាលនឹងបន្តអនុវត្តគោលការណ៍គម្លាតសង្គមដែលមានបច្ចុប្បន្ននេះរយៈពេល១ខែទៀត គឺដល់ថ្ងៃទី៣ តុលា ២០២១ខាងមុខ ដែលមានន័យក្រុងសេអ៊ូល ឃ្យ៉ុងគី និងអ៊ីនឆន់ នឹងបន្តស្ថិតក្រោមគម្លាតសង្គមកម្រិត៤ដដែល មួយខែពេញទៀត ខណៈតំបន់ផ្សេងៗទៀតទូទាំងប្រទេសនឹងស្ថិតក្រោមគម្លាតសង្គមកម្រិត៣វិញ។

ក្រោមវិធានការគម្លាតសង្គមកម្រិត៣នេះ គេអនុញ្ញាតឱ្យមានការជួបជុំឯកជានបានដល់៤នាក់ និងចំនួននៃការជួបជុំអាចកើនបានដល់ទៅ៨នាក់ ប្រសិនបើមាន៤នាក់យ៉ាងតិចបានចាក់វ៉ាក់សាំងកូវីដរួចរាល់អស់។ ការរៀបចំកម្មវិធីវិញ អាចមានមនុស្សចូលរួមបានដល់ ៤៩នាក់ ខណៈអាជីវកម្មប្រភេទកម្សាន្ត៥ប្រភេទ មានដូចជាខារ៉ាអូខេជាដើមនោះ នឹងត្រូវអនុញ្ញាតឱ្យដំណើរការ តែត្រូវបិទទ្វារត្រឹមម៉ោង១០យប់ ដល់ម៉ោង៥ព្រឹក។ សម្រាប់ហាងកាហ្វេ និងភោជនីយដ្ឋានវិញត្រូវបិទទ្វារត្រឹមម៉ោង១០យប់ដូចគ្នា ហើយអាចទទួលបានតែការបញ្ជាទិញអនឡាញប៉ុណ្ណោះ។

តែបើក្រោមគម្លាតសង្គមកម្រិត៤នៅកូរ៉េខាងត្បូងវិញ ការជួបជុំឯកជនលើសពី៣នាក់ឡើងទៅ​ នឹងត្រូវហាមឃាត់ពីម៉ោង៦ល្ងាចទៅ។

សម្រាប់នៅប៊ូសាន ចំនួនករណីកូវីដបានថយចុះជាបន្តបន្ទាប់រយៈពេលជាង២សប្តាហ៍មកហើយ ដូចនេះទើបអជ្ញាធរសម្រេចចិត្តបន្ថយគម្លាតសង្គមមកនៅថយចុះមួយកម្រិតបែបនេះ ដើម្បីជួយសម្រួលដល់អ្នករកស៊ីអាជីវកម្មនានា និងអ្នកធ្វើការខ្លួនឯងដែលបានរងការប៉ះពាល់ពីគម្លាតសង្គមនេះ បើតាមការបញ្ជាក់របស់អភិបាលរងក្រុងប៊ូសាន នៅក្នុងការថ្លែងទៅកាន់សារព័ត៌មានម្សិលមិញនេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *