សែនផ្នូរអនឡាញ មិនគិតថ្លៃ! សេវាកម្មថ្មីអជ្ញាធរកូរ៉េរៀបចំជូនពលរដ្ឋខ្លួន ក្នុងបុណ្យឈូសុកកូរ៉េខាងមុខ ខណៈគេបារម្ភពីហានិភ័យចម្លងកូវីដខ្លាំង ដោយសារការទៅជួបជុំគ្រួសារថ្ងៃឈប់នោះ

កូរ៉េខាងត្បូង៖ បញ្ហាប្រឈមធំមួយទៀតសម្រាប់ការទប់ស្កាត់កូវីដ-១៩ ក្នុងប្រទេសកូរ៉េខាងត្បូងដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ គឺថ្ងៃបុណ្យឈូសុកកូរ៉េ ដែលដូចទៅនឹងបុណ្យភ្ជុំស្រុកយើង ជាបុណ្យប្រពៃណីជាតិកូរ៉េដ៏ធំ និងមានការឈប់សម្រាកទូទាំងប្រទេស ដែលនឹងជាហានិភ័យនៃបញ្ហាកូវីដផងដែរ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា បុណ្យឈូសុកកូរ៉េចំនួន៣ថ្ងៃ ពីថ្ងៃទី២០ ដល់២២ ខែកញ្ញាខាងមុខនេះ នឹងត្រូវពន្យារបន្ថែមទឿតដោយសារចំថ្ងៃចុងសប្តាហ៍តគ្នា២ថ្ងៃទៀត។ ជាប្រពៃណី បុណ្យឈូសុកនេះ ជនជាតិកូរ៉េនាំគ្នាទៅស្រុកកំណើតជួបជុំគ្រួសារ និងទៅសែនផ្នូរដូនតាជុំគ្នា។

តែសម្រាប់បរិការណ៍នៃជំងឺឆ្លងកូវីដនេះ ការជួបជុំជាប្រពៃណីបែបនេះ ជាក្តីបារម្ភដ៏ធំបំផុតរបស់មន្ត្រីសុខាភិបាលដោយសារតែហានិភ័យដែលប្រជាជននឹងនាំពីកន្លែងមួយទៅកន្លែងមួយទៀត ទូទាំងប្រទេស ជាពិសេសគឺការនាំយកមេរោគទៅចម្លងដល់ចាស់ៗនៅនឹងគ្រួសារស្រុកកំណើតផងដែរ។

ឆ្លើយតបទៅនឹងស្ថានការណ៍បែបនេះ សម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូងតែម្តងមិនទាន់ដាក់ចេញជាសកម្មភាពណាមួយជាក់លាក់នោះទេ តែនៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានស្នើសុំឱ្យប្រជាជនកូរ៉េកាត់បន្ថយការជួបជុំក្នុងអំឡុងពេលបុណ្យឈូសុកនេះ។ ក្នុងនោះដែរ ការជួបជុំដែលរដ្ឋាភិបាលកូរ៉េអនុញ្ញាតសម្រាប់បុណ្យឈូសុក គឺតម្រូវឱ្យមានការជួបជុំបានដល់គ្នា ៨នាក់ ដែលក្នុងនោះ៤នាក់ត្រូវបានចាក់វ៉ាក់សាំងកូវីដរួចរាល់។

អជ្ញាធរតាមមូលដ្ឋាននានាទូទាំងប្រទេសបានដាក់ចេញសេចក្តីអំពាវនាវកុំឱ្យមានការធ្វើដំណើរដើរហើរ ជួបជុំគ្នាច្រើនក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកដ៏ធំនេះ។ នៅតាមតំបន់មួយចំនួន អជ្ញាធរគ្រោងនឹងដាក់ចេញសកម្មភាពនានា ដើម្បីហាមឃាត់ការធ្វើដំណើរទ្រង់ទ្រាយធំ រួមមានទាំងការគ្រោងចង់ផ្អាកការបញ្ចុះតម្លៃសម្រាប់សេវាកម្មធ្វើដំណើរជាសាធារណៈ ទៅស្រុកកំណើតតាមរថភ្លើងជាដើម និងកំណត់ចំនួនអ្នកដែលអាចអនុញ្ញាតឱ្យទៅសែនផ្នូរបានផងដែរ ដូចជានៅតំបន់អ៊ូឡុង នៃខេត្តឃ្យ៉ុងប៊ុក តំបន់អុងជីន នៅក្រុងអ៊ីនឆន់ជាដើម។

សម្រាប់ខេត្ត ក្រុងមួយចំនួនផ្សេងទៀតវិញ ដូចជាខេត្តហ្គាងវ៉ុន និងខេត្តឈុងប៊ុក គ្រោងនឹងរៀបចំយុទ្ធនាការសាធារណៈផ្សេងៗតាមបណ្តាញសង្គម ដើម្បីជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ កុំដើរហើរច្រើនក្នុងពេលបុណ្យឈូសុកនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងកូវីដនេះ។

ចំណែកឯតំបន់មួយចំនួនដូចជាក្រុងសេអ៊ូល ប៊ូសាន កោះជេជូ ក្រុងឆាងវ៉ុនជាដើម គ្រោងនឹងចេញបទបញ្ជាតម្រូវឱ្យបិទផ្នែកមួយចំនួននៃទីតាំងផ្នូរដូនតា អំឡុងបុណ្យឈូសុកនេះទៀតផង ហើយអាចនឹងកំណត់ចំនួនមនុស្សដែលអាចមកធ្វើការសែនផ្នូរបាន តែត្រូវចុះឈ្មោះក្នុងប្រព័ន្ធទុកមុន ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណនៅពេលត្រូវការតាមដានស្វែងរកប្រភពផងដែរ។

ក្នុងនោះដែរ អជ្ញាធរមូលដ្ឋានមួយចំនួនក៏បានចេញសេចក្តីប្រកាសជំរុញឱ្យប្រជាជនខ្លួនធ្វើការសែនព្រេនបែបកាត់តាមប្រព័ន្ធបច្ចេកវិទ្យាតាមអនឡាញផងដែរ ដើម្បីកុំឱ្យមានការតម្រូវត្រូវតែទៅគោរពទៅដល់ទីតាំងផ្នូរនោះ។ វិធានការនេះដែរ ក៏ត្រូវបានគាំទ្រពេញទំហឹងពីក្រសួងសុខាភិបាលកូរ៉េផងដែរ​ដោយបានស្នើផ្តល់ឱ្យនូវសេវាកម្មអាចធ្វើការសែនព្រេនតាមអនឡាញដោយមិនគិតថ្លៃផងដែរ។ អ្នកដែលមានចំណាប់អារម្មណ៍អាចធ្វើការចុះឈ្មោះបាន តាមគេហទំព័រ sky.15774129.go.kr ផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *