កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងប្រកាសនៅថ្ងៃសុក្រនេះថា បានរកឃើញវត្តមានកូវីដបម្លែងខ្លួនថ្មីចុងក្រោយ ឈ្មោះថា «Mu» ក្នុងចំណោមអ្នកជំងឺកូវីដដល់ទៅ៣នាក់ ជាប្រភេទមេរោគកូវីដបម្លែងខ្លួនដំបូង ចូលមកដល់កូរ៉េខាងត្បូង។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាវត្តមានមកដល់ថ្មី៣ដំបូងគេបង្អស់នៃកូវីដបម្លែងខ្លួនថ្មីចុងក្រោយនេះឈ្មោះ «Mu» នេះរកឃើញក្នុងចំណោមអ្នកធ្វើដំណើរមកពីក្រៅប្រទេសចំនួន៣ផ្សេងគ្នា ចូលមកប្រទេសកូរ៉េខាងត្បូង មានមកពីប្រទេសម៉ិចសិចកូន ប្រទេសអាម៉េរិក និងប្រទេសកូឡំបុី។
កូវីដបម្លែងខ្លួនថ្មីចុងក្រោយ ឈ្មោះថា «Mu» នេះ គឺមានប្រភពរកឃើញពីប្រទេសកូឡំបុី ដំបូងគេបង្អស់ ហើយបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា មេរោគកូវីដបម្លែងខ្លួន «Mu» នេះបច្ចុប្បន្នមានវត្តមាននៅប្រទេសចំនួន៣៩ប្រទេសហើយ ដែលអង្គការសុខភាពពិភពលោកកំណត់មេរោគថ្មីនេះ ជាប្រភេទ «កូវីដបម្លែងខ្លួនដែលគួរឱ្យបារម្ភ» គឺក្នុងកម្រិតគួរឱ្យបារម្ភដូចទៅនឹងកូវីដបម្លែងខ្លួនថ្មី អាល់ហ្វា បេតា ហ្គាម៉ា និងដែលតា ដែលកំពុងវាយលុកតាមប្រទេសនានាផងដែរ។
យ៉ាងណាមិញ ព័ត៌មានលម្អិតបន្ថែមអំពីករណីអ្នកជំងកូវីដដែលនាំប្រភេទមេរោគបម្លែងខ្លួនថ្មីនេះ ចូលមកកូរ៉េខាងត្បូង ក៏មិនទាន់ត្រូវបានបញ្ចេញដែរ ហើយអជ្ញាធរសុខាភិបាលកូរ៉េ គឺមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ នឹងធ្វើការពិនិត្យតាមដានមេរោគកូវីដបម្លែងខ្លួនទាំងនេះបន្តទៀត។