នៅកូរ៉េខាងត្បូង ស្រ្តីៗចាក់វ៉ាក់សាំងកូវីដហើយ លើកពីអាការៈមិនប្រក្រតីថ្ងៃពិសេសរបស់ខ្លួន រដូវមកខុសធម្មតា ហូរឈាមជាដើម តែអជ្ញាធរកូរ៉េបកស្រាយបែបនេះសិន …

កូរ៉េខាងត្បូង៖ មានករណីថ្មីៗប្លែកជាច្រើន ស្រ្តីៗនៅកូរ៉េខាងត្បូងអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួច នាំគ្នាលើកឡើងពីបញ្ហារដូវមានអាការៈខុសប្លែកពីមុន និងមានបញ្ហាប្លែកៗមួយចំនួនពាក់ព័ន្ធនឹងស្ថានការណ៍ស្រ្តីៗ គឺក្រោយពីបានចាក់វ៉ាក់សាំងកូវីដ ដែលបង្កជាការលើក និងបារម្ភតៗគ្នាជាថ្មីទៅលើផលប៉ះពាល់ពីវ៉ាក់សាំង។

បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា ករណីជាច្រើនលេចឡើងបន្តបន្ទាប់ បង្ហាញពីអាការៈខុសប្រក្រតីនៃស្ថានភាពសុខភាពរបស់ស្រ្តីៗ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចរាល់មក។ បញ្ហាដែលគេលើកឡើងនោះមានដូចជាបញ្ហាអាការៈរដូវខុសមិនទៀងទាត់ ការហូរឈាមរដូវខុសធម្មតាជាដើម។ ជាក់ស្តែងនៅលើគេហទំព័រប្រធានាធិបតីកូរ៉េ មានករណីមួយដែលស្រ្តីម្នាក់បានលើកឡើងកាលពីថ្ងៃអង្គារ ទាមទារឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ដាក់បញ្ចូលបញ្ហាខុសប្រក្រតីនៃរដូវ និងស្ថានភាពស្រ្តី ជាផលប៉ះពាល់ដែលអាចកើតមានឡើងពីការចាក់វ៉ាក់សាំងកូវីដផង ដើម្បីឱ្យអ្នកដែលប៉ះពាល់ជាស្រ្តីអាចទទួលបានសំណងពីរដ្ឋាភិបាលលើផលប៉ះពាល់ពីការចាក់វ៉ាក់សាំងកូវីដ។

នៅក្នុងញ្ញាត្តិបង្ហោះលើគេហទំព័រប្រធានាធិបតីនោះបានបញ្ជាក់ថា មានករណីជាច្រើនដែលស្រ្តីចាប់ផ្តើមមានអាការៈមិនប្រក្រតី ខុសធម្មតាទៅលើការធ្លាក់ឈាមរដូវ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដ-១៩ តែនៅពេលដែលស្រ្តីដែលមានអាការៈទាំងនេះទៅមន្ទីរពេទ្យ ភាគច្រើនពួកគេគ្រាន់តែត្រូវបានគ្រូពេទ្យឱ្យមកផឹកថ្នាំធម្មតា ដូចជាថ្នាំពន្យារកំណើត ថ្នាំ Tylenol ប៉ុណ្ណោះ ហើយមិនអាចរាប់បញ្ចូលអាការៈទាំងនោះជាផលប៉ះពាល់បណ្តាលពីការចាក់វ៉ាក់សាំងកូវីដបាននោះទេ។ ប្រសិនបើផលប៉ះពាល់ដែលស្រ្តីបានជួបប្រទះក្រោយពីបានចាក់វ៉ាក់សាំងកូវីដ មិនត្រូវបានខ្វល់ខ្វាយទេ នោះមានន័យថារដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលកូរ៉េមិនអើពើនឹងផលប៉ះពាល់ ការឈឺចាប់របស់ប្រជាជនពាក់កណ្តាលប្រទេសទៅហើយ។

មានករណីជាច្រើនថ្មីៗដែលបានចែករំលែកលើប្រព័ន្ធអនឡាញ រៀបរាប់ពីបទពិសោធន៍ខុសៗគ្នានៃផលប៉ះពាល់ដែលគេសង្ស័យថាកើតមានឡើងក្រោយពីបានចាក់វ៉ាក់សាំងកូវីដ ដែលដូចនេះអាចជាផលប៉ះពាល់ប្រតិកម្មពីវ៉ាក់សាំងនេះឯង មានដូចជាអាការៈរដូវខុសធម្មតា ខ្លីខុសធម្មតា ហូរឈាមរដូវ។ មែនទែនទៅករណីដែលបង្កជាការប៉ះពាល់មកលើស្រ្តី ដោយសារតែវ៉ាក់សាំងកូវីដនេះ ក៏ធ្លាប់មានករណីរាយការណ៍នៅប្រទេសដទៃទៀតផងដែរ ដូចជាករណីស្រ្តីម្នាក់ក្រោយពីចប់វដ្តរដូវរបស់ខ្លួនហើយ ស្រាប់តែក្រោយចាក់វ៉ាក់សាំងកូវីដហើយ ក៏មានរដូវខុសប្លែកមកភ្លាមៗតែម្តង។

ចំពោះករណីទាំងនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកំពុងព្យាយាមសិក្សា និងស៊ើបបន្ថែមពីលើផលប៉ះពាល់ដែលបានរាយការណ៍ខាងលើផងដែរ ថាតើវាមានទំនាក់ទំនងគ្នាឬទេរវាងការចាក់វ៉ាក់សាំង និងការលេចចេញអាការៈខុសប្រក្រតីនៃផ្នែករដូវស្រ្តីនេះ។ មន្ត្រីជំនាញសុខាភិបាលម្នាក់លើកឡើងថា ឥឡូវនេះមិនទាន់មានការរាយការណ៍ផ្លូវការណាមួយបង្ហាញពីភាពទាក់ទងគ្នានៃការចាក់វ៉ាក់សាំងទៅនឹងបញ្ហានេះទេ ទាំងក្នុងស្រុក និងក្រៅស្រុក ដូចនេះអជ្ញាធរកំពុងប្រមូល និងពីនិត្យលើទីន្នន័យបន្ថែមសិន ហើយនឹងប្រកាសឱ្យដឹងពីលទ្ធផលផ្លូវការនាពេលឆាប់ៗនេះ។

អ្នកជំនាញរូបនេះបានលើកឡើងពីករណីនៅប្រទេសគេផ្សេង ដូចជានៅអាម៉េរិក អជ្ញាធរសុខាភិបាលមិនមានការទទួលស្គាល់ ឬការរាយការណ៍ផ្លូវការណាបង្ហាញពីផលប៉ះពាល់ដូចនេះទេចំពោះវ៉ាក់សាំងកូវីដ Pfizer និង Janssen ក្នុងអំឡុងពេលនៃការធ្វើតេស្តសាកល្បង ខណៈអជ្ញាធរសុខាភិបាលនៅអឺរ៉ុប រួមទាំងអង់គ្លេស និងអាល្លឺម៉ង់ក៏មិនមានការរាយការណ៍ជាផ្លូវការណាមួយពាក់ព័ន្ធករណីទាំងនេះដែរ។ មានការលើកឡើងដែរ ពីបញ្ហានៃភាពមិនប្រក្រតីនៃវដ្តរដូវរបស់ស្រ្តីក្នុងពេលចាក់វ៉ាក់សាំងកូវីដនេះ តែរបាយការណ៍មិនបញ្ជាក់ពីការពាក់ព័ន្ធគ្នានោះទេ ដោយលើកឡើងថាភាពមិនប្រក្រតីអាចបណ្តាលមកពីហេតុផលផ្សេងៗទៀតប៉ុណ្ណោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *