កូរ៉េខាងត្បូង៖ បុគ្គលិកភេទប្រុសធ្វើការនៅនឹងក្រុមហ៊ុនឯកជនធំៗនៅកូរ៉េខាងត្បូង បានប្រាក់ខែជាមធ្យមខ្ពស់ជាងបុគ្គលិកភេទស្រ្តីសម្រាប់ការងារដូចគ្នា ក្រុមហ៊ុនធំដូចគ្នា ដល់ទៅ១.៦ដងឯណោះ បង្ហាញពីគម្លាតនៃចំណូលរវាងភេទប្រុស និងស្រីក្នុងវិស័យការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
តាមទិន្នន័យពីសម្រង់មតិរដ្ឋាភិបាលមួយបង្ហាញពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញបានឱ្យដឹងថា ក្នុងឆ្នាំ២០២០ ជាមធ្យមបុគ្គលិកប្រុសទទួលបានប្រាក់ខែជាមធ្យមដល់ទៅ ៧៩.៨លានវ៉ុន (ប្រមាណ៦៨,៨០០ដុល្លារ) ខណៈបុគ្គលិកស្រ្តីវិញទទួលបានប្រាក់ខែជាមធ្យមត្រឹមតែ៥១.១លានវ៉ុនប៉ុណ្ណោះ នេះគឺសម្រាប់តែបុគ្គលិកក្រុមហ៊ុនឯកជនធំៗដែលក្រុមហ៊ុនមានចុះឈ្មោះក្នុងទីផ្សារភាគហ៊ុនប៉ុណ្ណោះ ដែលគេយកមកសិក្សា ដែលមានដល់ទៅ២,១៤៩ក្រុមហ៊ុន នេះបើតាមការបញ្ជាក់របស់ក្រសួងសមភាពយ៉េនដឺ និងគ្រួសារកូរ៉េ។
តួលេខជាមធ្យមខុសគ្នាច្រើនគួរសមដល់ទៅ១.៦ដង នេះបង្ហាញពីគម្លាតនៃប្រាក់ខែរវាងភេទបុរស និងភេទស្រ្តី ដែលបុគ្គលិកប្រុសជាមធ្យមគឺទទួលបានប្រាក់ខែខ្ពស់ជាងភេទស្រ្តី។ តួលេខនៃចន្លោះគម្លាតប្រាក់ខែរវាងភេទទាំងពីរនេះកើនដល់ទៅ ៣៥.៩%ឆ្នាំ២០២០ ហើយបើគិតទៅគឺខ្ពស់ជាងបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀតនៃប្រទេស OECD ដែលជាបណ្តុំប្រទេសអភិវឌ្ឍន៍ ដែលតួលេខជាមធ្យមនៃគម្លាតប្រាក់ខែរវាងបុរស និងស្រ្តីនៅប្រទេសអភិវឌ្ឍន៍គឺមានត្រឹមតែ ១២.៨% ប៉ុណ្ណោះ។
តួលេខបង្ហាញពីភាពខុសគ្នានៃប្រាក់ខែក្នុងក្រុមហ៊ុនធំៗចុះឈ្មោះក្នុងទីផ្សារភាគហុ៊ននេះ គឺជាការបញ្ចេញតួលេខលើកទី១ហើយ។ តែយ៉ាងណាដែរ ក្រសួងជំនាញក៏បានលើកឡើងកត្តាពន្យល់ផងដែរ ដោយគម្លាតធំនេះ គឺអាចបណ្តាលមកពីគម្លាតនៃឆ្នាំបម្រើការងារជាមធ្យមផងដែរ ដោយតួលេខបង្ហាញបុគ្គលិកជាបុរសច្រើនតែបម្រើការនៅក្រុមហ៊ុនបានយូរជាងស្រ្តី ជាមធ្យមបម្រើការនៅក្រុមហ៊ុនដល់ទៅ ១២.២ឆ្នាំ ខណៈស្រ្តីជាមធ្យមមានត្រឹមតែ ៨.២ឆ្នាំប៉ុណ្ណោះ។ តួលេខនៃការបម្រើការនៅក្រុមហ៊ុនកាន់តែយូរជាងរបស់បុរសនេះហើយ អាចជាកត្តាមួយក្នុងការជំរុញឱ្យប្រាក់ខែបុរសបានច្រើនជាងស្រ្តី ដែលជាមធ្យមមានរយៈពេលបម្រើការនៅក្រុមហ៊ុនតិចជាងនោះ។
បើគិតតាមវិស័យវិញនោះ ក្រុមហ៊ុនវិស័យគ្រប់គ្រងគឺភាគច្រើនមានតួលេខគម្លាតប្រាក់ខែតាមភេទនេះខ្ពស់ជាងគេដល់ទៅ ៤៨.៥% ខណៈក្រុមហ៊ុនហិរញ្ញវត្ថុវិញមានគម្លាតប្រាក់ខែដល់ទៅ ៤១.៤%ដែរ។ ក្រុមហ៊ុន លក់ផលិតផលកីឡា និងថ្នាំជំនួយសុខភាពមានអត្រាគម្លាតប្រាកខែតាមភេទបុគ្គលិកទាបជាងគេ ត្រឹមតែគម្លាត២២.៥%ប៉ុណ្ណោះ។
ចំពោះតួលេខនេះដែរ កន្លងមកក្រសួងសមភាពយ៉េនឌឺកូរ៉េខាងត្បូង ក៏បានបញ្ជាក់ថាក្រសួងនឹងព្យាយាមកាត់បន្ថយគំលាតនេះឱ្យមកនៅកាន់តែទាប ដោយអាចធ្វើការលុបចោលរនាំងឧបសគ្គក្នុងការចូលទីផ្សារការងារ ជាពិសេសគឺរនាំងដែលប្រឈមដោយស្រ្តីនៅនឹងកន្លែងការងារ រួមជាមួយនឹងវិធានការសមស្របដទៃទៀត ដើម្បីដោះស្រាយនិងបង្រួមបញ្ហានេះនៅពេលខាងមុខ។