ចែករំលែក! ពីខែកក្កដា ២០២២ទៅ អត្រាបង់ធានារ៉ាប់រងការងារកាត់ចេញពីប្រាក់ខែនៅកូរ៉េខាងត្បូង នឹងកើនបន្ថែម ០.២% ទៀត គឺឡើងទៅដល់ .. ដោយសារបញ្ហាធំ១នេះ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចនៅថ្ងៃពុធម្សិលមិញនេះហើយ នឹងតម្លើងអត្រានៃការតម្រូវឱ្យបង់ប្រាក់ធានារ៉ាប់រងការងារបន្ថែមទៀតសម្រាប់ឆ្នាំក្រោយនេះ ខណៈដែលបច្ចុប្បន្នកញ្ចប់ថវិកាមូលនិធិសម្រាប់ធានារ៉ាប់រងការងារ កំពុងតែខ្សត់ៗទៅក្នុងស្ថានការណ៍នៃជំងឺកូវីដនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ចុះផ្សាយបានឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយរវាងគណៈកម្មការនៃមូលនិធីធានារ៉ាប់រងការងារ​ នៃក្រសួងការងារកូរ៉េ ដែលក្រោមកិច្ចប្រជុំនេះគេបានឯកភាពនឹងតម្លើងអត្រាតម្លៃធានារ៉ាប់រងការងារបន្ថែមទៀត តម្លើងពី១.៦% បច្ចុប្បន្ននេះឡើងដល់ ១.៨% សម្រាប់ចាប់អនុវត្តពីខែកក្កដា ឆ្នាំ២០២២ខាងមុខទៅ។ មានន័យថាក្នុងប្រាក់ចំណូលដែលបុគ្គលិកម្នាក់រកបានប្រចាំខែ នឹងត្រូវកាត់ចំនួន ១.៨% ឱ្យទៅមូលនិធីធានារ៉ាប់រងការងារ​ ចាប់ពីកាលបរិច្ឆេទថ្មីតទៅ ដែលការតម្លើងចំនួន ០.២% នេះនឹងត្រូវរួមគ្នាចេញរវាងបុគ្គលិក និងថៅកែ។ មានន័យថាបន្ទុកកើន០.១% ជាបន្ទុកបន្ថែមទៅលើបុគ្គលិកផ្ទាល់ រីឯ ០.១%ទៀតត្រូវទទួលបន្ទុកដោយថៅកែផងដែរ។

ការតម្លើងអត្រាកាត់ប្រាក់ខែសម្រាប់បង់ចូលធានារ៉ាប់រងការងារនេះ ជាការប្រកាសតម្លើងផ្លូវការដំបូងបង្អស់ហើយក្នុងរយៈពេល៣៣ខែចុងក្រោយ តាំងពីខែតុលា ២០១៩មកដែលកាលនោះត្រូវបានតម្លើងពីអត្រា ១.៣% មកដល់អត្រាអនុវត្តបច្ចុប្បន្ននេះ ១.៦%។ ការសម្រេចចិត្តបែបនេះត្រូវបានឯកភាពរវាងអ្នកជំនាញពាក់ព័ន្ធ ដោយសារតែហេតុផលលុយបម្រុងទុកសម្រាប់មូលនិធិធានារ៉ាប់រងនេះ កាន់តែខ្សត់ខ្សោយទៅ ថយចុះរហូតជាពិសេសក្នុងអំឡុងនៃស្ថានការណ៍កូវីដដែលកំពុងវាយលុកខ្លាំងទៅលើទីផ្សារការងារសព្វថ្ងៃនេះ។

បើតាមការព្យាករណ៍របស់អ្នកជំនាញ មូលនិធិប្រាក់ធានារ៉ាប់រងការងារនេះ បើតាមស្ថានការណ៍សព្វថ្ងៃនេះដែលមានអ្នកបាត់បង់ការងារ និងហេតុផលផ្សេងៗទៀតនោះ គឺកញ្ចប់មូលនិធិធានារ៉ាប់រងការងារនេះត្រូវធ្លាក់ចុះជាបន្តបន្ទាប់ ហើយអាចនឹងថយចុះដល់កម្រិតធ្ងន់ធ្ងនៅត្រឹមចុងឆ្នាំ២០២១នេះ ប្រសិនបើមិនមានវិធានការដោះស្រាយដូចដែលគេឯកភាពថ្មីនេះទេនោះ។

មែនទែនទៅ តាំងពីឆ្នាំ២០១៧មក ប្រាក់ក្នុងមូលនិធីធានារ៉ាប់រងការងាររបស់ក្រសួងការងារកូរ៉េនេះ ថយជាបន្តបន្ទាប់ប្រចាំឆ្នាំ ហើយរំពឹងថានឹងថយមកនៅសល់ត្រឹមតែជាង ៤.៧ទ្រីលានវ៉ុន (ប្រមាណជាង៤.៦២ពាន់លានដុល្លារ) ប៉ុណ្ណោះ ទំហំទឹកប្រាក់នៅលើក្រដាសនៅចុងឆ្នាំ២០២១នេះ ហើយបើមិនគិតពីកញ្ចប់លុយបំរុងដែលមូលនិធីបានខ្ចីមកបំពេញក្នុងមូលនិធីធានារ៉ាប់រងការងារនេះចំនួនដល់ទៅ ៧.៩ទ្រីលានវ៉ុនទេនោះ គឺមានន័យថាលុយក្នុងមូលនិធីនៅចុងឆ្នាំនេះ នឹងថយចុះមកនៅអតិរេកត្រឹមតែ -៣.២ទ្រីលានវ៉ុនវិញ មានន័យថានឹងអស់រលីង ហើយជំពាក់ដល់ទៅ៣.២ទ្រីលានវ៉ុន។

ការថយចុះនៃកញ្ចប់លុយក្នុងមូលនិធីធានារ៉ាប់រងការងារនេះ គឺដោយសារតែរដ្ឋាភិបាលបង្កើនខ្ទង់ចំណាយផ្តល់ទៅលើអត្ថប្រយោជន៍នៃអ្នកដែលបាត់បង់ការងារក្នុងស្ថានការណ៍កូវីដនេះ ដែលមានបុគ្គលិក អ្នកធ្វើការជាច្រើនត្រូវបានបាត់បង់ការងារជាពិសេសគឺតាមវិស័យដែលរងការប៉ះពាល់ខ្លាំងមួយចំនួនដូចជាវិស័យសេវាកម្ម វិស័យទេសចរណ៍ជាដើម ដែលអ្នកបាត់បង់ការងារទាំងនេះ បានទទួលបានប្រាក់សំណងធានារ៉ាប់រងបាត់បង់ការងារ ដែលកើនឡើងច្រើនជាងមុន ទាំងក្នុងទំរង់ជាការផ្តល់ប្រាក់សុទ្ធផង និងការផ្តល់ប្រាក់តាមកាលបរិច្ឆេទផង។

ជាក់ស្តែង គ្រាន់តែក្នុងឆ្នាំ២០២០នេះ ប្រាក់សំណងសម្រាប់ផ្តល់ជូនអ្នកបាត់បង់ការងារមានដល់ទៅជាង ១២.២ទ្រីលានវ៉ុន គឺកើនឡើងដល់ទៅ ៤៥.៣% ពីឆ្នាំ២០១៩មក។ តែក្នុងនោះដែលវិធានការមួយផ្សេងទៀត ដែលក្រសួងការងាររបស់កូរ៉េ ដែលជាអាណាព្យាបាលនៃមូលនិធីនេះគ្រោងនឹងលើកមកដោះស្រាយគឺ នឹងអាចស្នើសុំប្រាក់បន្ថែមពីរដ្ឋដល់ទៅ១.៣ទ្រីលានវ៉ុន ដើម្បីយកមកផ្គត់ផ្គង់ក្នុងមូលនិធីនេះឱ្យបានកាន់តែមានស្ថិរភាពជាងមុនផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *