អបអរសាទរ! សមិទ្ធិផលប្រវត្តិសាស្រ្តថ្មី របស់លោកទូត ឡុង​ ឌីម៉ង់ ២ថ្ងៃមុនបញ្ចប់អាណត្តិការទូត សម្ភោធទីស្នាក់ការផ្លូវការជូនដល់សមាគមនិស្សិតកម្ពុជាយើងនៅកូរ៉េ

កូរ៉េខាងត្បូង៖ លោកទូត ឡុង ឌីម៉ង់បានបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត សម្រាប់និស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសកូរ៉េ ២ថ្ងៃមុនចប់អាណត្តិបេសកកម្មជាឯកអគ្គរាជទូតនៅលើទឹកដីប្រទេសកូរ៉េខាងត្បូង។

ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់លោកទូត និងសហការី ទីបំផុតសមាគមនិស្សិតខ្មែរនៅកូរ៉េមានទីស្នាក់ការផ្ទាល់ខ្លួននៅទីក្រុងសេអ៊ូលហើយ បន្ទាប់ពីបានបង្កើតសមាគមអស់រយៈពេល៨ឆ្នាំកន្លងមក ហើយក៏ជាមោទនភាពខ្លាំងណាស់ដែល ដែលសមាគមនិស្សិតខ្មែរនៅកូរ៉េ ជាសមាគមនិស្សិតកម្ពុជាទី១ នៅក្រៅប្រទេសដែលមានទីស្នាក់ការផ្ទាល់ខ្លួន។

ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ បានប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកទូត ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា និង លោក Yu Changhyung តំណាងសមាគម Happy Dream Association ដែលជាសប្បុរសជនឧបត្ថមដល់ការជួលអគារ។
អាគារទីស្នាក់ការថ្មីនេះមានអាសយដ្ឋាននៅសង្កាត់ហាន់ណាំ ខណ្ឌយ៉ុងសាន ទីក្រុង សេអ៊ូល និងមានការចូលរួមពីមន្រ្តីទូត និងនិស្សិតចំនួនប្រមាណ២០នាក់ផងដែរ ក្រោមបរិយាកាសរីករាយ និងក្ដីរំភើប។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍នៃពិធីសម្ពោធ លោកស្រី តូច ពិសី ប្រធានសមាគមនិស្សិតកម្ពុជាអាណត្តិទី៨ បានលើកឡើងថានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជាព្រឹត្តិការណ៍សឹងតែពុំនឹងស្មានដល់សម្រាប់ក្រុមប្រឹក្សាភិបាលសមាគមគ្រប់ៗអាណត្តិកន្លងមក។ លោកទូតក៏បានផ្តាំផ្ញើប្អូនៗនិស្សិត សូមប្រើប្រាស់ទីតាំងនេះប្រកបដោយគុណភាព និងគុណតម្លៃ ហើយសង្ឃឹមថាទីស្នាក់ការនេះនឹងជាកន្លែងផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងជួយដោះស្រាយបញ្ហានានារបស់ប្អូនៗនិស្សិតក្នុងកំឡុងពេលសិក្សានៅកូរ៉េ។

អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែពិសេសទៀតនោះ គឺនេះជាសមិទ្ធផលបន្ថែមថ្មីមួយទៀតមុននឹងលោកទូត ឡុង ឌីម៉ង់ បិទបញ្ចប់ទំព័របេសកកម្មការទូតខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយពីលោកត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ២០១៦មក ដែលគិតមកដល់ពេលនេះប្រហែលមានរយៈពេលជាង៥ឆ្នាំមកហើយ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *