បែកធ្លាយទើបដឹង! ប្រធានពេទ្យ និងបុគ្គលិករដ្ឋបាល ៦នាក់ នៅ​មន្ទីរពេទ្យមួយនៅអ៊ីនឆន់ត្រូវប៉ូលិសឃាត់ខ្លួន ក្រោយរកឃើញថាឱ្យបុគ្គលិករដ្ឋបាលអត់ជំនាញវះកាត់ជំនួសគ្រូពេទ្យ អាចមកពីហេតុផល១នេះ …

កូរ៉េខាងត្បូង៖ យ៉ាងហោចមនុស្ស៦នាក់ មានតាំងពីប្រធានមន្ទីរពេទ្យ រហូតដល់បុគ្គលិកធម្មតានៃមន្ទីរពេទ្យមួយកន្លែងនៅក្នុងក្រុងអ៊ីនឆន់ ត្រូវបានសមត្ថកិច្ចស៊ើបអង្កេត និងបែកធ្លាយរឿងឈានដល់ការឃាត់ខ្លួនទាំងអស់គ្នា ពាក់ព័ន្ធករណីបន្លំរៀបចំការវះកាត់វេជ្ជសាស្រ្តដោយខុសនីតិវិធីក្រមវិជ្ជាជីវៈរបស់គ្រូពេទ្យ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Naver News នៅថ្ងៃពុធនេះ។

ចុះផ្សាយក្នុងសារព័ត៌មាននេះបានឱ្យដឹងថា ករណីនៃការឃាត់ខ្លួននេះត្រូវបានប្រកាសឱ្យដឹងពីស្ថានីយ៍ប៉ូលិសក្រុងអ៊ីនឆន់ ដែលបានបញ្ជាក់ថានៅថ្ងៃទី៣១ សីហាម្សិលមិញនេះ ក្រុមសមត្ថកិច្ចបានចុះទៅចាប់ខ្លួនប្រធានផ្នែកនៃមន្ទីរពេទ្យដល់ទៅ៣នាក់ រួមទាំងប្រធានផ្នែកវះកាត់ឆ្អឹងខ្នងផងដែរ ជាមួយនឹងបុគ្គលិករដ្ឋបាលពេទ្យ៣នាក់ទៀត ដែលអ្នកទាំងអស់គ្នានេះជាប់ចោទពីបទបំពានលើច្បាប់វិធានការពិសេសលើការគ្រប់គ្របបទឧក្រិដ្ឋសុខាភិបាល។

លោកប្រធានចៅក្រមនៃតុលាការក្រុងអ៊ីនឆន់បានចេញដីកាឃាត់ខ្លួនចំពោះជនពាក់ព័ន្ធខាងលើនេះ ក្រោយពីបានធ្វើការចោទសួរទៅលើជនសង្ស័យទាំងអស់ មុននឺងឈានដល់ការសម្រេចចេញដីកាឃាត់ខ្លួននៅរសៀលថ្ងៃអង្គារទី៣១ សីហាម្សិលមិញនេះ ដោយហេតុផលថាខ្លាចជនសង្ស័យទាំងនេះ រត់គេចខ្លួនក្នុងពេលស៊ើបអង្កេតនេះ។

ក្នុងករណីល្មើសវិស័យសុខាភិបាលនេះ គ្រូពេទ្យជាប្រធានផ្នែកវះកាត់ឆ្អឹងខ្នង និងអ្នកពាក់ព័ន្ធដទៃទាំងអស់នេះត្រូវរងការចោទប្រកាន់ពីការរៀបចំប្រតិបត្តិការវះកាត់ និងវេជ្ជសាស្រ្តខុសច្បាប់ ខុសក្រមវិជ្ជាជីវៈជាច្រើនលើកច្រើនសារក្នុងបន្ទប់វះកាត់កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ។ ករណីល្មើសនោះមានដូចជាការអនុញ្ញាតឱ្យបុគ្គលិករដ្ឋបាលដែលមិនមានសមត្ថភាពជំនាញក្នុងការវះកាត់ ចូលទៅធ្វើការវះកាត់ដេរមុខរបួសវះកាត់ឱ្យអ្នកជំងឺ ជំនួសឱ្យវេជ្ជបណ្ឌិតដែលមានជំនាញវះកាត់ផ្ទាល់។

ការចោទប្រកាន់នេះគឺមានភស្តុតាងតាមរយៈវីដេអូរយៈពេល១០ម៉ោង មួយដែលប៉ូលិសមានក្នុងដៃ ហើយវីដេអូនេះបានបង្ហាញថា បុគ្គលិករដ្ឋបាលធម្មតាត្រូវបានអនុញ្ញាតឱ្យធ្វើការដេរមុខរបួសវះកាត់នៅនឹងលើផ្នែកខ្នងរបស់អ្នកជំងឺ ដែលអ្នកជំងឺនៅពេលនោះដេកនៅលើគ្រែវះកាត់ តែគ្រូពេទ្យធ្វើការវះកាត់តែ៥នាទីប៉ុណ្ណោះ សល់ប៉ុន្មានគឺឱ្យទៅបុគ្គលិករដ្ឋបាលជាអ្នកចាត់ចែងរៀបចំបន្ត រួមមានទាំងការដេរមុខរបួសនេះផងដែរ។ បើតាមវីដេអូនោះ អ្នកជំងឺត្រូវបានវះកាត់នាពេលនោះ ក្នុងស្ថានភាពស្ពឹកមិនដឹងខ្លួននោះទេ ដូចនេះអ្នកជំងឺមិនអាចដឹងថាមានការបំពានក្រមវិជ្ជាជីវៈគ្រូពេទ្យបែបនេះកើតឡើងលើខ្លួនឡើយ។

បើតាមការសន្និដ្ឋានរបស់ប៉ូលិស គេជឿថាមន្ទីរពេទ្យខាងលើនេះរៀបចំការវះកាត់ជំនួសដោយបុគ្គលិករដ្ឋបាលគ្មានជំនាញវិជ្ជាជីវៈ ជំនួសឱ្យគ្រូពេទ្យវះកាត់ជាក់ស្តែងនេះ គឺដើម្បីកាត់បន្ថយាការចំណាយលើគ្រូពេទ្យជំនាញ និងដើម្បីអាចឱ្យគ្រូពេទ្យជំនាញធ្វើការវះកាត់ជូនអ្នកជំងឺផ្សេងទៀតក្នុងមន្ទីរពេទ្យឱ្យបានកាន់តែច្រើនដើម្បីបានប្រាក់កាន់តែច្រើនដែរនោះ។

មន្ទីរពេទ្យដែលជាប់ពាក់ព័ន្ធនឹងករណីនេះមានគ្រែពេទ្យដល់ទៅ ១០៦គ្រែ និងជាមន្ទីរពេទ្យ​ឯកទេសលើឆ្អឹងខ្នង។ ក្នុងករណីបំពាននេះ ប៉ូលិសបានធ្វើការសាកសួរលើអ្នកពាក់ព័ន្ធ១៥នាក់ ហើយបានចេញដីការឃាត់ខ្លួនចំនួន៦នាក់នេះ។ យ៉ាងណាមិញ ក្នុងករណីនេះ មន្ទីរពេទ្យនៅតែបដិសេធការចោទប្រកាន់ និងបានលើកឡើងថាមិនមានការធ្វើការវះកាត់ជំនួសគ្នាបែបនេះកើតឡើងនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *