នៅកូរ៉េខាងត្បូងចាក់វ៉ាក់សាំងកូវីដបានកាន់តែច្រើន មានការលើកឡើងថ្មីៗ ករណីអ្នកចាក់ហើយកើតមហារីកគ្រាប់ឈាម តែអជ្ញាធរសុខាភិបាលកូរ៉េបកស្រាយថា …

កូរ៉េខាងត្បូង៖ ស្របពេលដែលការចាក់វ៉ាក់សាំងនៅកូរ៉េខាងត្បូងកើនឡើងកាន់តែច្រើន មានប្រជាជននៅកូរ៉េខាងត្បូងកាន់តែច្រើនបានចាក់វ៉ាក់សាំងរួចនោះ គេក៏ឃើញមានថ្មីៗនេះលេចឡើងនូវការបង្ហោះសារជាញ្ញាតិជាបន្តបន្ទាប់ ជូនដល់វិមានប្រធានាធិបតីកូរ៉េ ពីករណីមួយចំនួនដែលមានអ្នកចាក់វ៉ាក់សាំងកូវីដរួច បែរជាមានបញ្ហាជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News ជាភាសាកូរ៉េ។

ចំពោះករណីទាំងនេះមានដូចជា កាលពីថ្ងៃទី២៧ សីហាកន្លងទៅនេះ មានករណីមួយដែលបានលើកឡើងពីស្ថានការណ៍ស្រ្តីម្នាក់អាយុ២០ឆ្នាំជាង ដែលជិតនឹងត្រូវរៀបការទៅហើយ ដែលបានធ្វើជាសារញ្ញាតិបង្ហោះក្នុងវិមានប្រធានាធិបតីកូរ៉េខាងត្បូងជាសាធារណៈ រៀបរាប់ពីអាការៈអនាគតប្តីរបស់ខ្លួនអាយុជាង៣០ឆ្នាំ ដែលជាគ្រូបង្ហាត់កីឡានៅដេហ្គូ ត្រូវបានរកឃើញថាមានអាការៈជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ  (acute myeloid leukemia) គឺត្រឹមរយៈពេលជាង១ខែក្រោយពីបានចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer កាលពីថ្ងៃទី ២៨ កក្កដា កន្លងមក។

ករណីមួយផ្សេងទៀត គឺមានគ្រួសារមួយបានរៀបចំដាក់ញ្ញាតិមកវិមានប្រធានាធិបតីកូរ៉េដូចគ្នា​ ដោយបានលើកឡើងថាបងប្រុសរបស់ខ្លួនបានកើតមានអាការៈជំងឺមហារីកគ្រាប់ឈាមធ្ងន់ធ្ងរដូចគ្នាដែរ ដោយក្រោយពីបានចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Janssen កាលពីថ្ងៃទី១២ មិថុនាកន្លងទៅ។ ក្នុងនោះដែរ ក៏មានការលើកឡើងករណីដោយឡែកផ្សេងៗមួយចំនួន ដូចជាករណីមួយលើកឡើងថាស្រ្តីចំណាស់ម្នាក់អាយុ ៦០ឆ្នាំជាង និងបុរសចំណាស់ម្នាក់ផ្សេងទៀត អាយុ៧០ឆ្នាំជាង មានជំងឺមហារីកគ្រាប់ឈាមដូចគ្នា ដែលពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដនេះដែរ ដែលការលើកឡើងទាំងនេះត្រូវបានចុះផ្សាយក្នុងទំព័រវិមានប្រធានាធិបតីផងដែរ។

ចំពោះការលើកឡើងពីការជាប់ពាក់ព័ន្ធរវាងការចាក់វ៉ាក់សាំង ទៅនឹងជំងឺមហារីកគ្រាប់ឈាមនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានលើកឡើងដូចនេះថា ក្រោយពីបានសិក្សាលើករណីនានាដែលកើតមានក្នុងប្រទេសគេផ្សេង គេមិនទាន់មានការរាយការណ៍ណាមួយអាចបញ្ជាក់ពីការមានជាប់ពាក់ព័ន្ធរវាងការចាក់វ៉ាក់សាំង ទៅនឹងជំងឺមហារីកគ្រាប់ឈាមនេះនោះទេ។ លោកស្រី ឆូ អ៊ុនហ៊ី មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ បានលើកឡើងថាក្រោយពីបានពិនិត្យករណីរាយការណ៍ពីប្រទេសដទៃពីផលប៉ះពាល់នៃការចាក់វ៉ាក់សាំងកូវីដនេះ គេមិនមានកំណត់បានពីការជាប់ពាក់ព័ន្ធគ្នាតាមទំរង់ណាមួយនោះទេ ដូចនេះចំពោះករណីដែលរាយការណ៍មកក្នុងប្រទេសកូរ៉េខាងត្បូង រវាងការចាក់វ៉ាក់សាំង និងជំងឺមហារីកគ្រាប់ឈាមនេះ ក៏មិនទាន់អាចរកបានថាជាប់ពាក់ព័ន្ធនោះដែរ។

អ្នកជំនាញសុខាភិបាលលើកឡើងផងដែរថា បើទោះជាអ្នកជំងឺមាននូវមហារីកគ្រាប់ឈាមមែននោះ ក៏កោសិកានៃជំងឺមហារីកគ្រាប់ឈាមនេះ ត្រូវការរយៈពេលយូរណាស់ វិវត្តខ្លួនបន្តិចម្តងៗទំរាំក្លាយជាជំងឺមហារីកកម្រិតធ្ងន់ធ្ងរបាននោះ។ លោកសាស្រ្តាចារ្យមួយរូបនៅសាកលវិទ្យាល័យកាតូឡិកកូរ៉េ បានលើកឡើងដែរថា ជំងឺមហារីកគ្រាប់ឈាមជាជំងឺកាចសាហាវដោយសារតែអាការៈនៃជំងឺគឺកើតមានលឿនខ្លាំង តែបើគេនិយាយពីដំណើរការវិវត្តន៍នៃជំងឺវិញ គឺជំងឺនេះវិវត្តន៍ខ្លួនក្នុងរយៈពេលយូរណាស់ ទំរាំដល់ដំណាក់កាលចុងក្រោយ ដែលបង្កជាអាការៈលេចចេញលឿនបាននោះ។

ក្នុងហេតុផលនេះ អជ្ញាធរសុខាភិបាលបានបញ្ជាក់ថានឹងពិនិត្យទៅលើការជាប់ពាក់ព័ន្ធគ្នានៃករណីដែលបានរាយការណ៍ទាំងអស់នៃជំងឺមហារីកគ្រាប់ឈាមនេះ ជាមួយនឹងការចាកវ៉ាក់សាំងកូវីដ ដើម្បីអាចធ្វើការបកស្រាយជាផ្លូវការនាពេលឆាប់ៗខាងមុខៗ។ សូមបញ្ជាក់ថា ក្នុងប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្នអ្នកចាក់វ៉ាក់សាំងកូវីដហើយ ដែលបាត់បង់ជីវិតមានចំនួន ៥៣៦នាក់ តែក្នុងនោះមានតែ២ករណីប៉ុណ្ណោះ ដែលជាករណីបញ្ហាកកដុំឈាម (thrombocytopenic thrombosis) និងបញ្ហារលាកសាច់ដុំបេះដូង (myocarditis) ដែលត្រូវបានអជ្ញាធរបញ្ជាក់ផ្លូវការថាជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ-១៩។

Leave a Reply

Your email address will not be published. Required fields are marked *