កូរ៉េខាងត្បូង៖ អង្គការសិទ្ធិជនចំណាកស្រុកក្នុងប្រទេសកូរ៉េខាងត្បូង បានអំពាវនាវអោយមានការផ្តល់ជំនួយសង្រ្គោះដល់អ្នកដែលរងផលប៉ះពាល់ពីកូវីដ ដោយមិនរេីសអេីង តាមរយៈអត្ថបទព័ត៌មានចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ប្រែសម្រួលពីទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។
ក្រុមអង្គការគាំពារសិទ្ធិជនចំណាកស្រុកក្នុងស្រុក ក្នុងថ្ងៃអង្គារនេះបានអំពាវនាវឱ្យរដ្ឋាភិបាលកូរ៉េបង្កើតនូវកម្មវិធីផ្តល់ជំនួយសង្គ្រោះជំងឺកូវីដ -១៩ ដោយមិនរើសអើងមុនពេលការផ្តល់ជាសាច់ប្រាក់ដ៏ធំដែលគ្រោងទុកនៅខែក្រោយចាប់ពីថ្ងៃទី៦ ខែកញ្ញានេះ។ ក្រុមជនអន្តោប្រវេសន៍ប្រហែល ១០០ ក្រុមរួមទាំងមជ្ឈមណ្ឌលចំណាកស្រុកបានចេញសេចក្តីថ្លែងការណ៍រួមទាមទារឱ្យរដ្ឋាភិបាលកូរ៉េ ដាក់បញ្ជូលជនចំណាកស្រុកនៅក្នុងផែនការរបស់ខ្លួនដើម្បីឧបត្ថម្ភប្រាក់សង្រ្គោះដល់អ្នករងគ្រោះពីកូរ៉ូណា ជាមូលប្បទានប័ត្រចំនួន ២៥០.០០០ វ៉ុនស្មេីនឹង (២១៥ ដុល្លារ) ក្នុងមនុស្សម្នាក់ សម្រាប់ ៨៨ ភាគរយនៃប្រជាជនកូរ៉េខាងត្បូង នៅថ្ងៃទី ៦ ខែកញ្ញា។
ពួកគេបាននិយាយថា ជនចំណាកស្រុកជាច្រើនដែលរស់នៅ ធ្វើការ និងបានបង់ពន្ធនៅលើទឹកដីកូរ៉េខាងត្បូងនេះ ជាថ្មីម្តងទៀតត្រូវបានដកចេញពីបញ្ជីអ្នកដែលមានសិទ្ធិទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េ ដើម្បីសម្រាលផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដនេះ។ ក្នុងចំណោមជនបរទេសជាងចំនួន ២ លាននាក់រស់នៅក្នុងប្រទេសកូរ៉េ មានតែប្រមាណ ៣០ ម៉ឺននាក់ប៉ុណ្ណោះ ដែលមានទីលំនៅអចិន្ត្រៃយ៍ វិសារ (F5) និងវិសារអន្តោប្រវេសន៍រៀបការ (F6 ) ឬមានធានារ៉ាប់រងសុខភាពជាតិដូចជនជាតិកូរ៉េ ដែលអាចទទួលបានការឧបត្ថម្ភជំនួយសង្រ្គោះទូទាត់ជាសាច់ប្រាក់តាមផែនការដែលបានប្រកាសដោយរដ្ឋាភិបាលកូរ៉េនេះ ។
យោងតាមក្រុមជនចំណាកស្រុក ជនចំណាកស្រុកត្រូវបានគេរើសអើងចំពោះគោលនយោបាយរបស់កូរ៉េខាងត្បូង ទាក់ទងការឆ្លើយតបទៅនឹងមេរោគរាតត្បាត ដូចជាការផ្គត់ផ្គង់ម៉ាស់សាធារណៈ និងការផ្តល់ជូនមូលនិធិជួយសង្គ្រោះគ្រាអាសន្នជាដេីម។ ចាប់តាំងពីជំងឺរាតត្បាតកូរ៉ូណាថ្មីបានផ្ទុះឡើងកាលពីដើមឆ្នាំមុន រហូតមកដល់ពេលនេះប្រទេសកូរ៉េខាងត្បូងបានផ្តល់ជំនួយសង្គ្រោះដល់អ្នកប៉ះពាល់ពីជំងឺរាតត្បាតនេះជាលេីកទី៤ហើយ សម្រាប់ប្រជាជនជាជនជាតិកូរ៉េខាងត្បូងផ្ទាល់ ។
ក្រុមអង្គការតំណាងជនបរទេសទាំងនេះ បានលើកឡើងថា ជនបរទេសចំណាកស្រុកដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់ គួរតែត្រូវបានចាត់ទុកថាជាផ្នែកមួយនៃសហគមន៍កូរ៉េ ពួកគេក៏បានបង់ពន្ធនៅទីនេះនិងបានបំពេញការទទួលខុសត្រូវរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតផងដែរ ។ ជនអន្តោប្រវេសន៍ក៏ដូចទៅនឹងជនជាតិកូរ៉េខាងត្បូងដែរ គឺបានទទួលរងនូវការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារជំងឺរាតត្បាត ហើយដូចនេះគ្មានហេតុផលអី ដេីម្បីដកពួកគេចេញពីកម្មវិធីទទួលជំនួយសង្គ្រោះនេះទេ ដែលជាកម្មវិធីបង្កើតឡើងដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជន និងធ្វើឱ្យសេដ្ឋកិច្ចរស់រានឡើងវិញ។