មិនគួរឱ្យជឿ! នៅសេអ៊ូល ជនល្មើសម្នាក់ជាប់គុក ១៥ឆ្នាំ ទើបចេញវិញមិនទាន់ស្រួលបួលផង នៅពាក់ឧបករណ៍តាមដានជាប់នៅឡើយសោះ ចុងក្រោយកាត់ឧបករណ៍ចោល ហើយសម្លាប់មនុស្ស២នាក់ទៀត

កូរ៉េខាងត្បូង៖ បុរសកូរ៉េខាងត្បូងម្នាក់ជាជនល្មើស ដែលបានចូលខ្លួនឯងមកសារភាពដល់បុស្តិ៍ប៉ូលិសកូរ៉េ ថាបានសម្លាប់ស្រ្តីចំនួន២នាក់ ក្រោយពីខ្លួនដែលធ្លាប់មានប្រវត្តិប្រព្រឹត្តិបទល្មើសពីមុនមកនោះ បានកាត់ខ្សែជើងអេឡិកត្រូនិកដាក់ជាប់កជើងរបស់ខ្លួន ពេលនេះត្រូវបានតុលាការកូរ៉េខាងត្បូងចេញដីកាឃាត់ខ្លួនហើយ ខណៈបន្តការស៊ើបអង្កេតទៀត។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News រួមនឹងសារព័ត៌មានក្នុងស្រុកកូរ៉េជាច្រើនទៀត បានឱ្យដឹងថាជនល្មើសរូបនេះមានអាយុ៥៦ឆ្នាំ​ ហើយប៉ូលិសឱ្យស្គាល់ថាឈ្មោះ កាង ដែលកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះបានចូលខ្លួនមកដល់ប៉ុស្តិប៉ូលិសនៅតំបន់សុងប៉ា សារភាពខ្លួនឯងផ្ទាល់ថាខ្លួនបានសម្លាប់ស្រ្តីអស់២នាក់ ដែលម្នាក់នៅមុនពេលដែលគាត់មិនទាន់បានកាត់ខ្សែជើងអេឡិកត្រូនិកដាក់ជាប់កជើងរបស់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយក្រោយពីសម្លាប់ជនរងគ្រោះដំបូងគេនោះ គាត់បានកាត់ខ្សែជើងអេឡិកត្រូនិកនោះចោល ហើយព្យាយាមរត់គេចខ្លួន។ ក្នុងពេលដែលជនល្មើសរត់គេចខ្លួននោះ បានសម្លាប់ស្រ្តីម្នាក់ផ្សេងទៀត មុននឹងសម្រេចខ្លួនឯងចូលមកសារភាព និងប្រគល់ខ្លួនដល់ប៉ូលិសបែបនេះ។

ក្រោយពីចូលខ្លួនមកដល់ប៉ុស្តិប៉ូលិសដោយខ្លួនឯង ហើយបានសារភាពពីអ្វីដែលខ្លួនបានប្រព្រឹត្តនោះ ប៉ូលិសបានឃាត់ខ្លួនជនល្មើសនៅនឹងទីតាំង ដោយមិនមានដីកាឃាត់ខ្លួននោះទេ។ ពាក់ព័​ន្ធនឹងនីតិវិធីស៊ើបអង្កេតករណីបន្តបន្ទាប់ តុលាការនៅសង្កាត់សេអ៊ូល ដុងប៊ូ បានសម្រេចចេញដីកាឃុំខ្លួនជនល្មើសរូបនេះ លើបទចោទប្រកាន់ពីអំពើឃាតកម្ម និងការល្មើសទៅលើឧបករណ៍តាមដានអេឡិកត្រូនិក ក្នុងខណៈដែលកំពុងស៊ើបអង្កេត ដោយហេតុផលបារម្ភថាជនល្មើសអាចនឹងរត់គេចខ្លួន។

បើតាមអ្វីដែលជនល្មើសបានសារភាពប្រាប់ប៉ូលិស គឺករណីឃាតកម្មកើតឡើងកាលពីយប់ថ្ងៃព្រហស្បត្តិ៍ម៉ោងជាង ៩:៣០ ដល់ម៉ោង១០យប់ ចំពោះករណីឃាតកម្មលើស្រ្តីទី១ និងករណីទី២កើតឡើងនៅព្រឹកថ្ងៃអាទិត្យម៉ោង៣ព្រឹក។ បើតាមការសារភាព ប៉ូលិសបានចុះទៅពិនិត្យទីតាំងកើតហេតុ និងរកឃើញភស្តុតាង និងសាកសពដូចទៅនឹងការរៀបរាប់ គឺមាន១រកឃើញនៅក្នុងផ្ទះរបស់ជនល្មើស និងម្នាក់ទៀតរកឃើញនៅក្នុងឡានរបស់ជនល្មើស។ ស្រ្តីរងគ្រោះទាំង២នាក់នេះ មានអាយុ៤០ និង៥០ឆ្នាំជាងហើយគឺជាអ្នកស្គាល់គ្នាជាមួយនឹងជនល្មើសដែរ។ លទ្ធផលនៃការស៊ើបអង្កេតបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់សុទ្ធតែស្លាប់ដោយសារការរឹតកដូចគ្នា។

នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ នៅពេលដែលជនលើ្មសបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិស និងតុលាការ មុននឹងចូលទៅដល់ខាងក្នុងអាគារ ជនល្មើសត្រូវបានចោមរោមដោយអ្នកសារព័ត៌មាន តែជនល្មើសបានខឹងយ៉ាងខ្លាំងនិងស្រែកគំហកដាក់អ្នកសារព័ត៌មាន ព្រមទាំងចង់ទាត់មីក្រូហ្វូនរបស់អ្នកសារព័ត៌មានផងដែរ ដោយសារតែអ្នកសារព័ត៌មានព្យាយាមជជីកសួរពីមូលហេតុដែលនាំឱ្យជនល្មើសប្រព្រឹត្តិសកម្មភាពរបស់ខ្លួននេះ។ ក្រោយពីបានចេញពីតុលាការវិញនៅម៉ោងជាង ១១:២០នាទីព្រឹក ជនល្មើសនៅតែខឹងច្រលោតដដែលហើយបានស្រែកថា «ស្តាយក្រោយណាស់ដែលមិនបានសម្លាប់មនុស្សឱ្យច្រើនជាងនេះទៀត»។

មែនទែនទៅបុរសជាជនល្មើសនេះ បុរសរូបនេះធ្លាប់មានប្រវត្តិប្រព្រឹត្តិបទល្មើសដល់ទៅ១៤ដង ភាគច្រើនគឺប្លន់ និងបៀតបៀនផ្លូវភេទ។ កាលពីខែឧសភានេះត្រូវបានគេដោះលែងក្រោយពីបានជាប់គុកអស់១៥ឆ្នាំ តាំងពីឆ្នាំ២០០៥មក ដោយសារតែបទល្មើសប្លន់ និងបៀតបៀនផ្លូវភេទ ដែលបទល្មើសកាលនោះបុរសជាជនល្មើសនេះបានបង្ក ត្រឹមតែក្រោយ៥ខែ បន្ទាប់ពីបានចេញពីពន្ធនាគារពាក់ព័ន្ធនឹងបទល្មើសមុននោះទៅទៀត។ ដល់មកឆ្នាំ២០២១នេះវិញ ទើបតែចេញពីឃុំបាន៣ខែជាង ហើយអជ្ញាធរនៅដាក់ខ្សែជើងអេឡិកត្រូនិកដាក់ជាប់កជើងរបស់ខ្លួនទៀត ដើម្បីប៉ូលិសអាចតាមដានបាន តែបុរសជាជនល្មើសនេះនៅតែបំពានមិនរាងចាលដដែល។

ពាក់ព័ន្ធនឹងករណីនេះ ដែលជនល្មើសអាចកាត់ខ្សែជើងអេឡិកត្រូនិកដាក់ជាប់កជើងរបស់ខ្លួន​ឯងបាននោះ បាននាំឱ្យក្រសួងយុត្តិធម៌កូរ៉េចេញមកអះអាងថានឹងបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពនៃឧបករណ៍នេះដើម្បីកុំឱ្យអ្នកពាក់អាចកាត់ចោលបានដូចនេះទៀត ហើយនឹងបង្កើនការដាក់ទោសលើអ្នកដែលបំពានលើឧបករណ៍នេះផងដែរ ដោយអ្នកដែលបំផ្លាញឧបករណ៍តាមដានរបស់សមត្ថកិច្ចនេះ គឺនឹងអាចប្រឈមការជាប់គុកដល់ទៅ ៧ឆ្នាំ និងរងការផាកពិន័យដល់ទៅ ២០លានវ៉ុនផងដែរ ហើយអាចនឹងយកប៉ូលិសមកតាមឃ្លាំមើលថែមទៀត។

ជនល្មើសនៅពេលកំពុងរត់គេចខ្លួន ចាប់ជាប់ក្នុងកាំមេរ៉ាសុវត្ថិភាព
ផ្ទះជនល្មើសដែលបង្កហេតុ

 

Leave a Reply

Your email address will not be published. Required fields are marked *