កូរ៉េខាងត្បូង៖ គូស្វាមីភរិយាខ្មែរ កូរ៉េមួយគូ ទទួលបានមហាកិត្តិយសធំធេងបានលោកឯកអគ្គរាជទូតកម្ពុជា រួមជាមួយនឹងអភិបាលក្រុងឆុនអាន ចូលរួមជាកិត្តិយសក្នុងឱកាសពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគាត់យ៉ាងផ្អែមល្ហែមនោះ បើតាមការចែករំលែកផ្ទាល់របស់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់។
បង្ហោះផ្ទាល់នៅលើហ្វេសប៊ុករបស់លោកទូត ឡុង ឌីម៉ង់ បានបញ្ជាក់ថា លោកទូតផ្ទាល់ បានចូលរួមជាកិត្តិយសដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយរវាងកូនកម្លោះ កូនក្រមុំខ្មែរនិងកូរ៉េ នៅឯទីក្រុងឆុនអាន ប្រទេសកូរ៉េខាងត្បូងផ្ទាល់ ដែលជាកិត្តិយសដែរនោះ គឺវត្តមានចូលរួមផងដែររបស់លោកអភិបាលក្រុងឆុនអាន ជាមួយនឹងលោកទូត ក្នុងចំណោមក្រុមគ្រួសារ និងសាច់ញាតិ មិត្តភក្តិទាំងអស់នៃគូស្វាមីភរិយាខ្មែរ និងកូរ៉េដ៏មានភព្វសំណាងនេះ។
ចូលរួមក្នុងឱកាសនោះ គឺមានការរៀបចំពិធីអបអរសាទរ និងការរៀបអាពាហ៍ពិពាហ៍តាមបែបបទនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយគ្រប់ៗគ្នាមានទឹកមុខសប្បាយរីករាយ សើចញញឹមញញែមគ្រប់ៗគ្នា ហើយក៏មានការពាក់ម៉ាស់ រក្សាគម្លាតសង្គមទៅតាមការណែនាំរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ផងដែរ។ លោកទូត ឡុង ឌីម៉ង់ ក៏បានផ្តល់កិត្តិយសឡើងលើឆាកដើម្បីរៀបរាប់ពាក្យជូនពរជ័យមួយចំនួន ផ្ទាល់ដោយកូនកម្លោះ និងកូនក្រមុំក្នុងឱកាសនោះផងដែរ។
លោកទូត ឡុង ឌីម៉ង់ រៀបរាប់បញ្ជាក់ថា លោក និងលោកអភិបាលក្រុងឆុនអាន នាឱកាសដ៏វិសេសវិសាលនោះ មានមោទនភាពក្នុងការចូលរួមផ្ដល់ពរជ័យ ជានិមិត្តរូបនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសយើងទាំងពីរ កម្ពុជា និងកូរ៉េខាងត្បូង ដែលធ្វើឲ្យមានការប្រាស្រ័យទាក់ទងគ្នាដោយស្អិតរមួតរវាងប្រជាជាតិទាំងពីរ ហើយឈានដល់ការបង្កើតជាចំណងអាពាហ៍ពិពាហ៍ ឬក៏អាចនិយាយបានថាការបង្កើតគ្រួសារកម្ពុជានិងកូរ៉េ ដ៏ផ្អែមល្ហែមដូចទឹកឃ្មុំ។
សូមបញ្ជាក់ថា លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ក្នុងបេសកកម្មការទូត៥ឆ្នាំជាងកន្លងមកនៅលើទឹកដីកូរ៉េខាងត្បូង នឹងគ្រោងបញ្ចប់បិទទំព័របេសកកម្មការទូតរបស់លោក នាពេលឆាប់ៗខាងមុខនេះហើយ ដោយលោកទូតផ្ទាល់កន្លងមកថ្មីៗនេះ បានធ្វើដំណើរទៅតាមខេត្ត ក្រុងនានាជួបជម្រាបលាបងប្អូនសហគមន៍ខ្មែរយើងជាបន្តបន្ទាប់ ក៏ដូចជាបានចូលជម្រាបលាថ្នាក់ដឹកនាំ និងដៃគូជាមិត្តកូរ៉េ និងបរទេសដែលកន្លងមកតែងតែសហការយ៉ាងជិតស្និទ្ធិជាមួយលោកទូត ជាបន្តបន្ទាប់ផងដែរ។