វិធី ៤ យ៉ាងសំខាន់ក្នុងការប្រើប្រាស់លុយសន្សំឱ្យមានប្រសិទ្ធភាពខ្ពស់ និងផលប្រយោជន៍ទៅខាងមុខ

អ្នកណាខ្លះមានលុយសន្សំច្រើនហើយ តែមិនដឹងថាយកទៅធ្វើអ្វីល្អ។

បើគិតទៅ ការទុកលុយសន្សំចោល គ្មានគោលដៅច្បាស់លាស់ក្នុងការប្រើប្រាស់ មិនមែនជារឿងល្អនោះទេ។ ដោយហេតុថា យើងអាចយកលុយនោះទៅប្រើប្រាស់បានតាមវិធីមួយចំនួន ដើម្បីបង្កើតផលចំណេញឬផលប្រយោជន៍ខ្លះមកវិញ។

ខាងក្រោមនេះ គឺជាគោលដៅខ្លះៗនៃការប្រើប្រាស់លុយសន្សំនោះឱ្យមានប្រយោជន៍ និងផ្ដល់ផលចំណេញ​មកយើងវិញ គឺ៖

១. ទុកបម្រុងសម្រាប់ពេលមានអាសន្ន

ដំបូងឡើយ អ្នកគួរទុកលុយសន្សំមួយចំនួនបម្រុងសម្រាប់ពេលមានអាសន្នឬមានបញ្ហាបន្ទាន់ណាមួយ។ ដូចដែលកាក់សេនធ្លាប់លើកឡើងជារឿយៗអញ្ចឹង យើងមិនអាចដឹងមុនបានឡើយថានឹងអាចមានអ្វីកើតឡើងនៅថ្ងៃមុខ ហើយការទុកលុយបម្រុងសម្រាប់ពេលមានអាសន្ននេះដែរ អាចធ្វើអោយយើងមានអារម្មណ៍សុវត្ថិភាពផ្នែកហិរញ្ញវត្ថុផង។ ហេតុនេះហើយ អ្នកគួរទុកលុយបម្រុងសម្រាប់ពេលមានអាសន្នក្នុងចំនួនមួយសមរម្យ ដែលអ្នកគិតថាអាចគ្រប់គ្រាន់នឹងដោះទាល់បញ្ហានានា តួយ៉ាងដូចជាបញ្ហាសុខភាព គ្រោះថា្នក់ចៃដន្យ ថ្លៃជួសជុលសម្ភារផ្សេងៗជាដើម។

២. ធ្វើការវិនិយោគ

បន្ទាប់ពីធ្វើការ រកស៊ីបង្កើតប្រភពចំណូល ការវិនិយោគនេះហើយដែលជាមធ្យោបាយទីពីរដែលអាចបង្កើនប្រាក់ចំណូលបន្ថែមដល់អ្នក។ ការវិនិយោគមានច្រើនប្រភេទណាស់ ដូចជាការវិនិយោគលើភាគហ៊ុន អចលនទ្រព្យ និងលើរូបិយប័ណ្ណឌីជីថលជាដើម ដែលក្នុងនោះរូបិយប័ណ្ណឌីជីថលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្រុមអ្នកវិនិយោគ ហើយការប្រើប្រាស់វាក៏កំពុងតែមានភាពទូលំទូលាយផងដែរ។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ ការបណ្ដាក់ទុនក្នុងរបរអាជីវកម្មជាមួយបងប្អូនឬមិត្តភក្តិដែលអាចចាត់ទុកបានថាជាការវិនិយោគមួយដែរនោះ ក៏ចាប់ផ្ដើមមានភាពពេញនិយមដែរ ស្របពេលដែលវាក៏ធ្វើអោយអ្នកទទួលបានប្រាក់ចំណេញផង។

៣. បើកមុខរបរអាជីវកម្មតូចមួយ

ប៉ុន្តែបើអ្នកមិនចង់បណ្ដាក់ទុនរកស៊ីទេនោះ អ្នកអាចពិចារណាការបើកអាជីវកម្មផ្ទាល់ខ្លួនវិញ។ ទោះបីត្រឹមអាជីវកម្មខ្នាតតូចក្ដី ការបើកអាជីវកម្មអាចចាត់ទុកបានថាជាជំហានដ៏ធំមួយក្នុងផ្លូវជីវិត តែវាអាចផ្ដល់មកឱ្យយើងវិញនូវប្រភពចំណូល និងការបង្កើនប្រាក់។ ស្របពេលជាមួយគ្នានោះ វាពិតជាទីគាប់ចិត្តដែលយើងបានបើកអាជីវកម្មក្នុងក្ដីស្រមៃរបស់យើង រួមទាំងបានបង្ហាញពីឯករាជ្យភាពរបស់ខ្លួនតាមរយៈការបង្កើតមុខរបរមួយរបស់ខ្លួនឯង។ ដើម្បីបើកអាជីវកម្មមួយបាន ទាមទារឱ្យអ្នកមានប្រាក់សន្សំគ្រប់គ្រាន់ទាំងត្រូវចំណាយលើការផ្សព្វផ្សាយ និងចំណាយដទៃទៀត ហើយវាទាមទារឱ្យអ្នកចេះគ្រប់គ្រងចំណូលចំណាយផងដែរ។

៤. ដាក់សន្សំនៅធនាគារ

ក្រៅពីការប្រើប្រាស់លុយសន្សំលើគោលដៅណាមួយខាងលើ តែអ្នកនៅមិនអាចសម្រេចចិត្តបាន ហើយគិតថាខ្លួនមិនសូវចេះផ្នែករកស៊ី វិនិយោគអីទៀតនោះ អ្នកអាចដាក់ប្រាក់សន្សំផ្ញើនៅធនាគារបាន។ ទីមួយ វាមានសុវត្ថិភាពជាងទុកដាក់នៅជាប់ខ្លួន ហើយទីពីរ យើងបានចំណេញពីការប្រាក់លើប្រាក់បញ្ញើទៀតផង។

សរុបទៅ ទោះបីជាអ្នកមានឬគ្មានហេតុផលសម្រាប់ប្រើប្រាស់លុយសន្សំដែលអ្នកមានក៏ដោយ វាទាមទារការសម្រេចចិត្តឱ្យបានច្បាស់លាស់ ព្រោះការប្រើប្រាស់លុយក្នុងបរិបទមួយចំនួនអាចធ្វើអោយអ្នកប្រឈមនឹងកំហាតបង់ ដែលតម្រូវឱ្យអ្នកសិក្សាលើហានិភ័យផ្សេងៗជាមុនសិន។

ខ្លឹមសារទាំងស្រុងពី៖ កាក់សេន KAKCENT

Leave a Reply

Your email address will not be published. Required fields are marked *