ជះលុយធំទៀតហើយ! ឆ្នាំ២០២២ ខណៈកូវីដមិនទាន់ធូរស្បើយ រដ្ឋាភិបាលកូរ៉េខាងត្បូងស្នើលើកកញ្ចប់ថវិកាដល់ រាប់រយពាន់លានដុល្លារ មកដោះស្រាយជូនអ្នកប៉ះពាល់ពីកូវីដ តាមវិស័យធំៗទាំងនេះ

កូរ៉េខាងត្បូង៖ សំណើថ្មីលើកញ្ចប់ទឹកប្រាក់បម្រុងត្រៀមសម្រាប់ឆ្លើយតបទៅនឹងជំងឺរាតត្បាត ក្នុងឆ្នាំ២០២២ខាងមុខត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងស្នើឡើងហើយនៅថ្ងៃនេះ ដែលមានទំហំមហាសាលធំមែនទែន ខណៈដែលកូរ៉េខាងត្បូងគ្រោងនឹងយកកញ្ចប់ថវិកានេះដើម្បីជំរុញចរន្តចំណាយប្រាក់ទៅក្នុងសេដ្ឋកិច្ចជាតិ ធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចមានដំណើរការរលូនឡើងវិញ ក្រោយរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដជាង២ឆ្នាំមកនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា កញ្ចប់ទឹកប្រាក់ថ្មីដែលស្នើឡើងដោយគណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូង សម្រាប់ឆ្លើយតបនឹងអ្នកប៉ះពាល់ពីកូវីដសម្រាប់ឆ្នាំ២០២២នោះ នឹងកើនឡើងដល់ទៅ៨.៣% ធៀបនឹងទឹកប្រាក់ឆ្នាំ២០២១នេះ ហើយមានទំហំដល់ទៅជាង ៦០៤.៤ទ្រីលានវ៉ុន (ប្រមាណ៥១៩ពាន់លានដុល្លារ) ខណៈដែលឆ្នាំ២០២១នេះ កញ្ចប់ទឹកប្រាក់មានទំហំត្រឹម៥៥៨ទ្រីលានវ៉ុន នេះបើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង។ កញ្ចប់ទឹកប្រាក់ថ្មីនេះ រដ្ឋាភិបាលកូរ៉េគ្រោងនឹងរៀបចំបញ្ជូនទៅដល់សភាកូរ៉េខាងត្បូង ពិនិត្យនិងអនុម័តបន្តនៅថ្ងៃសុក្រនេះ។

ក្រសួងសេដ្ឋកិច្ចកូរ៉េ ដែលជាអាណាព្យាបាលលើគោលនយោបាយសេដ្ឋកិច្ចស្រោចស្រង់អ្នកដែលប៉ះពាល់ពីស្ថានការណ៍កូវីដបានលើកឡើងថាឆ្នាំ២០២២នឹងបន្តនូវគោលនយោបាយបង្កើនការចំណាយចាក់លុយទៅក្នុងសេដ្ឋកិច្ចជាតិបន្ថែមទៀត ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចពីស្ថានការណ៍កូវីដដែលនៅតែបន្តធ្វើឱ្យប៉ះពាល់ខ្លាំងលើសេដ្ឋកិច្ចកូរ៉េអស់ជាង២ឆ្នាំមកហើយនេះ។ ក្នុងនោះដែរ ជាមួយនឹងគោលការណ៍បង្កើនចំណាយនេះ រដ្ឋាភិបាលកូរ៉េក៏នឹងផ្តោតលើសម្រួលដោះស្រាយបញ្ហាបំណុលជាតិផងដែរ ធ្វើយ៉ាងណាឱ្យការស្រោចស្រង់សេដ្ឋកិច្ចពីកូវីដ មិនជះឥទ្ធិពលខ្លាំងទៅលើបញ្ហាថវិកាជាតិនាពេលនេះ។

សម្រាប់ថវិកាជាតិលើកឡើងត្រៀមសម្រាប់ទប់ស្កាត់ផលប៉ះពាល់កូវីដឆ្នាំ២០២២នេះ រដ្ឋាភិបាលនឹងបញ្ចេញដល់ទៅ២១៦.៧ទ្រីលានវ៉ុនសម្រាប់ទ្រទ្រង់វិស័យសុខាភិបាល សុខុមាលភាព និងការងារ ដែលនឹងកើនឡើង៨.៥%ពីឆ្នាំនេះ ហើយទឹកប្រាក់ត្រៀមសម្រាប់ជួយដល់សហគ្រាសធុនតូចនិងមធ្យមក៏នឹងកើនឡើង៦% ឡើងដល់៣០.៤ទ្រីលានវ៉ុន។ ក្នុងនោះក៏មាន កញ្ចប់៣១.៣ទ្រីលានវ៉ុនត្រៀមសម្រាប់ការបង្កើតការងារបន្ថែមដល់ទៅ ២.‌១១កន្លែងសម្រាប់ឆ្នាំ២០២២ និងទឹកប្រាក់ ១៨.៨ទ្រីលានវ៉ុន សម្រាប់ជំនួយសង្គមផងដែរ។

លើសពីនោះទៀត កញ្ចប់ទឹកប្រាក់នេះ ក៏មានជាង៥.៨ទ្រីលានវ៉ុន ត្រូវយកមកប្រើបម្រុងទុកទិញវ៉ាក់សាំងកូវីដបន្ថែមដើម្បីជាការចាក់ជូនដូសបន្ថែមជូនប្រជាជនខ្លួននៅឆ្នាំ២០២២ ហើយក៏មានកញ្ចប់លុយជាង ៧០០ពាន់លានវ៉ុនទៀត នឹងត្រូវដាក់ចូលមូលនិធិសម្រាប់ជួយគាំទ្រផលិតកម្មវ៉ាក់សាំងក្នុងស្រុកផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោករដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង ហុង ណាមគី លើកឡើងថាផលប៉ះពាល់ពីកូវីដទំនងជានឹងមិនទាន់ធូរស្បើយឡើយសម្រាប់ឆ្នាំ២០២២ ដូចនេះត្រូវធានា​ឱ្យមានគោលនយោបាយបង្កើនការចំណាយបន្តទៀត ខណៈចាប់ពីឆ្នាំ២០២៣ទៅ ទើបកូរ៉េខាងត្បូងអាចចាប់ផ្តើមរៀបចំផែនការសេដ្ឋកិច្ចរបស់ខ្លួនមកស្ថានការណ៍ធម្មតាវិញបន្តិចម្តងៗ។

 

Leave a Reply

Your email address will not be published. Required fields are marked *