បារម្ភមែនទែន! បច្ចុប្បន្នបញ្ហាធំៗ ៣ នេះហើយ នាំឱ្យងាយឆ្លងកូវីដខ្លាំងក្នុងចំណោមសហគមន៍ពលករបរទេសនៅកូរ៉េ សូម្បីអជ្ញាធរកូរ៉េឈឺក្បាលដោះស្រាយមិនងាយចេញ

កូរ៉េខាងត្បូង៖ បោះជំហានចូលមកដល់ស្ថានការណ៍រលកទី៤នៃការផ្ទុះកូវីដក៏កាន់តែយូរដែរហើយ ឥឡូវនេះ គេហាក់សង្កេតឃើញរដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ហាក់មានបញ្ហាលំបាកខ្លាំងក្នុងការឆ្លើយតប និងទប់ស្កា់ត់ប្រភពចម្លងកូវីដក្នុងចំណោមពលករបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលគេឃើញតាមតំបន់នានាទូទាំងប្រទេស​ កន្លែងដែលមានប្រមូលផ្តុំពលករបរទេសច្រើន ករណីឆ្លងកូវីដក្នុងចំណោមពលករបរទេសក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា គិតពីថ្ងៃទី២២ សីហា មកដល់ថ្ងៃទី២៨ សីហានេះ គេរកឃើញចំនួនជនបរទេសនៅកូរ៉េដែលបានឆ្លងកូវីដសរុបដល់ទៅ ១៦៤៣នាក់ឯណោះ ប្រមាណដល់ទៅ១៣.៨% នៃចំនួនករណីកូវីដក្នុងអំឡុងពេលនេះសរុប បើគិតទាំងប្រជាជនកូរ៉េខាងត្បូងទៀត នេះបើតាមតួលេខចេញផ្សាយដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យម្សិលមិញនេះ។

បើគិតជាតួលេខតាមតំបន់វិញ នៅខេត្តហ្គាងវ៉ុន គេរកឃើញករណីឆ្លងកូវីដក្នុងចំណោមជនបរទេសដល់ទៅ១២៣ករណី នៅក្នុងខែសីហា ដែលមានដល់ទៅ១៧%នៃករណីឆ្លងសរុបក្នុងខេត្ត ក្នុងនោះមាន២៩នាក់ ត្រូវបានគេដឹងថាជាពលករធ្វើការនៅនឹងរោងចក្រផលិតដែកនៅក្នុងទីក្រុងដុងហេ ខណៈ២៦ករណីទៀតត្រូវបានគេរកឃើញជាប់ពាក់ព័ន្ធពីការជួបជុំគ្នាឯកជនបន្តបន្ទាប់គ្នា។

នៅខេត្តឃ្យ៉ុងគី ជុំវិញសេអ៊ូលវិញ គេរកឃើញជនបរទេសដល់ទៅ ៧៣២នាក់ វិជ្ជមានកូវីដតែក្នុងសប្តាហ៍ទី៣នៃខែសីហាប៉ុណ្ណោះ គឺប្រមាណ២០% នៃចំនួនករណីឆ្លងកូវីដសរុបក្នុងខេត្តឃ្យ៉ុងគីអំឡុងពេលនេះ ចំនួន៣៧១៣ករណី។ នៅឯខេត្តឈុងណាមវិញ មានករណីឆ្លងកូវីដក្នុងចំណោមជនបរទេសដល់ទៅ៣៨៦ករណីដែរ ក្នុងខែសីហានេះគិតត្រឹមថ្ងៃទី២៦ សីហាកន្លងមក ដែលមានដល់ទៅ២៣%នៃករណីឆ្លងសរុបក្នុងខេត្ត។ ចំណែកឯនៅសង្កាត់ខ្វាងសាន នៅខេត្តខ្វាងជូវិញ មានជនបរទេសដល់ទៅ៤០នាក់ដែរ រកឃើញឆ្លងវិជ្ជមានកូវីដចន្លោះពីថ្ងៃទី ១១ ដល់២៣សីហាកន្លងមក ប្រមាណដល់ទៅ២៩% នៃករណីឆ្លងសរុបនៅតំបន់នោះ។

អជ្ញាធរសុខាភិបាលកូរ៉េនិយាយថាការកើនឡើងខ្លាំងនៃករណីឆ្លងកូវីដក្នុងចំណោមពលករបរទេសនេះ គឺដោយសារតែវត្តមានកាន់តែច្រើននៃកូវីដបម្លែងខ្លួនថ្មីដែលតាផង និងក៏ដោយសារតែស្ថានភាពរស់នៅបែបចង្អៀតផ្តុំៗគ្នា និងបរិយាកាសការងារដែលមានភាពខ្វះខាតខ្លាំង ក្នុងចំណោមជនបរទេសដែលភាគច្រើនជាពលករធ្វើការនៅកូរ៉េខាងត្បូងផងដែរ។ ភាគច្រើននៃពលករបរទេសដែលធ្វើការនៅកូរ៉េ បានប្រាក់ខែទាបធៀបទៅនឹងជនជាតិកូរ៉េនោះ គឺត្រូវបង្ខំចិត្តរស់នៅក្នុងបន្ទប់ជួលតូចៗ ហើយកន្លែងខ្លះត្រូវប្រើបន្ទប់ទឹករួមគ្នា កន្លែងងូតទឹករួមគ្នា ចង្ក្រានបាយរួមគ្នា ដែលជាកត្តាធ្វើឱ្យពួកគេរងហានិភ័យខ្ពស់ទៅនឹងការឆ្លងកូវីដ ប្រសិនបើមានតែនរណាម្នាក់បានឆ្លង គឺនឹងងាយឆ្លងបន្តគ្នាជាបន្តបន្ទាប់ណាស់។

អជ្ញាធរក៏បានលើកពីហេតុផលមួយទៀតផងដែរ គឺអត្រានៃការបានចាក់វ៉ាក់សាំងកូវីដនៅតិចតួចមែនទែនក្នុងចំណោមជនបរទេស្នាក់នៅក្នុងប្រទេសកូរ៉េ ធៀបទៅនឹងប្រជាជនកូរ៉េខាងត្បូងផ្ទាល់ ក៏ដូចជាបញ្ហាក្នុងការពិបាកឱ្យអជ្ញាធរតាមដានប្រភពចម្លងបន្តក្នុងចំណោមសហគមន៍ជនបរទេស ដោយសារតែបញ្ហាភាសា បញ្ហាភាពស្របច្បាប់ដែលភាគច្រើនពលករបរទេសខុសច្បាប់ តែងតែចង់គេចឱ្យផុតពីការដឹងលឺរបស់អជ្ញាធរកូរ៉េជាដើម។

ឆ្លើយតបទៅនឹងបញ្ហានេះ កន្លងមកជាបន្តបន្ទាប់ក្រសួងពាក់ព័ន្ធកូរ៉េបានដាក់ចេញវិធានការឆ្លើយតបដូចជា ក្រសួងយុត្តិធម៌ ក្រសួងការងារ និងពលកម្ម ក្រសួងកសិកម្ម ចំណីអាហារ និងការងារជនបទ​ សុទ្ធតែបានដាក់ចេញវិធានការពាក់ព័ន្ធ។ ក្រសួងយុត្តិធម៌បានសម្រួល និងជំរុញឱ្យពលករបរទេសខុសច្បាប់ទៅធ្វើតេស្តកូវីដ និងចាក់វ៉ាក់សាំងកូវីដបាន ហើយដោយធានាជូនពួកគេថានឹងមានការផាកពិន័យ ឬចាប់ខ្លួន ឬបណ្តេញចេញពីស្រុកកូរ៉េនោះទេ។

ក្រសួងការងារកូរ៉េវិញ បានដាក់ចេញវិធានការពង្រឹងការត្រួតពិនិត្យនៅតាមទីតាំងការងារដែលមានជនបរទេសច្រើនធ្វើការ ដើម្បីធានាឱ្យបានការអនុវត្តវិធានការគម្លាតសង្គមនៅតាមទីតាំងការងារបានត្រឹមត្រូវ ដែលរួមបញ្ចូលទាំងការអនុវត្តឱ្យបានម៉ត់ចត់នៅតាមទីតាំងស្នាក់នៅផងដែរ។ ពាក់ព័ន្ធនឹងស្ថានការណ៍កន្លែងរស់នៅរបស់ជនបរទេសដែលមានភាពលំបាកខ្លាំង ដោយការតម្រូវឱ្យរស់នៅផ្តុំគ្នា មិនមានបរិយាកាសខ្យល់ចេញចូលគ្រប់គ្រាន់នោះ ក្រសួងកសិកម្មឯណោះវិញ​ បានដាក់ចេញនូវកញ្ចប់ទឹកប្រាក់ជំនួយមួយចំនួនដល់ម្ចាស់កសិដ្ឋាន ដើម្បីអាចពង្រឹងបរិយាកាសទីតាំងស្នាក់នៅរបស់ពលករធ្វើការនៅនឹងកសិដ្ឋានគាត់ផងដែរ។

ក្នុងនោះដែរ ងាកមកមើលតាមមូលដ្ឋានខ្លះវិញ ដូចជាសាលាខេត្តឈុងណាមជាដើម បានជួយសម្រួលសេវាកម្មបកប្រែលើលិខិតជូនព័ត៌មានផ្សេងៗអំពីកម្មវិធីចាក់វ៉ាក់សាំងជូនដល់ពលករបរទេស មានដល់ទៅ១២ភាសា ដើម្បីជាជំនួយស្មារតីដល់ពលករបរទេសនៅក្នុងមូលដ្ឋានអាចទទួលបានព័ត៌មាន និងអាចជំរុញពួកគាត់ទៅធ្វើតេស្ត និងចាក់វ៉ាក់សាំងកូវីដបានពេញលេញផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *