បន្តចែករំលែក! រដ្ឋាភិបាលកូរ៉េខាងត្បូងបន្តអំពាវនាវឱ្យជនបរទេសខុសច្បាប់នៅកូរ៉េ ទៅចាក់វ៉ាក់សាំងទាំងអស់គ្នា កុំបារម្ភអជ្ញាធរចាប់ ដោយសារគេសម្រួលនីតិវិធីពិសេសបែបនេះជូន

កូរ៉េខាងត្បូង៖ ជាថ្មីម្តងទៀត រដ្ឋាភិបាលកូរ៉េខាងត្បូងបានអំពាវនាវប្រកូកប្រកាសឱ្យជនបរទេសទាំងអស់រស់នៅក្នុង​ប្រទេសកូរ៉េខាងត្បូង ទៅចាក់វ៉ាក់សាំងកូវីដឱ្យបានទាំងអស់គ្នា ក្នុងខណៈពេលនេះទាំងសម្រាប់ជនបរទេសខុសច្បាប់ និងស្របច្បាប់ ដោយមិនចាំបាច់មានការបារម្ភពីបញ្ហាអ្វីនោះឡើយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ចុះផ្សាយនៅថ្ងៃអាទិត្យម្សិលមិញនេះ បានឱ្យដឹងថារដ្ឋាភិបាលកូរ៉េខាងត្បូងបានបន្តអំពាវនាវឱ្យប្រជាជនបរទេសរស់នៅកូរ៉េខាងត្បូង កុំរំលងការចាក់វ៉ាក់សាំងកូវីដនេះឱ្យសោះ ហើយមិនមានការចាត់ចែងពាក់ព័ន្ធផ្លូវច្បាប់ណាមួយអាចប៉ះពាល់ទៅលើជនបរទេសដែលរស់នៅស្របច្បាប់នោះឡើយ។ ជាក់ស្តែង សាលាក្រុងសេអ៊ូលអំពាវនាវឱ្យជនបរទេសខុសច្បាប់ រួមទាំងអ្នកដែលស្នាក់នៅលើសកាលបរិច្ឆេទកំណត់នៃទិដ្ឋាការរបស់ខ្លួនមកចាក់វ៉ាក់សាំងបាន ហើយអាចមានសិទ្ធទទួលបានវ៉ាក់សាំងដូចទៅនឹងប្រជាជនកូរ៉េខាងត្បូងផ្ទាល់តែម្តង គឺឆ្លងកាត់តាមរយៈការចុះឈ្មោះកក់ចាក់វ៉ាក់សាំងទុកជាមុន ទៅតាមកាលបរិឆ្ឆេទរបស់រដ្ឋាភិបាល។

មន្ត្រីជំនាញនៅនឹងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង បានបញ្ជាក់ថា «បើទោះជាជនបរទេសដែលមិនមានសិទ្ធស្របច្បាប់រស់នៅក្នុងប្រទេសកូរ៉េ ឬគេហៅថារស់នៅខុសច្បាប់នោះ ក៏អាចចាក់វ៉ាក់សាំងបានដូចគ្នា ហើយមិនមានបញ្ហាប្រឈមដែលពួកគេចាំបាច់ត្រូវខ្វល់ខ្វាយខ្លាចអជ្ញាធរបណ្តេញចេញ ឬចាប់ខ្លួនដោយសារការស្នាក់នៅខុសច្បាប់នោះទេ ដូចនេះអជ្ញាធរសុខាភិបាលកូរ៉េបន្តទទូចឱ្យជនបរទេសដែលខុសច្បាប់ទាំងអស់ សូមទៅទទួលចាក់វ៉ាកសាំងគ្រប់ៗគ្នា។»

តាមនីតិវិធីដែលអជ្ញាធរសុខាភិបាលបានសម្រួលជូនដល់ជនបរទេសដែលស្នាក់នៅខុសច្បាប់ គឺពួកគេអាចធ្វើការចុះឈ្មោះកក់ចាក់វ៉ាក់សាំង តែមាននីតិវិធីសម្រួលខុសប្លែកពីអ្នកស្របច្បាប់ ដោយអ្នកខុសច្បាប់នឹងទទួលបានលេខសម្គាល់ខ្លួនបណ្តោះអាសន្នពិសេស តាមរយៈការទៅចុះឈ្មោះនៅនឹងមជ្ឈមណ្ឌលសុខភាពនៅតាមមូលដ្ឋានរបស់គេផ្ទាល់ ដែលតាមរយៈលេខសម្គាល់ខ្លួនបណ្តោះអាសន្នពិសេសនេះ គឺពួកគាត់ដែលខុសច្បាប់មិនចាំបាច់ត្រូវបង្ហាញអត្តសញ្ញាណខ្លួនអ្វីទាំងអស់ ហើយអាចធ្វើការចុះឈ្មោះកក់វ៉ាក់សាំងសម្រាប់ចាក់បានហើយ។

អ្វីដែលជាការជួយសម្រួលទៀតនោះគឺ សម្រាប់ជនបរទេសដែលស្នាក់នៅខុសច្បាប់ក្រោមអាយុ៣០ឆ្នាំ គឺអាចនឹងទទួលបានវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Johnson & Johnson ដែលត្រូវការចាក់តែមួយដូសប៉ុណ្ណោះ ដោយតាមរយៈនីតិវិធីនេះ ជនបរទេសខុសច្បាប់មិនចាំបាច់ត្រូវការមកចាក់វ៉ាក់សាំងច្រើនដងនោះទេ ដែលប្រសិនបើគាត់ត្រូវមកចាក់វ៉ាក់សាំងច្រើនដង នោះសម្រាប់ជនបរទេសដែលខុសច្បាប់អាចជាក្តីកង្វល់របស់ពួកគាត់ផងដែរ។

ក្នុងនោះដែរ ប្រព័ន្ធចុះឈ្មោះចាក់វ៉ាក់សាំងនេះក៏មាននីតិវិធីមួយទៀតសម្រួលជូនអ្នកខុសច្បាប់ផងដែរ គឺគាត់អាចពឹងឱ្យអ្នកដទៃធ្វើការកក់ចុះឈ្មោះចាក់វ៉ាក់សាំងជូនគាត់បានដែរ ដែរតាមរយៈវិធីនេះគាត់អាចធ្វើការកក់ចុះឈ្មោះចាក់វ៉ាក់សាំងបានដោយងាយ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ ដែលអជ្ញាធរកូរ៉េខាងត្បូងគ្រប់ជាន់ថ្នាក់ ដល់កម្រិតនាយករដ្ឋមន្ត្រីសុទ្ធតែបានអំពាវនាវឱ្យប្រជាជនបរទេសដែលរស់នៅកូរ៉េខាងត្បូងខុសច្បាប់ កុំបាច់មានការបារម្ភអ្វីទាំងអស់ គឺអាចទៅចុះឈ្មោះចាក់វ៉ាក់សាំតាមវិធីផ្សេងៗដូចបានរៀបរាប់ខាងលើ ដើម្បីសម្រួលជូនពួកគាត់ទាំងអស់គ្នា។

បើតាមផែនការរដ្ឋាភិបាលកូរ៉េខាងត្បូង ត្រឹមមុនពេលបុណ្យឈូសុកដ៏ធំទូទាំងប្រទេសកូរ៉េខាងត្បូងនាខែកញ្ញាខាងមុខ កូរ៉េខាងត្បូងគ្រោងនឹងចាក់វ៉ាក់សាំងកូវីដជូនប្រជាជនក្នុងប្រទេសខ្លួនឱ្យបានដល់ទៅ៣៦លាននាក់​ឯណោះ ហើយនៅត្រឹមខែវិច្ឆិកាខាងមុខនឹងអាចស​ម្រេចបានដល់គោលដៅបង្កើតបានជាប្រព័ន្ធភាពស៊ាំសហគមន៍តែម្តង។

 

Leave a Reply

Your email address will not be published. Required fields are marked *