កូរ៉េខាងត្បូង៖ កញ្ចប់ទឹកប្រាក់ដល់ទៅជាង ៣០ទ្រីលានវ៉ុន (ប្រមាណជាង ២៥.៦ពាន់លានដុល្លារអាម៉េរិក) ត្រូវបានបាត់បង់ទៅតាមស្ថានការណ៍គ្រោះថ្នាក់ការងារដែលបានកើតឡើងកន្លងមកក្នុងឆ្នាំ២០២០ក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមទិន្នន័យដែលចេញផ្សាយនៅថ្ងៃអាទិត្យនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ព័ត៌មាននេះបានឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ គ្រោះថ្នាក់ការងារឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូង បង្កជាការខូចខាតទំហំទឹកប្រាក់ដល់ទៅ ២៩ទ្រីលានវ៉ុនឯណោះ ដែលតួលេខនេះកើនឡើងដល់ទៅ ៨.៥% ពីទឹកប្រាក់ខូចខាតបង់ពីគ្រោះថ្នាក់ការងារកើតឡើងកាលពីឆ្នាំ២០១៩ផងដែរ បើតាមទិន្នន័យចេញផ្លូវការដោយក្រសួងការងារ និងពលកម្មកូរ៉េខាងត្បូង។ របាយការណ៍ដដែលនេះ ក៏បានឱ្យដឹងថាក្នុងចន្លោះ៦ខែឆ្នាំ២០២១នេះ តួលេខនៃគ្រោះថ្នាក់ការងារដែលកើតមានឡើងនៅកូរ៉េខាងត្បូងនៅតែបន្តកើនឡើងផងដែរ គឺមានដល់ទៅ៤៧៤ករណី កើនឡើង៤ករណីបន្ថែមធៀបទៅនឹងឆ្នាំ២០២០។
សូមបញ្ជាក់ថា ជាមួយនឹងតួលេខនៃទឹកប្រាក់ខូចខាតដ៏ច្រើនបណ្តាលមកពីគ្រោះថ្នាក់ការងារដែលបន្តកើនឡើងរហូតនេះដែរ រដ្ឋាភិបាលកូរ៉េក៏បានចេញវិធានការ ត្រៀមអនុវត្តនូវច្បាប់ការងារថ្មី និយាយឱ្យចំគឺច្បាប់ដាក់ពិន័យទៅលើម្ចាស់អាជីវកម្ម រោងចក្រដែលបណ្តាលឱ្យមានគ្រោះថ្នាក់ការងារធ្ងន់ធ្ងរនៅនឹងទីតាំងការងារ។
ច្បាប់ថ្មីនេះគ្រោងនឹងចាប់ផ្តើមអនុវត្តពីខែមករា ឆ្នាំ២០២២ខាងមុខ ដែលក្រោមច្បាប់ថ្មីនេះ ម្ចាស់អាជីវកម្ម រោងចក្រ ដែលបង្កឱ្យមានជាគ្រោះថ្នាក់ការងារ អាចនឹងប្រឈមការជាប់ទោសឃុំឃាំង ឬក៏រងការផាកពិន័យធ្ងន់ធ្ងរ ជាពិសេសក្នុងករណីដែលរកឃើញថាគ្រោះថ្នាក់ការងារបណ្តាលមកពីកង្វះខាតផ្នែកប្រព័ន្ធសុវត្ថិភាព ដែលជាទំនួលខុសត្រូវ និងជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុនផ្ទាល់នោះ គឺអាចរងការដាក់ទោសជាប់ឃុំឃាំងដល់១ឆ្នាំ ឬការផាកពិន័យលើសពី១ពាន់លានវ៉ុន ក្នុងករណីដែលមានកម្មករ បុគ្គលិកមានគ្រោះថ្នាក់ការងារធ្ងន់ធ្ងរក្នុងម៉ោងការងារនោះ។
សូមបញ្ជាក់ថា របាយការណ៍ចេញផ្សាយកន្លងមកៗ ក៏បានឱ្យដឹងដែរថា ក្នុងចំណោមគ្រោះថ្នាក់ការងារនៅកូរ៉េខាងត្បូង ភាគច្រើនបើគិតពីអត្រាក្នុងចំណោមពលករ និងកម្មករកូរ៉េខាងត្បូងផ្ទាល់ និងក្នុងចំណោមពលករ កម្មករជាជនបរទេស គេឃើញថាតួលេខធៀបនៃពលករបរទេសដែលរងគ្រោះថ្នាក់ការងារមានខ្ពស់ជាងខ្លាំងធៀបទៅនឹងពលករ កម្មករជាជនជាតិកូរ៉េខាងត្បូង ដែលក្នុងនោះអាចជំរុញមកពីកត្តាធំៗមួយចំនួនដូចជាកត្តាភាសា ចំណេះដឹង បទពិសោធន៍ខ្វះខាតពេលមកធ្វើការនៅកូរ៉េខាងត្បូងដំបូង និងកត្តាមួយទៀតដោយសារតែភាគច្រើនការងារដែលគ្រោះថ្នាក់ និងលំបាកមួយចំនួន គេច្រើនបន្សល់ទុកឱ្យមកកម្មករ ឬពលករបរទេសជាអ្នកទទួលធ្វើវិញ។