ប៉ូលិសស៊ូវ៉ុន ឆ្មក់ចុះចាប់ហាងខារ៉ាអូខេមួយ ខាងក្រៅងងឹត តែនៅក្នុងមានភ្ញៀវគ្រប់បន្ទប់ល្មើសគម្លាតសង្គម! ហាងជាច្រើននៅកូរ៉េ សុខចិត្តលួចបើកទាំងល្មើស ព្រោះចន្លោះប្រហោងនៃការផាកពិន័យ ១នេះ

កូរ៉េខាងត្បូង៖ យ៉ាងហោចអ្នកល្មើសគម្លាតសង្គមលួចលាក់បើកហាងផឹកស៊ី មិនខ្វល់ពីគម្លាតសង្គម និងហានិភ័យនៃជំងឺកូវីដ-១៩ នៅនឹងតំបន់ស៊ូវ៉ុន ប្រទេសកូរ៉េខាងត្បូងដល់ទៅ២៤នាក់ ត្រូវបានសមត្ថកិច្ចតាមទាន់ និងឃាត់ខ្លួនបាននៅនឹងកន្លែង នេះបើតាមការរាយការណ៍ក្នុងសារព័ត៌មាន YTN News ភាសាកូរ៉េ នៅថ្ងៃអាទិត្យនេះ។

ចុះផ្សាយក្នុងព័ត៌មាននេះបានឱ្យដឹងថា ករណីចុះទៅឃាត់បាននៅនឹងទីតាំងលួចលាក់បើកអាជីវកម្មផឹកស៊ី លើ្មសទៅនឹងបម្រាមគម្លាតសង្គមកម្រិត៤នេះ គឺចាប់បាននៅនឹងតំបន់ស៊ូវ៉ុន។ ករណីនេះក៏ដូចទៅនឹងករណីអាជីវកម្មហាងផឹកស៊ីលួចបើកលួចលាក់ដទៃៗទៀតដែរ គឺនៅពីខាងក្រៅបិទភ្លើងងងឹតឈឹង តែនៅខាងក្នុងវិញមានបើករកស៊ីទទួលភ្ញៀវផឹកស៊ីពេញជាធម្មតា តែលួចលាក់ឱ្យផុតពីភ្នែកសមត្ថកិច្ច។

នៅនឹងទីតាំងលួចលាក់នោះ សមត្ថកិច្ចនៅតំបន់ស៊ូវ៉ុនបានលួចឆ្មក់ចូលទៅចាប់នៅនឹងទីតាំងរកស៊ី មិនឱ្យម្ចាស់ហាង និងភ្ញៀវដឹងជាមុននោះឡើយ។ នៅនឹងទីតាំងគេចាប់បានទាំងបុគ្គលិក ថៅកែ និងភ្ញៀវទាំងអស់២៤នាក់ ដែលអ្នកទាំងអស់គ្នានេះនឹងត្រូវពិន័យពីបទល្មើសទៅនឹងច្បាប់បង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង។ នៅពេលដែលសមត្ថកិច្ចចុះទៅចាប់នោះ គេឃើញមាននៅតាមតុរបស់ភ្ញៀវមានដបស្រា និងម្ហូបអាហារផ្សេងៗពេញតុ ហើយពេលនោះដែរមានភ្ញៀវខ្លះរត់ចុះទៅដល់បន្ទប់ក្រោមដី ដើម្បីព្យាយាមលាក់ខ្លួនពីការចាប់របស់សមត្ថកិច្ចផងដែរ តែរត់ពួនមិនរួចនោះឡើយ។

ទីតាំងអាជីវកម្មដែលគេចាប់ខាងលើនេះ បើតាមការបញ្ជាក់របស់សមត្ថកិច្ច ជាការចាប់បានថាល្មើសទៅនឹងគម្លាតសង្គមជាលើកទី២ហើយ ដោយធ្លាប់ត្រូវបានសមត្ថកិច្ចចាប់បានពីការល្មើសបម្រាមនេះម្តងរួចហើយកន្លងមក តែប្រហែលជាការផាកពិន័យត្រឹមតែក្រោម៣លានវ៉ុន មិនធ្វើឱ្យហាងនេះរាងចាលនោះឡើយ។ យ៉ាងណាមិញក្នុងករណីចុះទៅបង្ក្រាបនៅនឹងកន្លែងនេះ សមត្ថកិច្ចក៏បានដកហូតយកសៀវភៅកត់ត្រាចំណូលចំណាយលក់របស់ហាងនេះ ហើយនឹងបញ្ជូនបន្តទៅឱ្យអជ្ញាធរពន្ធដារកូរ៉េ ដើម្បីពិនិត្យ និងផាកពិន័យបន្ថែមលើតម្លៃពន្ធពីការលក់បាននេះផងដែរ បន្ថែមពីលើការផាកពិន័យល្មើស។ សមត្ថកិច្ចប៉ូលិសក៏បានបញ្ជាក់ផងដែរ នឹងធ្វើការឃាត់ខ្លួនម្ចាស់ហាងដែលពាក់ព័ន្ធដទៃទៀត ដែលមិនស្ថិតនៅនឹងទីតាំងកើតហេតុខាងលើ ដើម្បីដាក់ពាក្យបណ្តឹង និងបន្តនីតិវិធីរដ្ឋបាលជាបន្តបន្ទាប់ទៀត។

អត្ថបទព័ត៌មាននេះបានចុះផ្សាយថា ក្នុងតំបន់ដែលអនុវត្តគម្លាតសង្គមកម្រិត៤ ជាទូទៅមានការហាមឃាត់មិនឱ្យមានការជួបជុំផឹកស៊ីមនុស្សច្រើន តែករណីដែលអាជីវកម្មផឹកស៊ីលួចបើកទាំងបំពាន និងល្មើសម៉ោងកំណត់នេះគឺនៅតែបន្តកើតមានមិនឈប់ឈរដដែលជាដដែល។ ការបន្តល្មើសនេះត្រូវគេមើលឃើញថា អាចបណ្តាលមកពីការផាកពិន័យមានកម្រិតស្រាល ហើយបើធៀបទៅនឹងលុយដែលរកបានពីអាជីវកម្មដែលបានបើកទាំងលួចលាក់ខុសច្បាប់វិញ គឺបានច្រើនជាងលុយដែលអាចនឹងត្រូវពិន័យនេះទៅទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅកូរ៉េខាងត្បូង ការអនុវត្តគម្លាតសង្គមកម្រិត៤ កំពុងអនុវត្តនៅនឹងទីក្រុងធំៗដូចជាក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី ក្រុងអ៊ីនឆន់ និងខេត្តក្រុងដទៃទៀតដូចជាក្រុងប៊ូសាន និងកោះជេជូផងដែរ ខណៈតំបន់នានាទៀតទូទាំងប្រទេសស្ថិតក្រោមគម្លាតសង្គមកម្រិត៣ទាំងអស់។ ក្រោមគម្លាតសង្គមកម្រិត៤នេះ ជាទូទៅមានការកំណត់ទៅលើការជួបជុំឯកជន និងកំណត់ដល់ម៉ោងបើកដំណើរការអាជីវកម្មផងដែរ​ ដោយប្រភេទអាជីវកម្មខ្លះត្រូវកម្រិតឱ្យផ្អាកបណ្តោះអាសន្ន ដូចជាហាងផឹកស៊ី ក្លឹបកម្សាន្តជាដើម ខណៈដែលអាជីវកម្មភោជនីយដ្ឋានធម្មតាជាទូទៅកំណត់ម៉ោងអាជីវកម្មដែលអាចទទួលភ្ញៀវបាន ហើយក្រោយពីម៉ោងកំណត់ គឺអាចតែដំណើរការតាមការដឹកជញ្ជូនប៉ុណ្ណោះ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *