កូរ៉េខាងត្បូង៖ លោកអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ចេញសារថ្លែងសុំអភ័យទោសជាសាធារណៈក្រោយមានលេចចេញនូវរូបថតមួយ ដែលបង្ហាញពីការធ្វើបែបបទពិធីការហួសហេតុ មិនសមភ្នែកទាល់តែសោះនោះ និងរងការរិះគន់ខ្លាំងពីសាធារណជន នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News កូរ៉េ។
ករណីដែលបង្ហាញពីការអនុវត្តបែបបទពិធីការជ្រុលហួសហេតុ ដែលគេឃើញមានកូនចៅជាមន្ត្រីក្រោមឱវាទលោកអនុរដ្ឋមន្ត្រីរូបនេះ សុខចិត្តមកអោនលុតជង្គង់ និងលើកដៃទូលឆ័ត្រជូនមេរបស់ខ្លួន ដែលកំពុងថ្លែងសន្ទរកថានៅហាលភ្លៀងនោះ។ រូបភាពនេះត្រូវរងការរិះគន់ខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម ដោយថាជាការអនុវត្តជ្រុលហួសហេតុមិនសមទាល់តែសោះ។ ការថ្លែងសន្ទរកថានេះ គឺនៅខេត្តឈុងប៊ុក នៅនឹងមជ្ឈមណ្ឌលសេវាសាធារណៈ និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឱកាសដែលកូរ៉េខាងត្បូងប្រកាសទទួលវត្តមានជន្លៀសខ្លួនមកដល់នៃជនជាតិអាហ្គានីស្ថាន មកដល់ទឹកដីកូរ៉េខាងត្បូងនារសៀលថ្ងៃសុក្រនេះ។
ជាមួយនឹងការផ្ទុះរិះគន់ចំពោះសកម្មភាពមិនសមរម្យនេះ លោកអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង កាង សុងហ្គុក (Kang Seong-guk) បានថ្លែងសុំអភ័យទោសដោយព្យាយាមពន្យល់ថាកម្មវិធីដែលស្វាគមន៍ជនជាតិអាហ្គានីស្ថានដែលបានជន្លៀសមកដល់នោះ គឺត្រូវធ្វើឡើងគាប់ជួនទៅនឹងភ្លៀងធ្លាក់ខ្លាំង តែគាត់ខ្លួនឯងមិនបានចាប់អារម្មណ៍ពីសកម្មភាពរបស់មន្ត្រីក្រោមឱវាទដែលសុខចិត្តមកលុតជង្គង់បែបនេះ ដើម្បីបាំងឆ័ត្រជូនគាត់ ដោយសុខចិត្តទទឹកភ្លៀងខ្លួនឯងនោះទេ។
លោកអនុរដ្ឋមន្ត្រីបានលើកឡើងថា គាត់សូមឱនក្បាល សុំការអភ័យទោសពីប្រជាជនចំពោះសកម្មភាពនេះ មិនថាជាហេតុផលណានោះទេ ហើយបានបន្ថែមថាគាត់សុខចិត្តចាប់កំណើតឡើងវិញ ដើម្បីអាចឱ្យសិទ្ធ និងភាពថ្លៃថ្នូររបស់បុគ្គលនៅជុំវិញខ្លួនគាត់ទាំងអស់ រួមទាំងគាត់ផងដែរ ត្រូវបានគោរព និងការពារដាច់ខាត។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃសុក្រម្សិលមិញ ជនជាតិអាហ្គានីស្ថាន និងក្រុមគ្រួសារទាំងអស់ ៣៩០នាក់ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូង សម្រួលជួយជន្លៀសចេញមកពីទីក្រុងកាប៊ុល ដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ និងខណៈដែលស្ថានការណ៍សន្តិសុខកំពុងតែធ្លាក់ដុនដាបកាន់តែខ្លាំងនោះ។ អ្នកទាំង៣៩០នោះ ជាបុគ្គលិក ជំនាញការ ធ្វើការនៅស្ថានទូតកូរ៉េនៅអាហ្គានីស្ថាន និងនៅមជ្ឈមណ្ឌល និងស្ថាប័ននានារបស់កូរ៉េខាងត្បូង ព្រមទាំងក្រុមគ្រួសារ។ ពួកគេនឹងទទួលបានទិដ្ឋាការពិសេសដំបូង គឺទិដ្ឋាការស្នាក់នៅរយៈពេលខ្លី ហើយបន្ទាប់មកទើបប្តូរទៅជាទិដ្ឋាការស្នាក់នៅរយៈពេលវែង។