ឃោរឃៅណាស់! នៅដេជុន ប្តីប្រពន្ធមួយគូនេះហឹង្សាដាក់កូនស្រីអាយុ ២០ខែ វាយដំ គ្រវែងខ្ទប់ជញ្ជាំង ហើយធ្លាប់បំពានផ្លូវភេទទៀត រហូតដល់ស្លាប់ ឥឡូវនេះទាំងម៉ែឪជនល្មើសត្រូវ ..

កូរ៉េខាងត្បូង៖ បុរសកូរ៉េខាងត្បូងម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងចោទប្រកាន់ពីបទរំលោភ វាយធ្វើបាបកូនស្រីខ្លួនឯងអាយុជាង២០ខែរហូតដល់បាត់បង់ជីវិត ដែលបានសារភាពទទួលយកការចោទប្រកាន់ទាំងអស់ក្នុងតុលាការតែម្តង ជាករណីដ៏គួរឱ្យឃោរឃៅមែនទែន នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Naver News កូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ។

ចុះផ្សាយបានឱ្យដឹងថា កាលពីថ្ងៃសុក្រទី២៧ សីហាម្សិលមិញនេះ សមត្ថកិច្ចប៉ូលិសនៃក្រុងដេជុន បានធ្វើការចោទប្រកាន់ទៅលើបុរសម្នាក់ជាជនល្មើសអាយុ២៩ឆ្នាំ ពីបទហឹង្សាលើកុមារ ឃាតកម្ម និងបទល្មើសបំពានផ្លូវភេទ ទៅលើកូនស្រីតូចរបស់ខ្លួនឯងអាយុត្រឹមតែ២០ខែប៉ុណ្ណោះ ដែលបង្កឱ្យបាត់បង់ជីវិត។ ករណីនេះក៏មានការរួមគំនិតពីស្រ្តីជាម្តាយរបស់កូនស្រីតូចនេះផងដែរ ហើយស្រ្តីជាម្តាយនេះក៏ត្រូវបានឃាត់ខ្លួន និងកំពុងតែរងការចោទប្រកាន់លើបទល្មើសដូចគ្នាដែរ។

ករណីនេះកើតឡើងកាលពីថ្ងៃទី១៥ មិថុនា ២០២១កន្លងទៅ គឺនៅនឹងតំបន់ដេឌុកគូ (대덕구) នៃក្រុងដេជុន ប្រទេសកូរ៉េខាងត្បូង នៅនឹងផ្ទះរបស់គ្រួសារនេះតែម្តង។ នៅពេលនោះ បើតាមការបញ្ជាក់របស់រដ្ឋអជ្ញានៃករណីនេះបានឱ្យដឹងថា ដើមហេតុនៅពេលនោះគឺក្មេងតូចស្រីអាយុជាង២០ខែនោះបានយំ មិនព្រមដេកទាល់តែសោះ ដូចនេះបុរសជាឪពុក និងជាជនល្មើសនេះខឹងបានយកកូនតូចនេះរុំនឹងកន្សែងហើយបានវាយកូនស្រីតូចនេះជាច្រើនដៃ ដោយប្រើកណ្តាប់ដៃទៅវាយតែម្តង ហើយឡើងជាន់ពីលើថែមទៀតផង។ នៅនឹងពេលកើតហេតុនោះ គេកំណត់បានថា គឺជនល្មើសជាឪពុកនេះស្ថិតក្នុងអាការៈស្រវឹង។

ហេតុការណ៍ប្រើប្រាស់ហឹង្សាធ្ងន់ធ្ងរនេះកើតឡើងដល់ទៅជាង១ម៉ោង ហើយជនល្មើសថែមទាំងបានកាច់ជើងកូនខ្លួនឯងរហូតដល់បាក់ ហើយគ្រវែងកូនតូចនេះខ្ទប់ទៅនឹងជញ្ជាំងជាច្រើនទៀត រហូតដល់កូននោះបាត់បង់ជីវិតនៅពេលនោះតែម្តង។ ហើយបើតាមការស៊ើបអង្កេតបានដឹងថា នៅពេលកើតហេតុនោះ ក្រោយពីពេលដែលកូនរបស់ខ្លួនស្លាប់បាត់នោះ ទាំងជនល្មើសជាឪពុក និងប្រពន្ធខ្លួនដែលជាម្តាយរបស់កូនតូចនេះ បានយកសពកូនតូចនោះទៅដាក់ក្នុងប្រអប់ធុងមួយ ហើយយកទៅលាក់ក្នុងបន្ទប់ទឹកក្នុងផ្ទះនោះ។

បើតាមការបញ្ជាក់របស់រដ្ឋអជ្ញាបានឱ្យដឹងដែរថា ជនល្មើសបានឆ្លើយសារភាពថា «ខ្ញុំបានវាយក្បាលកូនដល់ទៅជាង១០ដង ជាមួយនឹងឧបករណ៍រឹង ហើយពេលនោះកូនខ្លួនដែលរងគ្រោះនោះស្រវេស្រវាពិបាកខ្លាំងណាស់ នៅពេលដែលគាត់កំពុងវាយនោះ»។ រដ្ឋអជ្ញាក៏បានបញ្ជាក់ដែរថា ជនល្មើសជាឪពុកនេះក៏ត្រូវបានគេដឹងថាធ្លាប់បានរំលោភ ឬបំពានផ្លូវភេទទៅលើកូនស្រីរងគ្រោះនេះផងដែរពីមុនមក។

ជនល្មើសទាំងពីរ ទាំងប្តីនិងប្រពន្ធនេះសារភាពទទួលកំហុសទាំងអស់ ដោយមិនមានការតវ៉ានោះទេ។ តែក្នុងនោះដែរ មេធាវីការពារក្តីឱ្យស្ត្រីជាប្រពន្ធ ដែលជាជនល្មើសបាននិយាយថាកូនក្តីរបស់ខ្លួនក៏រងគ្រោះដោយការប្រើហឹង្សា និងការគំរាមកំហែងពីប្តីខ្លួនផងដែរ ហើយប្តីជាជនល្មើសនេះគ្រប់គ្រងទៅលើគាត់ធ្វើឱ្យស្រ្តីជាម្តាយនេះមានអារម្មណ៍ភ័យខ្លាចផងដែរ។ ជាពន្លឺថ្មីមួយសម្រាប់ករណីនេះដែរ ក្នុងការស៊ើបអង្កេតរហូតមក ជនល្មើសតែងតែថាខ្លួនជាឪពុកបង្កើតរបស់កូនស្រីដែលរងគ្រោះនេះ តែបើតាមការពិនិត្យតាមឌីអិនអេទៅ គេរកឃើញថាជនល្មើសនេះមិនមែនជាឪពុកបង្កើតជាប់សាច់ឈាមនោះទេ។

ករណីនេះត្រូវបានផ្ទុះការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមមតិសាធារណជនកូរ៉េ ហើយមានការដាក់ពាក្យបណ្តឹងបន្ថែមដល់ទៅជាង៩០ បណ្តឹងដល់តុលាការដែលទទួលសំណុំរឿងនេះ។ ក្នុងនោះដែរ ប្រធាននៃសមាគមប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាលើកុមារកូរ៉េខាងត្បូងបាននិយាយថាខ្លួនបានជួបប្រទះនូវករណីហឹង្សាលើកុមារជាច្រើនករណីទៅហើយ តែមិនដែលមានករណីណាសាហាវឃោរឃៅដូចករណីនេនោះទេ។ សវនការបន្ទាប់សម្រាប់ករណីនេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ៨ ខែតុលា ខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *