បន្ទាយទាហានអាម៉េរិកមួយ នៅព្យ៉ុងថេក ជប់លៀងផឹកស៊ី ល្មើសគម្លាតសង្គមពីសប្តាហ៍មុនយ៉ាងសប្បាយ ដល់សប្តាហ៍នេះចាប់ផ្តើមផ្ទុះឆ្លងកូវីដតៗគ្នាដល់ទៅជាង ..

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ទាហាន និងបុគ្គលិកយោធារបស់អាម៉េរិកប្រចាំការនៅបន្ទាយកងទ័ពជើងអាកាសនៅតំបន់អូសាន ក្រុងព្យុងថេក ចំនួនដល់ទៅ៣៣នាក់ ត្រូវបានគេដឹងថាបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដបន្តបន្ទាប់ ប៉ុន្មានថ្ងៃក្រោយពីបន្ទាយទាហានអាម៉េរិកមួយនេះជប់លៀងផឹកស៊ីអឺងកងមិនពាក់ម៉ាស់ មិនខ្វល់ខ្វាយពីកូវីដកាលពីសប្តាហ៍មុននោះ នេះបើតាមការប្រកាសឱ្យដឹងពីមន្ត្រីរបស់បន្ទាយទ័ពនេះតែម្តង។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាករណីឆ្លងកូវីដនេះត្រូវបានគេរកឃើញជាបន្តបន្ទាប់នៅនឹងបន្ទាយយោធាអាម៉េរិកប្រចាំការនៅនឹងក្រុងព្យុងថេក កាលពីថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រម្សិលមិញនេះ ជារួមគឺត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីទីតាំងបន្ទាយទ័ពនេះរៀបចំផឹកស៊ីយ៉ាងជោគជាំ ជប់លៀងរាំច្រៀងយ៉ាងសប្បាយ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយក្នុងនោះគេឃើញមានរូបភាពអ្នកខ្លះមិនមានពាក់ម៉ាស់ទៀតផង។

ជាមួយនឹងករណីឆ្លងនេះ ហើយនឹងការរៀបចំជប់លៀងផឹកស៊ីយ៉ាងសប្បាយរីករាយនេះ ត្រូវបានគេដាក់ការស្តីបន្ទោសកាន់តែខ្លាំងលើក្រុមទាហានទាំងនេះដែលបំពានគម្លាតសង្គមដោយមិនខ្វល់ខ្វាយទាល់តែសោះ ដែលឥឡូវនាំឱ្យឈានដល់ការផ្ទុះឆ្លងគ្នាបែបនេះ។ ក្នុងនោះដែរ គេក៏សង្ស័យបារម្ភនឹងអាចមានការចម្លងបន្តគ្នាដល់ក្នុងចំណោមកងទ័ពកូរ៉េខាងត្បូងផងដែរ ដោយសារសប្តាហ៍មុននេះ កងទ័ពប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធារយៈពេល៩ថ្ងៃរួមគ្នា ទើបនឹងបញ្ចប់នៅថ្ងៃព្រហស្បត្តិ៍នេះប៉ុណ្ណោះ ដូចនេះគឺមានហានិភ័យនៃការចម្លងកូវីដក្នុងអំឡុងពេលធ្វើសមយុទ្ធនោះ។ ក្រសួងការពារជាតិកូរ៉េបានធ្វើការពីនិត្យកូវីដក្នុងចំណោមកងទ័ពរបស់ខ្លួនចំនួន៨០០នាក់ហើយ ដើម្បីជាវិធានការបង្ការការចម្លងបន្តរីករាលដាលនៃមេរោគកូវីដនេះបន្តទៀត។

គិតមកដល់ពេលនេះ ប្រភពផ្លូវការរបស់បន្ទាយយោធានេះបានបញ្ជកជាផ្លូវការហើយថា ពិតជាមានករណីឆ្លងជាចង្កោមក្នុងចំណោមកងទ័ពខ្លួនពិតមែន។ ប្រភពផ្លូវការពីសំណាក់កងទ័ពអាម៉េរិកបញ្ជាក់ផងដែរថា បើទោះជាគោលនយោបាយរបស់ខ្លួន ជាទូទៅកងទ័ពអាម៉េរិកឈរជើងនៅកូរ៉េ មិនធ្វើការផ្តល់ព័ត៌មាននៃករណីឆ្លងកូវីដក្នុងចំណោមកងទ័ពខ្លួននោះទេ តែជាក់ស្តែងគឺខ្លួនបន្តបង្ហាញតម្លាភាព និងការបើកចំហរព័ត៌មានទាក់ទងនឹងការឆ្លងនេះ ទៅកាន់ប្រជាជនកូរ៉េតាមរយៈការប្រកាសពីចំនួនករណីឆ្លងតាមមធ្យោបាយផ្សព្វផ្សាយផ្សេងៗជាប្រចាំ បើទោះមិនបានរៀងរាល់ថ្ងៃក៏ដោយ។

ព័ត៌មានចុងក្រោយដែលកងកម្លាំងយោធាអាម៉េរិកប្រចាំការនៅកូរ៉េខាងត្បូងបានប្រកាសពីករណីឆ្លងកូវីដរបស់ខ្លួន គឺតាំងពីថ្ងៃអង្គារសប្តាហ៍នេះមក ហើយគិតមកដល់ពេលនេះមានករណីកូវីដឆ្លងក្នុងចំណោមកងទ័ពកូរ៉េដល់ទៅ ១,២៨៦ករណីហើយ។

យ៉ាងណាក៏ដោយ កងកម្លាំងយោធាអាម៉េរិកប្រចាំការនៅកូរ៉េខាងត្បូងបានបញ្ជាក់ថាខ្លួននឹងធ្វើការលុបចោលគោលការណ៍តម្រូវឱ្យពាក់ម៉ាស់សម្រាប់ទាហានដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ក្នុងករណីដែលតំបន់ដែលកងទ័ពតាំងនៅនោះ មានករណីឆ្លងកូវីដតិចជាង ៥០នាក់ក្នុងចំណោមប្រជាជន១០ម៉ឺននាក់នោះ ជាលក្ខន្តិកៈដែលដាក់ចេញដោយក្រសួងការពារជាតិកូរ៉េតែម្តង។ គោលការណ៍ថ្មីនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃសៅរ៍នេះទៅ ដោយកងទ័ពអាម៉េរិកដែលបានចាក់វ៉ាក់សាំងហើយ នឹងមិនចាំបាច់ពាក់ម៉ាស់ទាំងនៅក្នុងបន្ទាយ និងនៅក្រៅបន្ទាយ បើសង្កាត់កន្លែងទីតាំងរបស់ពួកគេមិនចំនួនករណីឆ្លងទាបជាងលក្ខន្តិកៈខាងលើ រយៈពេលដល់៧ថ្ងៃជាប់គ្នានោះ។ ក្នុងនោះដែរ កងទ័ពអាម៉េរិកដែលបានចាក់វ៉ាក់សាំងកូវីដរួច អាចទៅលេងកម្សាន្តនៅបារ ក្លឹបកម្សាន្ត និងទីតាំងសាធារណៈនានាដូចជាកន្លែងសូណា និងហាត់ប្រាណបាន ចាប់អនុវត្តពីថ្ងៃសៅរ៍នេះដូចគ្នាដែរ។

Leave a Reply

Your email address will not be published. Required fields are marked *