កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ប្រជាជននៅកូរ៉េខាងត្បូងដល់ទៅ៨០% យ៉ាងតិចត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានរួចរាល់សិន ទំរាំអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងអាចពិចារណាអនុញ្ញាតឱ្យឈានដល់ដំណាក់កាលថ្មីដែលមានឈ្មោះថាដំណាក់កាល «នៅជាមួយនឹងកូរ៉ូណា» នេះបើតាមការបញ្ជាក់របស់ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន KBS News របស់កូរ៉េខាងត្បូងបានឱ្យដឹងពីការលើកឡើងរបស់ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង លោកស្រីប្រធាន ជុង អ៊ុនឃ្យ៉ុង អំពីដំណាក់កាលថ្មីឆ្លើយតបទៅនឹងកូវីដ-១៩ ដែលគាត់បានហៅថាដំណាក់កាល «នៅជាមួយនឹងកូរ៉ូណា – With Corona»។ ដំណាក់កាលថ្មីនេះ សំដៅដល់ប្រព័ន្ធឆ្លើយតបនឹងស្ថានការណ៍កូវីដ-១៩ ដែលអជ្ញាធរនឹងបន្ថយការផ្តោតសំខាន់ទៅលើការទប់ស្កាត់ការឆ្លងកូវីដ-១៩ ថ្មី ហើយងាកមកផ្តោតការយកចិត្តទុកដាក់លើការបង្ការនូវករណីឈឺកូវីដកម្រិតធ្ងន់ និងករណីឈានដល់បាតបង់ជីវិតពីកូវីដវិញ។
ដំណាក់កាលថ្មីនេះហាក់ដូចទៅនឹងការបើកទទួលនូវស្ថានការណ៍កូវីដក្នុងជីវភាពរស់នៅប្រចាំថ្ងៃតែម្តង ដោយមិនផ្តោតសំខាន់លើការទប់ស្កាត់សកម្មភាពមនុស្ស ដើម្បីបិទខ្ទប់ការឆ្លងកូវីដទៀតនោះទេ តែត្រូវផ្តោតយ៉ាងណាធានាថាអ្នកដែលឆ្លងកូវីដ-១៩ថ្មីមានអាការៈស្រាល និងធ្លាក់ខ្លួនឈឺធ្ងន់ និងបាត់បង់ជីវិតកាន់តែតិចតាមតែអាចធ្វើទៅបាន ដែលការណ៍នេះអាចសម្រេចបានជាមួយនឹងដំណើរការលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដនេះឯង។
លោកស្រីប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង បានលើកឡើងបែបនេះក្នុងអំឡុងពេលនៃការធ្វើបទសម្ភាសន៍សួរឆ្លើយជាមួយអ្នកសារព័ត៌មានមួយ ដែលនៅពេលនោះលោកស្រីបានលើកឡើងថាចំនួនអត្រានៃអ្នកចាក់វ៉ាក់សាំងកូវីដចំពោះក្រុមមនុស្សវ័យចំណាស់ត្រូវសម្រេចឱ្យបានដល់ទៅ៩០% ទូទាំងប្រទេសសិន មុននឹងប្រព័ន្ធឆ្លើយតបនឹងស្ថានការណ៍កូវីដ-១៩ថ្មី «នៅជាមួយនឹងកូរ៉ូណា – With Corona» នេះអាចសាកល្បងបាន។
លោកស្រីក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល យ៉ាងណាកាត់បន្ថយឱ្យសល់តិចមែនទែនផលប៉ះពាល់ដែលអាចកើតមានឡើងក្នុងការអនុវត្តប្រព័ន្ធឆ្លើយតបនឹងកូវីដថ្មីនេះ ដែលដូចនេះជម្រើសមួយគឺត្រូវបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដឱ្យបានកាន់តែលឿនថែមទៀត ត្រឹមចុងខែតុលាខាងមុខនេះឱ្យខាងតែបាន ហើយនៅពេលនោះអជ្ញាធរនឹងធ្វើការកែសម្រួលជាប្រព័ន្ធនូវការឆ្លើយតបនឹងស្ថានការណ៍កូវីដក្នុងប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិន សម្រាប់ព័ត៌មាន និងពេលវេលាជាក់លាក់សម្រាប់អាចចាប់ផ្តើមអនុវត្តដំណាក់កាលពិសេសថ្មីនេះ គឺលោកស្រីប្រធានមិនទាន់អាចបញ្ជាក់បាននោះទេ ដោយសារមានកត្តាជាច្រើនត្រូវគិតគូរជាមុនសិន ក្នុងនោះក៏មានកត្តាហានិភ័យបង្កបន្ថែមពីមេរោគកូរ៉ូណាបំលែងខ្លួនថ្មី និងការត្រៀមខ្លួនទៅលើវិស័យសុខាភិបាលកូរ៉េដើម្បីទទួលនូវស្ថានការណ៍ថ្មីនេះផងដែរ។ ក្នុងនោះដែរ លោកស្រីប្រធានក៏បានបញ្ជាក់ថាការផ្លាស់ប្តូរនេះ ក៏មិនប្រាកដថានឹងធ្វើឱ្យការអនុវត្តគម្លាតសង្គមត្រូវកាត់បន្ថយភ្លាមៗនោះដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នកូរ៉េខាងត្បូងមានករណីឆ្លងកូវីដ៤ខ្ទង់ ក្បែរ២ពាន់ករណីសឹងតែរាល់ថ្ងៃទៅហើយ ក្នុងដំណាក់កាលនៃការផ្ទុះកូវីដទី៤នេះ។ បច្ចុប្បន្នទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ក្រុងប៊ូសាន និងកោះជេជូ សុទ្ធតែស្ថិតក្រោមគម្លាតសង្គមកម្រិត៤ ខណៈតំបន់នានាទូទាំងប្រទេសស្ថិតក្រោមគម្លាតសង្គមកម្រិត៣ទាំងអស់។