ពួកតាលីបង់វាយដាច់ប្រទេស ប្រជាជនអាហ្គានីស្ថាន៣៩១នាក់នេះ​ សំណាងណាស់ ត្រូវជន្លៀសតាមយន្តហោះមកកូរ៉េខាងត្បូងសុវត្ថិភាព ដោយសារតែហេតុផល ១ នេះ ហើយបានទិដ្ឋាការពិសេសទៀត

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ជនជាតិអាហ្វានីស្ថាន ៣៧៨នាក់ បានចុះចតនៅលើទឹកដីកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដោយសុវត្ថិភាពហើយ ខណៈជនជាតិអាហ្វានីស្ថាន ១៣នាក់ទៀតនឹងត្រូវហោះមកដល់កូរ៉េខាងត្បូងតាមជើងយន្តហោះពិសេសផ្សេងទៀត គ្រោងនឹងមកដល់ថ្ងៃសុក្រនេះ ក្រោយពីប្រទេសអាហ្គានីស្ថានត្រូវបានពួកតាលីបង់វាយយកបាន និងកាន់កាប់ប្រទេសទាំងមូលកាលពីសប្តាហ៍កន្លងទៅនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News និងសារព័ត៌មានក្នុងស្រុកកូរ់េជាច្រើនទៀត​ បានឱ្យដឹងថាកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ យន្តហោះយោធាដ៏ធំរបស់កូរ៉េខាងត្បូងម៉ូដែល KC-330 បានដឹកអ្នកជម្លៀសខ្លួនជាជនជាតិអាហ្គានីស្ថានជាច្រើននាក់ដល់ទៅ ៣៧៨នាក់ មកចុះចតនៅនឹងព្រលានយន្តហោះអ៊ីនឆន់ នៅម៉ោង៤:២៤នាទីរសៀល ក្រោយពីបានជម្លៀសខ្លួនពីប្រទេសរបស់ខ្លួន ដែលបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ ដែលកាលពីមុនត្រូវបានលោកខាងលិចតែងហៅថាជាពួកភេរវជន និងជាពួកឧទ្ទាមនៅអាហ្គានីស្ថាននោះ។ អ្នកដែលជម្លៀសខ្លួនទាំងអស់ គឺធ្វើការហោះហើរចេញពីប្រទេសប៉ាគីស្ថាននៅជាប់នឹងប្រទេសអាហ្វានីស្ថាន បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកូរ៉េខាងត្បូង។

ក្នុងនោះដែរ មានជនជាតិអាហ្វានីស្ថាន ១៣នាក់ផ្សេងទៀតនឹងត្រូវជន្លៀសចេញតាមយន្តហោះពិសេសផ្សេង១គ្រឿងទៀតនៅល្ងាចថ្ងៃព្រហស្បត្តិ៍ម៉ោង ៧ល្ងាច ហើយរំពឹងថានឹងមកដល់កូរ៉េខាងត្បូងនៅរសៀលថ្ងៃសុក្រនះផងដែរ បើតាមការបញ្ជាក់របស់ក្រសួងការបរទេសកូរ៉េដដែល ដែលការហោះហើរផ្សេងគ្នានេះ គឺដោយសារតែយន្តហោះជើងទី១ អស់កៅអី និងមានហេតុផលផ្សេងៗទៀត។ ក្រសួងបានបញ្ជាក់ថា ជនជាតិអាហ្វានីស្ថានដែលបានជន្លៀសខ្លួនពិសេសមកកាន់ប្រទេសកូរ៉េខាងត្បូង គឺដោយសារតែពួកគេជាបុគ្គលិកធ្វើការនៅក្នុងស្ថានទូតកូរ៉េខាងត្បូង ប្រចាំប្រទេសអាហ្វានីស្ថាននេះ រួមជាមួយនឹងក្រុមគ្រួសាររបស់ពួកគេទាំងអស់ សរុបចំនួន ៣៩១នាក់។

ក្នុងចំណោមអ្នកដែលជន្លៀសខ្លួនពីភ្លើងសង្គ្រាម មកកាន់ប្រទេសកូរ៉េខាងត្បូងដ៏សំណាងនេះ មានដូចជាបុគ្គលិកពេទ្យ អ្នកជំនាញការ អ្នកជំនាញបច្ចេកវិទ្យាអាយធី (IT) អ្នកបកប្រែភាសា ដែលទាំងអស់គ្នានោះធ្វើការនៅក្នុងស្ថានទូតកូរ៉េខាងត្បូង និងស្ថាប័នដទៃទៀតរបស់រដ្ឋាភិបាលកូរ៉េដូចជាការិយាល័យរបស់ទីភ្នាក់ងារជំនួយកូរ៉េ KOICA និងស្ថាប័នដទៃទៀតដែលស្ថិតក្រោមជំនួយរបស់កូរ៉េ នៅក្នុងប្រទេសអាហ្វានីស្ថាន។

អ្នកទាំងអស់នេះ ត្រូវបានជន្លៀសចេញពីទីក្រុងកាប៊ុល ប្រទេសអាហ្វានីស្ថាន មកកាន់ទីក្រុងអ៊ីស្លាម៉ាបាត របស់ប្រទេសប៉ាគីស្ថាននៅជាប់គ្នានោះ កាលពីថ្ងៃចន្ទ និងថ្ងៃពុធសប្តាហ៍នេះ មុននឹងហោះចេញពីទីក្រុងអ៊ីស្លាម៉ាបាតមកកាន់កូរ៉េខាងត្បូងផ្ទាល់នេះ។ អ្នកទាំងអស់នេះ មកកាន់កូរ៉េខាងត្បូងក្នុងនាមជា «បុគ្គលមានស្នាដៃពិសេស» មិនមែនជាជនភៀសខ្លួននោះទេ ហើយពួកគេនឹងបានទិដ្ឋាការ (វីសារ) រយៈពេលខ្លីសម្រាប់ស្នាក់នៅកូរ៉េ ដែលនឹងត្រូវប្តូរឱ្យទៅជាទិដ្ឋាការ (វីសារ) ស្នាក់នៅរយៈពេលវែង ដើម្បីអនុញ្ញាតឱ្យពួកគេអាចស្វែងរកការងារធ្វើបាននៅលើទឹកដីកូរ៉េខាងត្បូងតែម្តង។

មែនទែនទៅ ក្រោយពីពួកតាលីបង់បានវាយដាច់យកបានរដ្ឋធានីកាប៊ុល និងបានឡើងកាន់កាប់ប្រទេសទាំងស្រុងកាលពីសប្តាហ៍មុន ប្រទេសកូរ៉េបានបិទស្ថានទូតខ្លួនបណ្តោះអាសន្នសិន ហើយបញ្ជូនមន្ត្រីការទូតទៅកាន់ប្រទេសកាតាសិន ដោយសារតែស្ថានភាពសន្តិសុខក្នុងប្រទេសអាហ្វានីស្ថាន កាន់តែមានភាពគ្រោះថ្នាក់ ជាពិសេសក្រោយពីកងទ័ពអាម៉េរិកចាប់ផ្តើមដកទ័ពចេញដែរនោះ។ ក្រោយមកទើបប្រទេសកូរ៉េខាងត្បូង បានប្រកាសនូវបេសកកម្មយោធាពិសេសនេះ ឈ្មោះផ្លូវការថា «បេសកកម្មអភូតហេតុ» ដើម្បីរំដោះប្រជាជនអាហ្វានីស្ថាន ដែលស្ថិតក្នុងហានិភ័យសន្តិសុខនេះ ដែលកូរ៉េខាងត្បូងបានចាត់ទុកថាជាទំនួលខុសត្រូវផ្នែកសីលធម៌របស់ខ្លួន សម្រាប់បុគ្គលិកអាហ្វានីស្ថានដែលបានធ្វើការឱ្យប្រទេសកូរ៉េខាងត្បូងកន្លងមក។

យ៉ាងណាមិញ ក៏មានការលើកឡើងជាច្រើនអំពីវិធានការរដ្ឋាភិបាលក្នុងការផ្តល់ជូនដល់ប្រជាជនអាហ្វានីស្ថាន ដែលជន្លៀសខ្លួនទាំងអស់នេះផងដែរ ថាតើចំណាត់ការរដ្ឋាភិបាលអាចនឹងគ្រប់គ្រាន់ដែរឬទេ ជាពិសេសដោយសារតែរដ្ឋាភិបាលកូរ៉េខាងត្បូង កន្លងមកតែរងការរិះគន់ពីការអនុវត្តវិធានការផ្តល់ជូនទៅលើអ្នកភៀសខ្លួនក្នុងករណីពិសេសបែបនេះ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *