រដ្ឋាភិបាលកូរ៉េត្រៀមបញ្ចេញកញ្ចប់ប្រាក់រាប់ពាន់លានដុល្លារ ឧបត្ថម្ភអ្នករងគ្រោះពីកូវីដ ឱ្យបានមុនបុណ្យឈូសុកតែម្តង ហើយសាច់ ស៊ុត បន្លែនានាក៏ត្រៀមផ្គត់ផ្គង់មិនឱ្យខ្វះដែរ

កូរ៉េខាងត្បូង៖ កញ្ចប់ប្រាក់សុទ្ធ ជាប្រាក់ឧបត្ថម្ភពិសេសរបស់រដ្ឋាភិបាលកូរ៉េ ផ្តល់ជូនផ្ទាល់ទៅដល់ប្រជាជននៅកូរ៉េដែលរងគ្រោះក្នុងវិបត្តិនៃស្ថានការណ៍កូវីដ-១៩ នឹងអាចចាប់ផ្តើមទទួលបានចាប់ពីខែកញ្ញាខាងមុខនេះហើយ គឺមុនពិធីបុណ្យឈូសុកកូរ៉េតែម្តង នេះបើតាមការប្រកាសបញ្ជាក់របស់លោករដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា កញ្ចប់សាច់ប្រាក់សុទ្ធពិសេស ជាកញ្ចប់ឧបត្ថម្ភដល់អ្នកប៉ះពាល់ដោយកូវីដដល់ទៅចំនួន ១១ទ្រីលានវ៉ុន (ប្រមាណ៩.៤ពាន់លានដុល្លារ)នេះ នឹងត្រូវចាប់ផ្តើមផ្តល់ជូនដល់ប្រជាជននៅកូរ៉េឱ្យបានមុនថ្ងៃបុណ្យឈូសុក ជាបុណ្យប្រពៃណីដ៏ធំរបស់កូរ៉េដែលត្រូវចំថ្ងៃទី២០ ដល់ថ្ងៃទី២២ កញ្ញាខាងមុខតែម្តង។

ប្រាក់ឧបត្ថម្ភពិសេសនេះ គឺជាកញ្ចប់តូចមួយប៉ុណ្ណោះដកចេញពីកញ្ចប់ទឹកប្រាក់ពិសេសលើកទី២របស់រដ្ឋាភិបាលកូរ៉េដល់ទៅ ៣៤.៩ទ្រីលានវ៉ុន សម្រាប់ឆ្នាំនេះ។ ទឹកប្រាក់ជាង ១១ទ្រីលានវ៉ុននេះនឹងត្រូវរៀបចំជាសាច់ប្រាក់សុទ្ធ ប្រគល់ជូនផ្ទាល់ដល់ប្រជាជនកូរ៉េដែលស្ថិតក្នុងកម្រិតជីវភាពដែលមានចំណូលក្រោម៨៨% នៃប្រជាជនទាំងអស់។

មានន័យថា ក្នុងចំណោមប្រជាជនទូទៅនៅកូរ៉េទាំងអស់ ១០០% គឺប្រជាជនដែលមានចំណូលទាបជាងគេ ៨៨% នឹងអាចទទួលបានប្រាក់ឧបត្ថម្ភនេះផ្ទាល់ ហើយមានប្រជាជនដែលជីវភាពខ្ពស់ជាង១២% ប៉ុណ្ណោះដែលមិនមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភជាសាច់ប្រាក់សុទ្ធនេះ។ បើគិតជាសាច់ប្រាក់ដែលបុគ្គលម្នាក់ៗនឹងទទួលបានដល់គឺ ២៥ម៉ឺនវ៉ុន ដែលប្រាក់ទាំងនេះគឺដើម្បីអាចយកទៅសម្រាលជីវភាពរបស់ប្រជាជនផ្ទាល់។

កញ្ចប់ទឹកប្រាក់ឧបត្ថម្ភប្រភេទមួយផ្សេងទៀតចំនួនជាង ៤.២២ទ្រីលានវ៉ុន ជាផ្នែកនៃកញ្ចប់ទឹកប្រាក់ពិសេសលើកទី២របស់រដ្ឋាភិបាលកូរ៉េនេះ សម្រាប់ផ្តល់ទៅឱ្យបណ្តាអាជីវកម្មហាងរកស៊ីតូចតាច និងអ្នកធ្វើការខ្លួន​​ឯង ដែលប៉ះពាល់ដោយបញ្ហាកូវីដ ដើម្បីជួយសម្រាលបញ្ហាលំបាកក្នុងអាជីវកម្មពួកគាត់ ប្រមាណជាង៩០% ក៏នឹងត្រូវរៀបចំផ្តល់ជូនដល់អ្នកទទួលឱ្យបានមុនថ្ងៃបុណ្យឈូសុកដូចគ្នា។

ក្នុងនោះដែរ រដ្ឋាភិបាលកូរ៉េក៏គ្រោងនឹងសម្រួលផ្តល់ការពន្យារពេលសម្រាប់ការបង់ពន្ធ និងធានារ៉ាប់រងសង្គម និងថ្លៃចំណាយផ្សេងៗទៀតមួយចំនួនសម្រាប់បណ្តាអាជីវក​ម្មខ្នាតតូច និងមធ្យមនៅកូរ៉េផងដែរ ហើយអាចនឹងមានកញ្ចប់ទឹកប្រាក់ធំដល់ទៅ ៤១ទ្រីលានវ៉ុនទៀតសម្រាប់ជួយគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម។

ជាមួយគ្នានោះដែរ រដ្ឋាភិបាលក៏គ្រោងនឹងដាក់ចេញវិធានការផ្សេងៗមួយចំនួន សម្រាប់អាចសម្រួលធានាដល់ការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ និងរក្សាតម្លៃនៃបន្លែ ចំណីអាហារសំខាន់ៗក្នុងទីផ្សារ ដូចជាស៊ុត អង្ករ សាច់ជាច្រើនមុខទៀតផងដែរ ត្រៀមសម្រាប់បុណ្យឈប់សម្រាកឈូសុកខាងមុខនេះផងដែរ ដែលប្រជាជនទូទាំងប្រទេសនឹងឈប់សម្រាក ជួបជុំគ្រួសារទ្រង់ទ្រាយធំនោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *