មិនគួរឱ្យជឿ! ជាមធ្យម ជនពិការនៅកូរ៉េខាងត្បូង ធ្លាក់ខ្លួនរងគ្រោះក្នុងករណីបំពានផ្លូវភេទ ដល់ទៅច្រើនជាង២ករណីជារៀងរាល់ថ្ងៃ បើតាមរបាយការណ៍ប៉ូលិស

កូរ៉េខាងត្បូង៖ យ៉ាងហោចមានលើសពី២ករណីនៃការបំពានផ្លូវភេទ ជាបទល្មើសដែលបានកើតឡើងទៅលើជនដែលមានពិការភាពក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមរបាយការណ៍មួយដែលចេញដោយសមត្ថកិច្ចប៉ូលិសកូរ៉េនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមរយៈព័ត៌មាននេះបានឱ្យដឹងថា របាយការណ៍ដែលរៀបចំឡើងដោយស្ថាប័នប៉ូលិសកូរ៉េ ហើយបញ្ជូនទៅឱ្យសមាជិករដ្ឋសភាកូរ៉េខាងត្បូងមួយរូប បានបញ្ជាក់ថាក្នុងរយៈចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩កន្លងមកនេះ មានករណីល្មើសបំពានផ្លូវភេទដល់ទៅ ២,៤៣២ករណី ទៅលើជនពិការក្នុងប្រទេសកូរ៉េខាងត្បូង ដែលតួលេខនេះបើធៀបទៅនឹងចំនួនថ្ងៃសរុប គេអាចកំណត់បានថាក្នុងរយៈពេល៣ឆ្នាំនេះ មានករណីបំពានផ្លូវភេទលើសពី២ករណី កើតមានប្រចាំថ្ងៃ គឺមានដល់ទៅ២.២ករណី ជារៀងរាល់ថ្ងៃជាមធ្យម។

បើគិតពីឆ្នាំនីមួយៗវិញ គេឃើញថាឆ្នាំ២០១៧ មានករណីបទល្មើសផ្លូវភេទលើជនពិការនេះដល់ទៅ ៧៨៥ករណី ហើយឆ្នាំ២០១៨ មានករណីល្មើសដល់ទៅ ៨៤៣ករណី រីឯឆ្នាំ២០១៩វិញមានករណីល្មើសដល់ទៅ៨០៤ករណី។ ហើយក្នុងចំណោមករណីបទល្មើសផ្លូវភេទដល់ទៅ ២,៤៣២ករណី ទៅលើជនពិការនេះ មានដល់ទៅ៩២.១% គឺពាក់ព័ន្ធទៅនឹងអ្នករងគ្រោះជនពិការជាស្រ្តី។ ចំណែកឯករណីដែលកើតឡើងទៅជនពិការដែលជាបុរសវិញមានត្រឹមតែ ១៦០ករណីប៉ុណ្ណោះ ហើយមានករណីចំនួន៣០ករណីទៀត ភេទរបស់ជនរងគ្រោះមិនត្រូវបានបញ្ចេញឱ្យដឹង។

របាយការណ៍ដដែលនេះបានបញ្ជាកឱ្យដឹងដែលថា ករណីបទល្មើសលើជនពិការភាគច្រើនគឺសំដៅលើជនរងគ្រោះដែលមានវ័យក្មេង គឺលើសពីពាក់កណ្តាលនៃករណីកើតឡើងទាំងអស់។ អ្នករងគ្រោះក្នុងអាយុខ្ទង់២០ឆ្នាំមានចំនួន៧៣៨ករណី ហើយអ្នកដែលរងគ្រោះ មិនទាន់គ្រប់អាយុមានដល់ទៅ៥៨២ករណីផងដែរ ប្រមាណដល់ទៅ ២៣.៩%។ ជនរងគ្រោះអាយុខ្ទង់៣០ឆ្នាំ មានចំនួន ៤២២ករណី ៤០ឆ្នាំ មាន៣០៣ករណី និង៥០ឆ្នាំមានចំនួន ២៤៨ករណី។

របាយការណ៍ក៏បានបញ្ជាក់ថា ចំពោះករណីបំពានដែលកើត​មានឡើងនេះ គឺភាគច្រើនកើតឡើងនៅក្នុងបរិវេណផ្ទះតែម្តង ហើយក៏មាននៅតាមទីតាំងទូទៅជាច្រើនទៀតដូចជានៅតាមដងផ្លូវ នៅនឹងស្ថានីយ៍រថភ្លើងជាដើម។

សមាជិករដ្ឋសភាកូរ៉េ ដែលទទួលបានរបាយការណ៍បានលើកឡើងពីតម្រូវការឱ្យមានវិធានការដោះស្រាយលើបញ្ហានេះជាដាច់ខាត ហើយលោកបានរំលឹកពីរឿងកូរ៉េខាងត្បូងមួយចំណងជើងថា «Silenced» ដែលបានផ្ទុះល្បីខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងតាំងពីជាង១០ឆ្នាំមុន ដែលរឿងនេះនិយាយព្រឹត្តិការណ៍ពិតមួយ ដែលមានជនរងគ្រោះជាសិស្សដែលមានអាការៈគរ នៅនឹងសាលារៀនពិសេសសម្រាប់ជនពិការមួយ ត្រូវបានគ្រូបង្រៀន និងបុគ្គលិកនៅសាលានោះបំពារបំពានផ្លូវភេទជាបន្តបន្ទាប់អស់រយៈពេលជាង៤ឆ្នាំ។ លោកសមាជិករដ្ឋសភាលើកឡើងថារឿងមួយនេះបានធ្វើឱ្យសង្គមកូរ៉េមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីតថភាពនៃអ្នករងគ្រោះជាជនពិការ តែមកដល់ពេលនេះជាង១០ឆ្នាំក្រោយមក ករណីបំពានផ្លូវភេទលើជនពិការនៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃដដែល។

 

Leave a Reply

Your email address will not be published. Required fields are marked *