រត់ការមួយក្បាច់នេះ នាំជនជាតិវៀតណាមបន្លំចូលមកកូរ៉េខាងត្បូងខុសច្បាប់បានច្រើននាក់ ឥឡូវត្រូវប៉ូលិសកូរ៉េ ចុះទៅចាប់ដល់វៀតណាមតែម្តង បានមេខ្លោងរត់ការកូរ៉េម្នាក់

កូរ៉េខាងត្បូង៖ សមត្ថកិច្ចប៉ូលិសកូរ៉េខាងត្បូងបានសហការជាមួយអជ្ញាធរមូលដ្ឋាននៅនឹងប្រទេសវៀតណាម ដើម្បីចុះទៅចាប់អ្នករត់ការខុសច្បាប់នៅវៀតណាម ដែលកន្លងមកបានរត់ការបន្លំឯកសារនានា ដើម្បីបានទិដ្ឋាការនាំយកជនជាតិវៀតណាមចូលទៅប្រទេសកូរ៉េខាងត្បូងជាច្រើននាក់ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃពុធនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន បាន​ឱ្យដឹងថា ប៉ូលិសកូរ៉េខាងត្បូងបានចុះទៅឃាត់ខ្លួនបានបុរសជាជនល្មើសឈ្មួញរត់ការបន្លំឯកសារខុសច្បាប់ ជាជនជាតិកូរ៉េខាងត្បូងម្នាក់អាយុ៥២ឆ្នាំ ឈ្មោះថា គីម នៅក្នុងប្រទេសវៀតណាមតែម្តង ដោយបានសហការជាមួយនឹងអជ្ញាធរមូលដ្ឋានរបស់វៀតណាមកាលពីថ្ងៃទី១៧ កក្កដា កន្លងមក។ ក្រោយពីបានឃាត់ខ្លួននៅនឹងប្រទេសវៀតណាមផ្ទាល់រួចមក បុរសជាជនរត់ការខុសច្បាប់នេះត្រូវបានគេបញ្ជូនមកកាន់ប្រទេសកូរ៉េខាងត្បូងវិញ ៤ថ្ងៃក្រោយមក បើតាមការបញ្ជាក់របស់ប៉ូលិស។ បុរសរូបនេះក៏ស្ថិតក្នុងបញ្ជីតាមឃាត់ខ្លួនរបស់ប៉ូលិសអន្តរជាតិ អាំងទែប៉ូលផងដែរ។

បុរសរូបនេះត្រូវបានចោទប្រកាន់ពីបទរៀបចំឯកសារក្លែងក្លាយ ទំរង់ជាលិខិតអញ្ជើញក្លែងក្លាយរបស់ក្រុមហ៊ុននៅកូរ៉េ ដើម្បីអាចជួយរត់ការសុំទិដ្ឋាការឱ្យជនជាតិវៀតណាមដល់ទៅ២២នាក់ អាចធ្វើដំណើរចូលទៅប្រទេសកូរ៉េខាងត្បូងបានតាមរយៈ ការស្នើសុំបានទិដ្ឋាការរយៈពេលខ្លី អាស្រ័យទៅតាមលិខិតអញ្ជើញក្លែងក្លាយនោះឯង ដោយករណីទាំងអស់នេះបានកើតឡើងអំឡុងកាលពីខែសីហា ២០១៧ ដល់ខែមករា ២០១៨។

ក្នុងចំណោមជនជាតិវៀតណាម២២នាក់ដែលគេរកឃើញថារត់ការសុំទិដ្ឋាការដើម្បីចូលទៅប្រទេសកូរ៉េខាងត្បូង តាមការរៀបចំលិខិតអញ្ជើញក្លែងក្លាយនេះ អជ្ញាធរកំណត់បានថាមាន១៨នាក់ទៀតបានធ្វើដំណើរចូលមកកូរ៉េខាងត្បូងដោយជោគជ័យ ហើយមកដល់ពេលនេះសមត្ថកិច្ចកូរ៉េមិនទាន់បានកំណត់ពីអត្តសញ្ញាណ និងទីកន្លែងរបស់ជនជាតិវៀតណាមទាំងនោះនៅក្នុងប្រទេសកូរ៉េខាងត្បូងបាននៅឡើយទេ។

បុរសជាជនល្មើសឈ្មួញរត់ការឯកសារឈ្មោះ គីម ត្រូវបានស្ថាប័នសមត្ថកិច្ចប៉ូលិសក្រុងប៊ូសានធ្វើការស៊ើបអង្កេតបន្ត ហើយកំពុងបញ្ជូនសំណុំរឿងឡើងទៅកាន់រដ្ឋអជ្ញា ដោយមានផ្តល់អនុសាសន៍ជូនអំពីបទល្មើសដែលគាត់បានប្រព្រឹត្តិបំពាន គឺបទល្មើសច្បាប់អន្តោប្រវេសន៍កូរ៉េ។ នៅមុនពេលដែលគាត់ត្រូវបានឃាត់ខ្លួន ប៉ូលិសបានចាប់និងឃាត់ខ្លួនបក្សពួកល្មើសដទៃទៀតជាមួយគាត់ដល់ទៅ ៩នាក់ផងដែរ និងបានបញ្ជូនករណីទាំងនោះដល់តុលាការ ហើយក្នុងនោះក្រោយមក មានម្នាក់បានបាត់បង់ជីវិត។

Leave a Reply

Your email address will not be published. Required fields are marked *