ចែករំលែក! បងប្អូនខ្មែរយើងនៅកូរ៉េ មានកូនខ្មែរកាត់កូរ៉េ ហើយចង់ឱ្យកូនបានរៀនភាសាខ្មែរយើង អាចចុះឈ្មោះវគ្គសិក្សាពិសេសនេះបានពីសាកលវិទ្យាល័យភាសាប៊ូសាន ទទួលសិស្សដំបូងត្រឹម១៥នាក់ទេ!!

កូរ៉េខាងត្បូង៖ បងប្អូនខ្មែរយើង ដែលមានកូនតូចកាត់ខ្មែរ-កូរ៉េ ចាប់ពីអាយុ ១២ឆ្នាំឡើង អាចចុះឈ្មោះរៀនវគ្គពិសេសលើភាសាខ្មែរនេះ បានដោយមិនគិតថ្លៃ បើតាមការចែករំលែកឱ្យបានដឹងពីសំណាក់លោកអនុព័ន្ធការងារប្រចាំនៅប្រទេសកូរ៉េ លើទំព័រហ្វេសប៊ុករបស់គាត់ផ្ទាល់។

ក្នុងការចែករំលែកនោះ លោកអនុព័ន្ធបានរៀបរាប់ថា កន្លងទៅលោកបានជួបពិភាក្សាជាមួយលោកសាកលវិទ្យាធិការ និងលោកសាស្រ្តាចារ្យ Yangsoo Bae នៅក្នុងកិច្ចប្រជុំអន្ដរជាតិមួយ ហើយបន្ទាប់មក លោកសាស្ត្រាចារ្យក៏បានទំនាក់ទំនងមកកាន់គាត់ តាមរយៈសារអេឡិកត្រូនិក ដើម្បីស្នើឱ្យជួយសម្របសម្រួលការងារមួយចំនួន។ ក្រោមការជួយសម្របសម្រួលនោះ លោកបានបញ្ជាក់ថា លោកបានមើលឃើញពីបញ្ហាប្រឈមលំបាកក្នុងការរៀនភាសាខ្មែរនៅប្រទេសកូរ៉េរបស់កូនខ្មែរកាត់កូរ៉េ ដែលគាត់មិនសូវចេះនិយាយភាសាខ្មែរនោះទេ។

ដូចនេះហើយ ទើបឥលូវនេះ លោកអនុព័ន្ធការងារក្នុងនាមឱ្យស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានសម្របសម្រួលជាមួយសាកលវិទ្យាល័យភាសាបរទេសប៊ូសាន ក្នុងការបង្កើតថ្នាក់រៀនភាសាខ្មែរមួយ ទៅដល់បងប្អូនខ្មែរយើងដែលមានកូនខ្មែរកាត់កូរ៉េ ចាប់ពីអាយុ ១២ឆ្នាំឡើង អាចចុះឈ្មោះចូលរៀនបាន។

វគ្គសិក្សាពិសេសភាសាខ្មែរនេះ អាចចុះឈ្មោះបានចាប់ពីថ្ងៃទី ១៧ ខែសីហា ដល់ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈគេហទំព័រ៖ http://www.ach.or.kr ឬទំនាក់ទំនងទៅលោកគ្រូ Sun Samnang ដែលជាគ្រូបង្រៀនផ្ទាល់ដែលសព្វថ្ងៃ គាត់កំពុងសិក្សាថ្នាក់បណ្ឌិតជាភាសាកូរ៉េ តាមរយៈទូរស័ព្ទលេខ៖ 01030499168។សូមបញ្ជាក់ថា វគ្គសិក្សាពិសេសនេះគឺមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សាទេ។

សម្រាប់ ជំហានដំបូង វគ្គសិក្សាពិសេសនេះនឹងទទួលយកសិស្សត្រឹមតែ១៥នាក់សិន ហើយបើសិនជាមានការគាំទ្រច្រើន យើងនឹងស្នើសុំបង្កើតឲ្យបានច្រើនទៀត។ ការសិក្សាគឺអាចតាមអនឡាញ និងផ្ទាល់បាន (សម្រាប់បងប្អូនតំបន់ប៊ូសាន រៀន​ផ្ទាល់​ នៅ​ ថ្ងៃចន័្ទ​ នៅ​ 아세안문화원 (មជ្ឈមណ្ឌល​វប្បធម៍អាសាន​ )​ ហេអុនដេរ​ ម៉ោង​ ៧ល្ងាច ដល់៩យប់​ ថ្ងៃពុធ​ នៅសាកលវិទ្យាល័យ​ 부산외국어대학교 ម៉ោង៧យប់ដល់ម៉ោង​ ៩) និងចូលរៀន​ថ្ងៃទី​ ៦ខែកញ្ញាខាងមុខនេះ រហូតដល់ថ្ងៃទី ១ខែធ្នូខាងមុខ។

ដូចនេះ បងប្អូនខ្មែរយើងដែលមានកូនខ្មែរកាត់កូរ៉េ ចាប់ពីអាយុ ១២ឆ្នាំឡើង ហើយចាប់អារម្មណ៍ចង់ឱ្យកូនខ្លួនអាចទទួលបានចំណេះដឹងបន្ថែមពីភាសាដើមកំណើតជាតិរបស់យើង សូមអញ្ជើញចុះឈ្មោះតាមព័ត៌មានខាងលើ។

Leave a Reply

Your email address will not be published. Required fields are marked *