កូរ៉េខាងត្បូង៖ ប៉ូលិសកូរ៉េខាងត្បូងម្នាក់ កំពុងត្រូវសមត្ថកិច្ចធ្វើការស៊ើបការអង្កេតពាក់ព័ន្ធករណីដែលគាត់បានធ្វើសកម្មភាពរួមភេទ ឬរំលោភលើក្មេងជំទង់ភេទដូចគ្នាម្នាក់ ដែលស្គាល់គ្នាតាមអ៊ីនធើណែត ហើយសំខាន់គឺមិនទាន់គ្រប់អាយុទៀត ដែលករណីនេះក្រោយពីបែកខ្ទរខ្ទារភ្លាម គេសង្ស័យថាអាចមានពាក់ព័ន្ធនឹងជនសង្ស័យជាបុរសផ្សេងៗជាច្រើនផងដែរ។
ចុះផ្សាយក្នុងសារព័ត៌មាន Naver News របស់កូរ៉េបានឱ្យដឹងថាករណីនេះកើតឡើងនៅនឹងខេត្តឃ្យ៉ុងណាម ហើយប៉ូលិសនៃខេត្តឃ្យ៉ុងណាមបានធ្វើការប្រកាសករណីនេះកាលពីថ្ងៃអង្គារទី២៤ សីហាម្សិលមិញនេះ ថាស្ថាប័នខ្លួនកំពុងបើកការស៊ើបអង្កេតលើករណីនាយប៉ូលិសមួយរូបអាយុជាង៣០ឆ្នាំ ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភលើក្មេងមិនទាន់គ្រប់អាយុ។ ប៉ូលិសដែលត្រូវក្លាយខ្លួនជាជនសង្ស័យនេះ ត្រូវរងការចោទប្រកាន់ថាបានរួមភេទជាមួយក្មេងប្រុសម្នាក់ភេទដូចគ្នាដល់ទៅ២ដង នៅសណ្ឋាគារកាលពីឆ្នាំមុនខែកក្កដា និងខែសីហា។ ក្មេងប្រុសដែលជាប់ពាក់ព័ន្ធក្នុងករណីស៊ើបអង្កេតនេះ ត្រូវរាយការណ៍បានស្គាល់គ្នាជាមួយប៉ូលិសជាជនសង្ស័យនេះតាមប្រព័ន្ធបណ្តាញសង្គម។
បើតាមការស៊ើបអង្កេត លោកប៉ូលិសជាជនសង្ស័យនេះបានបញ្ជាក់ផងដែរថាខ្លួនពិតជាបានប្រព្រឹត្តិដូចការចោទប្រកាន់មែន តែក៏បានបញ្ជាក់ក្នុងគោលបំណងការពារភាពស្អាតស្អំខ្លួនថា នៅពេលប្រព្រឹត្តអំពើនោះ គឺខ្លួនមិនបានដឹងក្មេងនោះមិនទាន់គ្រប់អាយុនោះទេ។ បើតាមជនសង្ស័យនេះទៀត គាត់បានលើកឡើងថា មែនទែនទៅក្មេងប្រុសមិនទាន់គ្រប់អាយុនោះមិនមែនតែធ្លាប់រួមភេទជាមួយគាត់ម្នាក់នោះទេ តែក៏ធ្លាប់រួមភេទជាមួយបុរសដទៃទៀតផងដែរ។ ករណីនេះត្រូវបានរាយការណ៍ និងចាប់ផ្តើមស៊ើបអង្កេតកាលពីខែឧសភាថ្មីៗនេះមក។
ក្នុងករណីស៊ើបអង្កេតនេះ សមត្ថកិច្ចក៏កំពុងពិនិត្យមើលថាតើក្មេងប្រុសមិនទាន់គ្រប់អាយុ ដែលពាក់ព័ន្ធក្នុងករណីនេះមានធ្លាប់ដែលបានទទួលប្រាក់ក្រោយពីបានប្រព្រឹត្តិអំពើបែបនេះជាមួយមនុស្សដទៃទៀតនោះទេ ដែលការពិនិត្យឃើញបែបណាទៀតនោះ អាចនឹងក្លាយជាភស្តុតាងបន្តបន្ទាប់ទៀតសម្រាប់បំភ្លឺដល់ករណីមួយនេះ។
សម្រាប់ករណីពាក់ព័ន្ធនឹងសមាជិករបស់ខ្លួនបែបនេះ អធិការដ្ឋានប៉ូលិសនៃខេត្តឃ្យ៉ុងណាមគ្រោងនឹងបណ្តេញជនសង្ស័យនេះចេញពីការងារជាប៉ូលិសតែម្តង ហើយអាចនឹងដាក់ពិន័យរដ្ឋបាលដទៃទៀតដោយផ្អែកទៅលើលទ្ធផលនៃការស៊ើបអង្កេតផងដែរ ហើយប្រសិនបើរកឃើញពិតជាមានការបំពានមែននោះ អាចនឹងទទួលការពិន័យធ្ងន់ធ្ងរតែម្តង។