ប្រយ័ត្នផងបងប្អូនខ្មែរ! កូវីដឆ្លងនៅកូរ៉េខាងត្បូងកាន់តែច្រើន អត្រាឆ្លងលើបរទេស ក៏កើនខ្លាំងផងដែរ ! សប្តាហ៍មុននេះ ជនបរទេសនៅកូរ៉េឆ្លងកូវីដច្រើនណាស់ កើនដល់ទៅ

កូរ៉េខាងត្បូង៖ ​មួយសប្តាហ៍ចុងក្រោយនេះ អ្នកឆ្លងកូវីដនៅកូរ៉េខាងត្បូងជាជនបរទេសបានឃើញាការកើនឡើងយ៉ាងខ្លាំង ធៀបទៅនឹងចំនួនករណីកូវីដសរុបក្នុងប្រទេសកូរ៉េខាងត្បូង ជាការបារម្ភថ្មីមួយទៀតអជ្ញាធរសុខាភិបាលថាអាចជាបណ្តុំនៃហានិភ័យខ្លាំង និងកំពុងតែតាមដាន និងរិះរកវិធានការដើម្បីអាចទប់ស្កាត់ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមទិន្នន័យផ្តល់ដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA) បានឱ្យដឹងថាក្នុងសប្តាហ៍ទី៣ នៃខែសីហាមុននេះ ពីថ្ងៃទី១៦សីហា ដល់ថ្ងៃទី២២សីហា មានករណីជនបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូងកើតជំងឺកូវីដដល់ទៅ ១,៦៦៥ករណីឯណោះ ដែលមានដល់ទៅចំនួន ១៣.៦% ក្នុងចំណោមអ្នកជំងឺដែលរកឃើញវិជ្ជមានកូវីដទាំងអស់ក្នុងប្រទេសកូរ៉េខាងត្បូង នាអំឡុងពេលនេះ។ មែនទែនទៅ តួលេខនេះឃើញថាមានការកើនឡើងច្រើនខ្លាំង ធៀបទៅនឹងតួលេខជនបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូងកើតជំងឺកូវីដ កាលពីសប្តាហ៍កន្លងទៅមុននេះ ដែលកាលពីសប្តាហ៍ទី២នៃខែសីហាកន្លងទៅ មានត្រឹមតែ ១,៣៧៩ករណីប៉ុណ្ណោះ។ តួលេខនេះបង្ហាញកំណើនដល់ទៅជាង ២០.៧% ឯណោះ។

តួលេខនេះបើធៀបទៅនឹងចំនួនចំនួនប្រជាជនបរទេសដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺខ្ពស់ខ្លាំងមែនទែនដោយនៅកូរ៉េខាងត្បូងមានអត្រាជនបរទេសរស់នៅត្រឹមតែ ៣​​.៨% ប៉ុណ្ណោះ តែបើធៀបទៅនឹងតួលេខអ្នកឆ្លងកូវីដជាជនបរទេសវិញ មានដល់ទៅ១៣.៦% គឺមានន័យថាសហគមន៍ជនបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ននេះមានអត្រាឆ្លងកូវីដខ្លាំងមែនទែន។

ក្នុងនោះដែរ តួលេខបានឱ្យដឹងថា ក្នុងចំណោមជនបរទេសដែលបានឆ្លងកូវីដកាលពីសប្តាហ៍មុននេះ មានដល់ទៅ១,១៧១ករណី គឺស្ថិតនៅក្នុងក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់ ប្រមាណដល់ទៅ៧០.៣% ខណៈតំបន់នានាដទៃទៀតទូទាំងប្រទេសមានជនបរទេសឆ្លងត្រឹមតែក្បែរ ៥០០នាក់ជាងប៉ុណ្ណោះ។ ក្នុងនោះដែរ គួរឱ្យកត់សម្គាល់ជាងគេ គឺនៅក្រុងសេជុង ដែលជាក្រុងរដ្ឋបាលធំរបស់កូរ៉េខាងត្បូង គេឃើញក្នុងសប្តាហ៍មុននេះ មានជនបរទេសឆ្លងកូវីដដល់ទៅ ១៦នាក់ឯណោះ គឺប្រមាណសឹងតែក្បែរពាក់កណ្តាលនៃចំនួនករណីឆ្លងកូវីដសរុបក្នុងតំបន់នេះ។

ជាមួយនឹងតួលេខនេះ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា ករណីឆ្លងក្នុងចំណោមសហគមន៍ជនបរទេសនៅកូរ៉េ មានហានិភ័យ និងមានអត្រាឆ្លងខ្ពស់ផងដែរ ដោយកន្លែងខ្លះករណីឆ្លងសរុបក្នុងតំបន់ទាំងមូល មានដល់ទៅ១ ក្នុង៣នាក់នៃអ្នកវិជ្ជមានកូវីដទៅហើយជាជនបរទេស។ លោកនាយករដ្ឋមន្ត្រីបានណែនាំអជ្ញាធរសុខាភិបាល ឱ្យពង្រីកវិសាលភាពធ្វើតេស្តទៅដល់តំបន់ខេត្តក្រុងណាដែលមានបណ្តុំជនបរទេសរស់នៅច្រើន គឺឱ្យបានកាន់តែទូលំទូលាយផងដែរ។

កន្លងមករហូត អជ្ញាធរសុខាភិបាលកូរ៉េតែងតែអំពាវនាឱ្យសហគមន៍ជនបរទេសនៅកូរ៉េ ទៅធ្វើតេស្តកូវីដជាបន្ត​បន្ទាប់ដោយការធ្វើតេស្តមិនគិតថ្លៃ ហើយមិនត្រូវព័ត៌មានផ្ទាល់ខ្លួន និងត្រូវទិដ្ឋាការ ឬឯកសារអ្វីដែលអាចបញ្ជាក់ពីភាពស្របច្បាប់ឬអត់នោះទេ ដែលនេះជាការដាក់ចេញវិធានការជំរុញឱ្យជនបរទេស រួមទាំងអ្នកខុសច្បាប់ផងអាចទៅធ្វើតេស្តកូវីដបានដោយមិនបាច់ភ័យខ្លាចបញ្ហាផ្លូវច្បាប់នោះឡើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *